ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងធនធានទឹក អញ្ជើញបើកវេទិកាទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ (ASEANCOF-24) ក្រោមប្រធានបទ «រលកកម្ដៅ និងសុខភាព»
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ នេះ នៅសណ្ឋាគារសាន់&មូន ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ (ASEANCOF-24) ដែលរួមមានវគ្គបណ្ដុះបណ្តាល និងកិច្ចប្រជុំបច្ចេកទេសស្តីពីវិទ្យាសាស្ត្រអាកាសធាតុ ដោយផ្តោតលើរលកកម្ដៅ និងសុខភាព។

សូមជម្រាបថា វេទិកាទស្សនវិស័យឧតុនិយមអាស៊ានលើកទី២៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនេះ មានការចូលរួមពី គណៈប្រតិភូតំណាងអង្គការឧតុនិយមពិភពលោក (WMO) មជ្ឈមណ្ឌលឯកទេសឧតុនិយមអាស៊ាន(ASMC) អង្គការប្រព័ន្ធជូនដំណឹងជាមុនក្នុងតំបន់សមាហរណកម្មពហុមហន្តរាយ(RIMES) ការិយាល័យឧតុនិយមចក្រភពអង់គ្លេស(UKMO) ព្រមទាំងគណៈប្រតិភូបណ្តាប្រទេសអាស៊ានទាំង១១ ជាច្រើនរូប ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូផងដែរ។
ថ្លែងក្នុងឱកាសបើកវេទិកា ឯកឧត្តមរដ្ឋមន្ត្រីបានប្រសាសន៍លើកឡើងពីសារសំខាន់នៃការស្រាវជ្រាវនិងការសិក្សាអំពីអាកាសធាតុ និងការស្វែងរកមូលហេតុឫសគល់នៃបាតុភូតធម្មជាតិ ដើម្បីដោះស្រាយជាមួយនឹងគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុរយៈពេលវែង និងបញ្ហាប្រឈមជាច្រើនពីគ្រោះមហន្តរាយធម្មជាតិដូចជា ព្យុះត្រូពិក ខ្យល់កន្ត្រាក់ ផ្គររន្ទះ ទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងកម្ពស់ទឹកសមុទ្រជាដើម។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរទិន្នន័យ បច្ចេកវិទ្យា និងចំណេះដឹង សម្រាប់ដោះស្រាយបញ្ហាប្រឈមនឹងអាកាសធាតុ ដែលធ្វើឱ្យការព្យាករបានត្រឹមត្រូវជាងមុន ការយល់ដឹងកាន់តែប្រសើរឡើងអំពីការប្រែប្រួលអាកាសធាតុ និងការឆ្លើយតបដោយសមស្របចំពោះបាតុភូតធម្មជាតិនានា ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍សង្កត់ធ្ងន់ថា បម្រែបម្រួលអាកាសធាតុគឺជាកង្វល់ដ៏ធំមួយ ហើយដែលមានការទាក់ទងដោយផ្ទាល់ទៅនឹងការអភិវឌ្ឍទីក្រុង កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ជាពិសេសបានបង្កការរំខាន និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ពហុវិស័យ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា វេទិកាទស្សនវិស័យអាកាសធាតុអាស៊ានលើកទី២៤ នឹងទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ដើម្បីជាមូលដ្ឋាន និងជាជំហាន ក្នុងការអភិវឌ្ឍផែនការយុទ្ធសាស្រ្តជាក់ស្តែងសម្រាប់គ្រប់វិស័យពាក់ព័ន្ធ និងពហុភាគី ហើយអាចលើកកម្ពស់ចំណេះដឹង និងសមត្ថភាពក្នុងវិទ្យាសាស្ត្រអាកាសធាតុ ការប្រែប្រួលអាកាសធាតុ និងការបន្សាំអាកាសធាតុ៕









-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ