ព័ត៌មាន
មហាសន្និបាតនៃវេទិកា AFPPD សមាជិកសភា ប្តេជ្ញាខិតខំជំរុញយន្តការសភាបន្ថែមទៀតឆ្លើយតបទៅនឹងបញ្ហាប្រជាជនឱ្យមានប្រសិទ្ធភាព
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃវេទិកាសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
នៅក្នុងកិច្ចពិភាក្សានៃមហាសន្និបាត AFPPD សមាជិកសភា និងអង្គការដៃគូនៃវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជននិងការអភិវឌ្ឍចំនួន២៣ប្រទេស ប្រមាណជិត១០០រូប បានប្តេជ្ញាចិត្តពង្រឹង និងលើកកម្ពស់យន្តការសភាក្នុងការអនុវត្តបេសកកម្មរបស់ខ្លួនទៅលើសសរស្តម្ភទាំង៤របស់ AFPPD រួមមាន ១)សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី ២)ការវិនិយោគលើយុវជន ៣)មនុស្សចាស់សកម្ម និង៤)ការប្រែប្រួលអាកាសធាតុ។
នៅក្នុងបរិបទនេះ ប្រទេសជាសមាជិកមួយចំនួនបានលើកឡើងអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៅក្នុងការជំរុញផែនការសកម្មភាពទៅតាមសសរស្តម្ភនីមួយៗ ជាអាទិ៍ ប្រទេសតាហ្សីគីស្តង់ បានលើកឡើងអំពីស្ថានភាពទូទៅនៃ សមភាពយេនឌ័រនិងជំនួយផ្នែកច្បាប់ ទាក់ទងនឹងការទប់ស្កាត់អំពើហិង្សាលើស្រ្តី ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់សភាក្នុងការលើកកម្ពស់សុខភាពស្រ្តី តាមរយៈការអនុម័តច្បាប់នានាការដាក់ចេញនូវកម្មវិធីសកម្មភាពដែលឆ្លើយតប ព្រមទាំងការតស៊ូមតិនៅតាមវេទិកាសាធារណៈ។
ចំណែកប្រទេសនេប៉ាល់វិញ បានលើកឡើងអំពីបញ្ហាយុវជន សុខភាព និងការងារ ដែលតម្រូវឱ្យមានការ វិនិយោគបន្ថែមទៀតទៅលើការផ្សព្វផ្សាយអំពីសិទ្ធិនិងសុខភាពបន្តពូជរបស់យុវជន ព្រមទាំងកម្មវិធីអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ការច្នៃប្រឌិតប្រកបដោយចីរភាព និងការលើកកម្ពស់សមត្ថភាពស្ថាប័នផងដែរ។
ស្របពេលជាមួយគ្នាដែរ សភានៃប្រទេសមួយចំនួនទៀតបានលើកឡើងអំពីបញ្ហាប្រឈមនៃតំហែទាំសុខភាព ជាមួយនឹងយុទ្ធសាស្រ្តលើកកម្ពស់សុខភាពមនុស្សចាស់ ពង្រឹងក្របខ័ណ្ឌច្បាប់ ធ្វើឱ្យប្រសើរឡើងនូវការចូលរួមរបស់មនុស្សចាស់នៅក្នុងសហគមន៍ ព្រមទាំងជំរុញសកម្មភាពមនុស្សចាស់សកម្មតាមយៈការបណ្តុះបណ្តាលជំនាញឡើងវិញដល់មនុស្សចាស់ជាដើម។
ជាចុងក្រោយសភានៃបណ្តាប្រទេសនៅតំបន់ប៉ាស៊ីហ្វិកបានលើកឡើងអំពីវិបត្តិនៃការប្រែប្រួលអាកាសធាតុដែលធ្វើឱ្យជះឥទ្ធិពលអវិជ្ជមានទៅលើជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសក្រុមជនងាយរងគ្រោះ រួមទាំងស្រ្តី និងក្មេងស្រី អ្នករស់នៅដាច់ស្រយាល តាមតំបន់ព្រៃភ្នំ។ លើសពីនេះ បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ សុខភាពប្រជាជន ការសិក្សាអប់រំ និងសេដ្ឋកិច្ចនៃបណ្តាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកយ៉ាង សម្បើម។ ដូច្នេះសភាត្រូវធ្វើការសហការយ៉ាងជិតស្និតជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ព្រមទាំងដៃគូដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមអាកាសធាតុ ដើម្បីថែរក្សាភពផែនដីសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។
មុននឹងបិទបញ្ចប់អង្គមហាសន្និបាត សមាជិកសភាទាំង២៣ប្រទេសដែលមានវត្តមាននៅកិច្ចប្រជុំ បាន ប្តេជ្ញាចិត្តនឹងខិតខំជំរុញរបៀបវារៈ នៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ (ICPD) ឱ្យសម្រេចបានតាមគោលដៅ សំដៅធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពប្រជាជនទាំងក្នុងតំបន់ និងសកលលោក៕





-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ