ព័ត៌មាន
សម្ដេចតេជោ និងថ្នាក់ដឹកនាំកំពូលវៀតណាមបង្ហាញការរក្សាបានទំនាក់ទំនងល្អ ពង្រឹងកិច្ចសហការប្រទេសទាំងពីរ
ក្នុងឱកាសចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗរបស់វៀតណាម ក្នុងនោះមាន៖ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម, ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រី វៀតណាម។ តាមរយៈជំនួបនេះសម្ដេចតេជោ និងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានបង្ហាញការរក្សាបានចំណងមិត្តភាព ទំនាក់ទំនងល្អ និងប្ដេជ្ញាពង្រឹងកិច្ចសហការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

តាមរយៈជំនួបនៅក្នុងថ្ងៃដំបូងនៃការអញ្ជើញដល់របស់សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជាថ្នាក់ដឹកនាំកំពូលវៀតណាម បានសម្តែងនូវក្តីរីករាយ និងការស្វាគមន៍ សម្តេចតេជោ ប្រកបដោយភាពកក់ក្តៅបំផុត ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមក្នុងពិធីបុណ្យខួប៥០ ឆ្នាំនៃការបង្រួបបង្រួមប្រទេសវៀតណាម។ ថ្នាក់ដឹកនាំកំពូលរបស់វៀតណាមចត់ទុក វត្តមានរបស់សម្តេចតេជោ គឺជាសក្ខីភាពនៃទំនាក់ទំនងដ៏យូរអង្វែងនៃប្រទេសទាំងពីរ។
សម្តេចតេជោ បានឆ្លៀតថ្លែងអំណរគុណបក្ស សភា និងរដ្ឋាភិបាលវៀតណាម ចំពោះការអញ្ជើញ កិច្ចស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា និងបាន ចាត់ទុកការប្រារព្ធពិធីអបអរសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមជាតិវៀតណាម គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ។

នៅក្នុងជំនួបជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា-វៀតណាមមិនត្រឹមតែត្រូវរក្សាសន្ទុះនៃទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែបង្កើនថែមទៀតដើម្បីពូនជ្រំទំនាក់ទំនងជាប្រពៃណី ពង្រឹងសាមគ្គីភាព ការយោគយល់គ្នាកាន់តែប្រសើរឡើង និងកិច្ចសហប្រតិបត្តិការទ្វេរ ភាគីឲ្យកាន់តែរីកចម្រើនឥតឈប់ឈរ។ ខណៈចំពោះទំនាក់ទំនងរវាងបក្សទាំងពីរវិញ សម្ដេចតេជោបានបញ្ជាក់ថាកិច្ចប្រជុំកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តវៀតណាមកាលពីខែកុម្ភៈកន្លងទៅបានស្ដែងយ៉ាងច្បាស់នូវការប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងល្អរបស់គណបក្សទាំងពីរ។ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងមន្ត្រីបន្តវេនជំនាន់ក្រោយរបស់បក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមក៏បានអបអរសាទរចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់សម្ដេចតេជោកន្លងមក, ឯកឧត្តមសង្កត់ធ្ងន់ថាភាពរីកចម្រើនរបស់កម្ពុជានេះ គឺឆ្លុះបញ្ចាំងពីការដឹកនាំដោយត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា នៅលើពិភពលោកនេះមិនមានទំនាក់ទំនងណាល្អ ដូចទំនាក់ទំនង វៀតណាម និងកម្ពុជានោះឡើយ។

សម្ដេចតេជោ ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម, ក្នុងជំនួបនេះ សម្ដេចតេជោបានរម្លឹកថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ជាកាលបរិច្ឆេទដ៏ល្អរវាងកម្ពុជា និងវៀតណាម នោះគឺ ខួប៥០ឆ្នាំនៃ ការរំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ ឆ្នាំ១៩៧៥-ឆ្នាំ២០២៥) និងជាខួប២៦ឆ្នាំនៃការចូលជាសមាជិកអាស៊ានពេញសិទ្ធិ នៃប្រទេសកម្ពុជា ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម និងបានស្នើប្រធានរដ្ឋសភាវៀតណាម គាំទ្រលើកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម។ សម្តេចតេជោ បានបញ្ជាក់ថា សភាកម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។

មកដល់ជំនួបជាមួយ ឯកឧត្តម ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចតេជោបានជំរុញឱ្យកម្ពុជា-វៀតណាមអនុវត្តសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មដល់គោលដៅ២០ពាន់លានដុល្លារអាមេរិកសម្រាប់ ឆ្នាំ២០២៥-២០២៦នេះ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា គោលដៅ ២០ ពាន់លានដុល្លារនេះ ជាគោលដៅអាចធ្វើបានមិនមែនជាគោលដៅដែលធំជ្រុលធ្វើមិនបាននោះឡើយ។ ខណៈទោះបីវៀតណាមជាប្រទេសធំមានប្រជាជនដល់ ១០៦ លាននាក់ ជាទីផ្សារធំ តែកម្ពុជាមានប្រជាជនតែ ១៧ លាននាក់ពិតមែនតែមានតម្រូវការខ្ពស់។

ជាការឆ្លើយតប ឯកឧត្តម ផាម មិញជិញ ក៏ពេញចិត្តចំពោះកិច្ចព្រមព្រៀងសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីផងដែរ ដែល ឯកឧត្តម សង្ឃឹមថា ពាណិជ្ជកម្មកម្ពុជា វៀតណាម សម្រេចបាន ២០ ពាន់ដុល្លារ តាមការចង់បានរបស់ប្រទេសទេសទាំងពីរ។ ឯកឧត្តម បន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ វៀតណាម នឹងទិញអង្ករ ស្វាយចន្ទី និងគ្រឿងសមុទ្របន្ថែមទៀតពីកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏សន្យាចំពោះមុខសម្តេចតេជោ ក្នុងការបញ្ចុះពន្ធនៃការនាំស៊ីម៉ង់ទៅកាន់ប្រទេសកម្ពុជាផងដែរ។

សូមជម្រាបថា តបតាមការអញ្ជើញរបស់ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអបអរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាមនាពេលនេះ សបញ្ជាក់យ៉ាងច្បាស់អំពីការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង៕

-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ