ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន៖ ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ជួយស្វែងរកសន្តិភាព និងការអភិវឌ្ឍកម្ពុជា
នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ (NISHIMURA Yasutoshi) សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។
យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ដែលឯកឧត្តម បានអញ្ជើញមកកាន់ប្រទេសកម្ពុជា ហើយសម្ដេចសង្ឃឹមថា ឯកឧត្តម និងសហការរីស្នាក់នៅប្រទេសកម្ពុជាប្រកបដោយភាពរីករាយ និងបានឃើញពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោ បានរំលេចដែរថា សម្ដេចរីករាយដែលបានជួបឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ សមាជិករដ្ឋសភារបស់ជប៉ុនសារជាថ្មីក្រោយពីបានជួបកាលពីឆ្នាំ ២០១៨-២០១៩ កាលដែលឯកឧត្តមនៅជានាយករងខុទ្ទកាល័យរបស់អតីតនាយករដ្ឋមន្រ្ដីជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ។ សម្ដេចបានចាត់ទុកវត្តមានរបស់ឯកឧត្តមអញ្ជើញមកដល់កម្ពុជាជាថ្មីនេះ ក៏ជាការរួមចំណែកមួយនៃការពង្រឹងមិត្តភាពរវាងកម្ពុជា និងប្រទេសជប៉ុនផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ សមាជិករដ្ឋសភាជប៉ុន បានថ្លែងអំណរគុណសម្ដេចតេជោ ដែលបានស្វាគមន៍ និងផ្ដល់ឱកាសឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តម ក៏បានរំលេចអំពីអនុស្សាវរីយដែលបានជួបជាមួយសម្ដេចតេជោ កាលនៅជាអតីតនាយករងខុទ្ទកាល័យរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ កន្លងទៅដែរ។ ឯកឧត្តមបានសម្ដែងនូវក្ដីរីករាយចំពោះក្រោយបានឃើញនូវភាពរីកចម្រើនរបស់កម្ពុជានាពេលកន្លងមក និងបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលជាអតីតនាយករដ្ឋមន្រ្ដី និងបន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឱ្យប្រទេសកម្ពុជាកាន់តែរីកចម្រើនបន្តទៅមុខជានិច្ច។
ក្នុងឱកាសនោះ ឯកឧត្តម សមាជិករដ្ឋសភារបស់ជប៉ុន ក៏បានរម្លឹកអំពីអនុស្សាវរីយមួយដែលឯកឧត្តមបានមកចូលរួមនៅក្នុងកម្មវិធីប្រជុំនៅខេត្តសៀមរាប ក្នុងឋានៈពេលនោះឯកឧត្តមជា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុនផងដែរ ដែលបានឃើញពីការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមលើកឡើងថា កូនស្រី និងគ្រួសាររបស់ឯកឧត្តមបានអញ្ជើញមកកម្ពុជា ក៏បានបង្ហាញនូវការរីករាយ សប្បាយចិត្ត និងចាត់ទុកប្រទេសកម្ពុជាជាប្រទេសទីពីរ ដែលបានពេញចិត្ត និងចង់រស់នៅ។
ជាការឆ្លើយតប សម្ដេចតេជោ បានបង្ហាញការត្រេកអរ ដែលឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ សមាជិករដ្ឋសភាជប៉ុន និងក្រុមគ្រួសារ បានពេញចិត្ត និងឃើញនូវផលនៃផ្លែផ្កានៃការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការរក្សាបាននូវសន្ដិភាពជាង ២៦ឆ្នាំកន្លងមកនេះ ពោលគឺតាំងពីឆ្នាំ១៩៩៨ ដែលមកដល់ពេលនេះកម្ពុជាមានសន្ដិភាព និងមានការរីកចម្រើន។
សម្ដេចតេជោ ក៏បានបញ្ជាក់ផងដែរថា ការរីកចម្រើនរបស់កម្ពុជាក៏មិនអាចកាត់ផ្ដាច់បាននូវតួនាទីយ៉ាងសំខាន់របស់ជប៉ុន ជាពិសេសបើយើងត្រលប់ទៅក្រោយ គឺការស្វែងរកសន្ដិភាព គឺជប៉ុនមិនត្រឹមតែបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍកម្ពុជានោះទេ ក៏ប៉ុន្ដែពីអតីតកាលជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកសន្តិភាព និងជួយឱ្យកម្ពុជាមានសន្ដិភាពតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ កន្លងទៅ ដែលជប៉ុនបានចូលរួមចំណែកក្នុងការពង្រឹង និងនាំឱ្យកម្ពុជាមានសន្ដិភាព។ ក្រៅពីនេះ ជប៉ុនបានចូលរួមចំណែកយ៉ាងសកម្ម ក្រោយពីកម្ពុជាមានសន្ដិភាព ដោយបានជួយស្ដារសេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញក្រោយសង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍។ សម្ដេចតេជោ បានគត់សម្គាល់ថា កម្ពុជាសម្ដេចបាននូវភាពរីកចម្រើនៅពេលនេះ គឺមិនអាចកាត់ផ្ដាច់ពីការឧបត្ថម្ភ និងជំនួយនានារបស់រដ្ឋាភិបាល និងប្រជាជនជប៉ុននោះទេ។
ក្នុងជំនួបនេះដែរ សម្ដេចតេជោ បានលើកឡើងពីការពង្រីកនូវទំនាក់ទំនងជាពិសេស លើការផ្ដល់ជំនួយរបស់ជប៉ុនចំពោះកម្ពុជា ដោយសម្ដេចតេជោ បានស្នើឱ្យជប៉ុនបន្តគាំទ្រជួយដល់កម្ពុជាបន្ថែមទៀត ពោលគឺការអភិវឌ្ឍនូវកំពុងផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឱ្យកម្ពុជាមានលទ្ធភាពទទួលយកនូវនាវាគ្រប់ប្រភេទអាចចូលចតក្នុងការដឹកញ្ជូនទំនិញ និងឈានទៅកាត់បន្ថយនូវថ្លៃចំណាយលើការដឹកញ្ជូនតាមផ្លូវទឹក។ សម្ដេចតេជោ មានប្រសនស៍ថា ប្រសិនបើកម្ពុជាមិនមាននូវកំពង់ផែទឹកជ្រៅដែលជប៉ុនបានជួយនេះទេ កម្ពុជានឹងមានផលវិបាកដល់ការដឹកជញ្ជូនលើការដឹកទំនិញតាមផ្លូវទឹកនេះពុំខានឡើយ ដូច្នេះសម្ដេចតេជោ បានស្នើភាគីជប៉ុនបន្តយកចិត្តទុកដាក់ និងជួយគាំទ្រលើការភិវឌ្ឍកំពង់ផែទឹកជ្រៅកម្ពុជានេះ។
ជាការឆ្លើយតបឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ សមាជិករដ្ឋសភាជប៉ុន បានសន្យាជាមួយសម្ដេចតេជោថា នឹងខិតខំប្រឹងប្រែងក្នុងការជួយជ្រោមជ្រែងកម្ពុជានៅក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តខេត្តព្រះសីហនុ បន្ថែមទៀត ដើម្បីជួយសម្រួលដល់ការដឹកញ្ជូនផ្លូវទឹករបស់កម្ពុជា។ ឯកឧត្តមក៏បានសន្យាថា នឹងខិតខំប្រឹងប្រែងពង្រីកនូវទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

-
កីឡា6 days ago
ប្រតិភូកីឡាទោក្រយានកម្ពុជា ចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity ដែលផ្ដោតគោលបំណង ៣សំខាន់
-
ព័ត៌មាន1 week ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
កីឡា5 days ago
ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ
-
កីឡា4 days ago
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងកសិកម្មដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាតម្លៃស្រូវស្រង៉ែ នៅខេត្តបាត់ដំបង
-
Uncategorized5 days ago
អ្នកនាំពាក្យ៖ម្សិលមិញនិងថ្ងៃនេះទាហានថៃប្រដាប់ដោយអាវុធមករាយបន្លាលួស និងដាក់កងឡាននៅច្រកជោគជ័យខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week ago
កម្ពុជាអំពាវនាវដល់ថៃ សូមដោះលែងឱ្យបានឆាប់នូវកងទ័ពកម្ពុជា ដែលថៃចាប់ខ្លួនយកទៅ មានរយៈពេល ១១ ថ្ងៃហើយ
-
ព័ត៌មាន4 days ago
Press Briefing -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )