ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម
នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសំដែងការគួរសមពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម ក្នុងឱកាស សម្ដេចតេជោ និងគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ។

យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបនោះ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានសម្តែងនូវក្តីរីករាយ និង ការស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន ប្រកបដោយភាពកក់ក្តៅបំផុត ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមក្នុងពិធីបុណ្យខួប៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសវៀតណាម។ វត្តមានរបស់សម្តេចតេជោគឺជាសក្ខីភាពនៃទំនាក់ទំនងដ៏យូរអង្វែងនៃប្រទេសយើងទាំងពីរ។

ប្រធានរដ្ឋសភាវៀតណាម បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនកងទ័ពចូលរួមក្នុងពិធីដើរក្បួនព្យុហយាត្រានៃការប្រារព្ធពីធីអបអរសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម។ វត្តមាននៃកងទ័ពកម្ពុជានៅក្នុងព្យុហយាត្រានៅថ្ងៃ៣០ ខែមេសា ជានិមិត្តសញ្ញានៃការប្រកៀកស្មាគ្នាជាប់ជានិច្ចរវាងកងទ័ពវៀតណាម និងកម្ពុជា តាំងពីដំណាក់កាលដណ្តើមឯករាជ្យ និងកសាងជាតិរហូតដល់ពេលបច្ចុប្បន្ន។ ក្បួនព្យុហយាត្រា នេះក៏បានបង្ហាញពីកិច្ចសហប្រតិបត្តិការគ្នាដ៏ជិតស្និទ្ធរវាងវៀតណាម និងកម្ពុជា លើគ្រប់វិស័យរួមទាំងវិស័យការពារជាតិផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសាទរចំពោះសភា រដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះការប្រារព្ធពិធីសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសវៀតណាម។
សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតថ្លែងអំណរគុណបក្ស សភា និងរដ្ឋាភិបាលវៀតណាម ចំពោះការអញ្ជើញ កិច្ចស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា និង បាន បានចាត់ទុកការប្រារព្ធពិធីអបអរសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ។ សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចពិតជាមានមោទនភាពណាស់ ដែលកងយោធពលខេមរភូមិន្ទរបស់កម្ពុជា១២០រូប បានចូលរួមដើរក្បួនព្យុហយាត្រាអបអរសាទរខួប៥០នៃការបង្រួបបង្រួមប្រទេសវៀតណាម។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដែលជាកាលបរិច្ឆេទដ៏ល្អរវាងកម្ពុជា និងវៀតណាម នោះគឺ ខួប៥០ឆ្នាំនៃ ការរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ ឆ្នាំ១៩៧៥ – ឆ្នាំ២០២៥) និងជាខួប២៦ឆ្នាំ នៃ ការចូលជាសមាជិកអាស៊ានពេញសិទ្ធិ នៃប្រទេសកម្ពុជា ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយដែលបានជួបប្រធានរដ្ឋសភាវៀតណាមជាថ្មី។ សម្តេចតេជោ បានថ្លែងអំណរគុណប្រធានរដ្ឋសភាវៀតណាម ដែលបានផ្ញើសារចូលរួមរំលែកមរណទុក្ខចំពោះមរណភាពបងប្រុសជាទីស្រឡាញ់របស់សម្តេចកាលពីពេលថ្មីៗនេះ។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។
សម្តេចតេជោ បានគូសរំលេចថា តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាន់ខ្ពស់ទៅវិញទៅមក ជាពិសេសទស្សនកិច្ចផ្លូវការរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា ទៅកាន់ប្រទេសវៀតណាម កាលពីឆ្នាំ២០២៣ និងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាម នៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេចតេជោ ហ៊ុន សែន បានស្នើប្រធានរដ្ឋសភាវៀតណាម គាំទ្រលើកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម។ សម្តេចតេជោ បានបញ្ជាក់ថា សភាកម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។
ក្នុងជំនួបនោះ សម្តេចតេជោ បានសម្តែងក្តីសាទរចំពោះការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់អនុវត្តន៍ឆ្នាំ២០២៥-២០២៦ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មរបស់វៀតណាម កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នៅទីក្រុងហាណូយ។ កិច្ចសម្របសម្រួលនេះ ភាគីទាំងពីបានព្រមព្រៀងគ្នា បង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មឱ្យដល់គោលដៅ២០ពាន់លានដុល្លារអាមេរិក និងដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។

ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានជម្រាបសម្តេចតេជោថា នៅពេលបំពេញទស្សនកិច្ចនៅកម្ពុជាចុងឆ្នាំ២០២៤ រូបលោកបានឃើញនូវភាពរីកចម្រើនរបស់កម្ពុជា គួរឱ្យកត់សម្គាល់។ ឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរ និងអបអរសាទររាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ចំពោះសមិទ្ធផលនៃការអភិវឌ្ឍប្រទេសរបស់ខ្លួន។ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម, ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានស្នើកម្ពុជា បន្តពង្រឹងទំនាក់ទំនងទាំងក្របខណ្ឌបក្ស រដ្ឋាភិបាល នីតិបញ្ញត្តិ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានបង្ហាញការគាំទ្រចំពោះកិច្ចព្រមព្រៀងរវាងកម្ពុជា និងវៀតណាម ដើម្បីជំរុញការធ្វើពាណិជ្ជកម្មឱ្យកើនដល់២០ពាន់លានដុល្លារ។ ឯកឧត្តម បានស្នើឱ្យបង្កើតសមាគមមិត្តភាពរវាងសភាវៀតណាម និងសភាកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រចំពោះគំនិតរបស់ប្រធានរដ្ឋសភាវៀតណាម ក្នុងការបង្កើតសមាគមមិត្តរវាងសភាវៀតណាម និងសភាកម្ពុជា។
ជំនួបរបស់សម្តេចតេជោ ជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម បានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និតស្នាលបំផុត ៕

-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ