ព័ត៌មាន
ស្ថាប័នតុលាការកំពូល កម្ពុជា-ឡាវ នឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមទៀត
ភ្នំពេញ ៖ នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ វៀងថុន ស៊ីផាន់ដន (Viengthong Siphandone) ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, លោកជំទាវ វៀងថុន ស៊ីផាន់ដន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវបានជម្រាបជូនសម្តេចបវរធិបតីថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូ មកកម្ពុជានាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងតុលាការកំពូលឡាវ-កម្ពុជា ដែលនឹងចូលរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ លោកជំទាវក៏បានជម្រាបជូនសម្ដេចបវរធិបតីបន្ថែមថា តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យតុលាការ នាថ្ងៃស្អែក, ស្ថាប័នកំពូលទាំងពីរនឹងចែករំលែកបទពិសោធន៍ និងព័ត៌មាន រវាងគ្នា និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន រួមទាំងការជួញដូរមនុស្ស, ការជួញដូរគ្រឿងញៀនខុសច្បាប់, និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ក៏ដូចជាការបន្តសហការគ្នានៅក្នុងវេទិកាអន្តរជាតិ។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរ និងដែលបានឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” កាលពីឆ្នាំ២០១៩។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ចំណងមិត្តភាពល្អប្រសើររវាងប្រទេសទាំងពីរ គឺជាមរតកដែលបានបន្សល់ទុកពីថ្នាក់ដឹកនាំជំនាន់មុនៗ ហើយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តពូនជ្រុំទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។ សម្ដេចបវរធិបតីក៏បានគូសរំលេចពីវឌ្ឍនភាពដ៏ល្អនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ លើវិស័យជាច្រើន ជាពិសេស វិស័យការពារជាតិ, សន្តិសុខ, ថាមពល និងពាណិជ្ជកម្ម ជាដេីម។ សម្តេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងតុលាការកំពូលនៃប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការល្អរវាងតុលាការកំពូលទាំងពីរ នឹងចូលរួមចំណែកដល់ការអនុវត្តច្បាប់ ដេីម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទល្មើសឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការជួញដូរមនុស្ស និងគ្រឿងញៀន ខុសច្បាប់។
សម្ដេចបវរធិបតីក៏បានគាំទ្រ និងលើកទឹកចិត្តដល់ស្ថាប័នតុលាការនៃប្រទេសទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត នៅគ្រប់កម្រិត៕








-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ