ព័ត៌មាន
ផ្លូវជនបទក្នុងស្រុកប្រាសាទសំបូរ បាននិងកំពុងលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាជន
កំពង់ធំ ៖ ផ្លូវជនបទក្រាលដីល្បាយក្រួសស្តារឡើងវិញ ប្រវែងជាង ១១ គីឡូម៉ែត្រ នៅក្នុងស្រុកប្រាសាទសំបូរ បានអនុវត្តស្របតាមបទដ្ឋាន បច្ចេកទេសត្រឹមត្រូវ ដោយផ្លូវនេះបាននិងកំពុងផ្តល់អត្ថប្រយោជន៍ លើកកម្ពស់ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅជនបទ តាមរយៈ ការផ្តល់នូវគមនាគមន៍ដឹកជញ្ជូនល្អប្រសើរ។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅ ក្នុងចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ចំនួន១ខ្សែ ប្រវែងជាង ១១ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិកំពង់ឈើទាល ឃុំសំបូរណ៍ ទៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមកែ លម្អ នៃលក្ខខណ្ឌរស់នៅរបស់សហគមន៍ជនបទ តាមរយៈការស្តារ ការស្ថាបនា និងថែទាំផ្លូវនៅតាមជនបទ ដើម្បីលើកកម្ពស់ដល់ ជីវភាពរស់នៅរបស់ប្រជាជន មានផ្លូវល្អជួយសម្រួលដល់ការធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ។
ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តម បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ក្នុងការស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ប្រកបដោយគុណភាព ព្រោះបញ្ហានេះ, ក្រសួងអភិវឌ្ឍន៍ជនបទ បាន ចាត់ទុកផ្លូវជនបទមានសារៈសំខាន់បំផុត ក្នុងការជំរុញដល់ដំណើរការអន្តរកម្មសេដ្ឋកិច្ច, ជាក់ស្តែងផ្លូវជនបទមួយខ្សែនេះ មិនត្រឹម សម្រាប់ការធ្វើដំណើរប៉ុណ្ណោះទេ គឺបានកំពុងសម្រួលដល់ការធ្វើកសិកម្មររបស់កសិករនៅមូលដ្ឋាននេះ តាមរយៈការដឹកជញ្ជូនសម្ភារៈ កសិកម្ម ផលិតកម្មបម្រើដល់វិស័យកសិកម្ម និងការដឹកជញ្ជូនកសិផលផ្សេងៗជាដើម, ដោយសារប្រជាជននៅទីនោះភាគច្រើន គឺធ្វើស្រែ និងការដាំដុះដំណាំរួមផ្សំតិចតួច។ នេះគឺជាការលើកកម្ពស់ផលិតភាពដល់កសិករ ជំរុញដល់ការធ្វើកសិកម្មឱ្យកាន់តែប្រសើរ សំដៅដល់ការចូលរួមជាមួយរាជរដ្ឋាភិបាល ពង្រឹងដល់ការផ្គត់ផ្គង់សន្តិសុខស្បៀង និងជំរុញដល់ទីផ្សារនាំចេញរបស់កម្ពុជាផងដែរ។
ចំណែកក្នុងជំនួបសំណេះសំណាលជាអាជ្ញាធរ និងប្រជាពលរដ្ឋ, ឯកឧត្តម ផូ ផារិទ្ធ បានលើកឡើងពីគុណបំណាច់របស់ រដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី, សម្តេចទាំងទ្វេបានខិតខំប្រឹងប្រែង យ៉ាងខ្លាំង ដើម្បីជំរុញការអភិឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ក្នុងនោះសម្រាប់ផ្លូវជនបទ ដែលស្ថិតនៅក្រោមក្របខណ្ឌរបស់ក្រសួង អភិវឌ្ឍន៍ជនបទ គឺជាផ្នែកមួយដ៏សំខាន់ដែលមិនអាចខ្វះបាន, គិតមកដល់បច្ចុប្បន្ន ក្រសួងបានស្ថាបនា ស្តារ និងកែលម្អផ្លូវជនបទ មានប្រវែងសរុបជាង៥ម៉ឺនគីឡូម៉ែត្រ ស្ថិតក្រោមថវិកាវិនិយោគផ្ទាល់របស់រាជរដ្ឋាភិបាល ដោយមិនមែនជាថវិកាបានពី អង្គការ សហគមន៍ ឬដៃគូរណាមួយនោះឡើយ។ បញ្ហានេះសូមឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ សូមចូលរួមថែទាំផ្លូវ និងសំណង់សិល្បការ្យផ្សេងៗឲ្យបានល្អប្រសើរ និងកុំឱ្យមានរថយន្តដឹកទំនិញលើសចំណុះចរាចរលើផ្លូវនេះ ធ្វើយ៉ាងរក្សាគុណភាព ផ្លូវឱ្យបានគង់វង្សយូរអង្វែង សម្រាប់បម្រើដល់អត្ថប្រយោជន៍ទាំងអស់គ្នា៕
អត្ថបទ៖ សុន រ៉ាឌី














-
ព័ត៌មាន6 days agoកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន1 week agoក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន5 days agoតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន1 day agoកំណាត់ផ្លូវជាតិលេខ២៣ (ផ្លូវកាត់ពីកោះធំទៅលើកដែក) ប្រវែង១៩,៨ គីឡូម៉ែត្រ ស្ថាបនារួចរាល់ហើយ!
-
ព័ត៌មាន1 week agoប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
-
ព័ត៌មាន1 week agoសម្ដេចតេជោ បដិសេធ ព័ត៌មានមួលបង្កាច់ របស់ អ្នកនាំពាក្យក្រសួងការពារជាតិថៃ
-
ព័ត៌មាន6 days agoទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់ទៅ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ
-
ព័ត៌មាន1 week agoសាច់បង្កកលួចនាំចូលពីថៃ ជិត ១តោន បានដុតកម្ទេចចោល មុនេះ ខណៈឃាត់ខ្លួនបានមនុស្ស ៣នាក់