ព័ត៌មាន
កម្ពុជា-រុស្ស៊ី ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥- ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសហព័ន្ធរុស្ស៊ី បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស (IGC) នៅថ្ងៃនេះ តាមរយៈប្រព័ន្ធវីដេអូ។ គណៈប្រតិភូកម្ពុជា រួមមានតំណាង ជាន់ខ្ពស់មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធសំខាន់ៗ ផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី បាន ជំរុញឱ្យមានការពន្លឿន និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង/អនុស្សរណៈ ដែលបានចុះហត្ថ លេខា ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីវិស័យ សំខាន់ៗចំនួនបីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ៖
លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញថ្នាក់ដឹកនាំធុរកិច្ច សហគ្រិន និងអ្នកវិនិយោគរុស្ស៊ី មកស្វែងយល់ទីផ្សារកម្ពុជា ជាពិសេសក្នុងវិស័យដូចជាកសិកម្ម និង ផលិតផលម្ហូបអាហារ។ ដើម្បីជំរុញឱ្យមានការទំនាក់ទំនងរវាងវិស័យធុរកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យភាគីទាំងពីរពិចារណារៀបចំវេទិកាធុរកិច្ច ឬពិព័រណ៍រួមគ្នា ដើម្បីជាវេទិកាសម្រាប់ការភ្ជាប់ទំនាក់ ទំនង ការផ្គូផ្គង និងការធ្វើអាជីវកម្មរួម។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងឧស្សាហកម្ម ឯកឧត្តមសហប្រធានរបស់កម្ពុជា បានស្វាគមន៍ចំពោះបំណងរបស់រុស្ស៊ី ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗទាំងនេះ ហើយបានគូសបញ្ជាក់ថា ប្រទេសទាំងពីរអាចបង្កើនភាពជាដៃគូដែលមានស្រាប់ ដើម្បីប្រែក្លាយវិស័យ ទាំងនេះទៅជាក្បាលម៉ាស៊ីននៃវិបុលភាពរួមគ្នាយូរអង្វែង។
លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់រុស្ស៊ីដល់ដំណើរការអភិវឌ្ឍន៍នៅកម្ពុជា និង សម្រាប់អាហារូបករណ៍ដែលបានផ្តល់ជូននិស្សិតកម្ពុជា។
បន្ទាប់ពីការផ្លាស់ប្តូរទស្សនៈ និងការពិភាក្សាលើបញ្ហាជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី អង្គប្រជុំបានឯកភាពលើសកម្មភាពដែលត្រូវអនុវត្តដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួម ទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ថាមពលនិងធនធានធម្មជាតិ ឧស្សាហកម្ម ដឹកជញ្ជូន បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន ហិរញ្ញវត្ថុនិងធនាគារ អប់រំ វប្បធម៌និងកីឡា សុខាភិបាល និងបរិស្ថាន។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ សហប្រធានទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី លើកទី១១ ដែលជាឯកសារគោល ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ីលើវិស័យនានា។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការជំរុញទំនាក់ទំនងប្រកបដោយភាពស្វាហាប់ និងឆ្ពោះទៅមុខដោយផ្អែកលើការទុកចិត្ត ការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក។







-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន3 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ