ព័ត៌មាន
ក្រសួងសុខាភិបាលប្រាប់ពីការការពារខ្លួនពីការឆ្លងពិសធ្យូង ឬឈាមខ្មៅពីសត្វ ខណៈមិនទាន់រកឃើញនៅកម្ពុជាទេ
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២៥នេះ បានចេញសេចក្ដីជូនដំណឹងអំពីការការពារខ្លួនពីជំងឺឆ្លង ជំងឺអង់ត្រាក់ ឬហៅថាពិសធ្យូងនៅលើមនុស្ស និងនៅលើសត្វ ហៅថាជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅ បង្កឡើងដោយបាក់តេរីដែលបង្កើតស្ព័រ (spore- forming bacillus anthracis) បន្ទាប់ពីបណ្ដាប្រទេសជិតខាងកម្ពុជាមួយចំនួនបានរកឃើញមានជំងឺនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែល BTV ព័ត៌មានទទួលបាន បានឱ្យដឹងថា ជំងឺអង់ត្រាក់ឬពិសធ្យូង ជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរ ដែលអាចកើតមានឡើងជាចម្បងលើសត្វពាហនៈ និងសត្វព្រៃ។ លក្ខណៈពិសេសនៃមេរោគអង់ត្រាក់ គឺអាចរស់នៅដោយស្រួល ក្រោមរូបភាពជាគ្រាប់ស្ព័រ ក្នុងបរិយាកាសខាងក្រៅ។ ស្ព័ររបស់បាក់តេរីអង់ត្រាក់ ធន់នឹងធាតុអាកាសខាងក្រៅបាន អាចសម្ងំ ដល់រាប់ឆ្នាំ (៣០-៤០ ឆ្នាំ) នៅក្នុងដី សាកសពសត្វ និងលាមកសត្វ។
សត្វស៊ីស្មៅ មាន គោ ក្របី ចៀម ពពែ សេះ អាចឆ្លងមេរោគនេះ ចូលក្នុងខ្លួន បន្ទាប់មកគ្រាប់ស្ព័រក្លាយជាមេរោគមានចលនា ហើយបញ្ចេញពិសរបស់វា ដែលមានគ្រោះថ្នាក់ដល់សុខភាព។ ជំងឺអង់ត្រាក់មានឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំងសម្រាប់ចាក់បង្ការ។
ក្រសួងសុខាភិបាលបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះមិនទាន់មានការរកឃើញជំងឺនេះនៅកម្ពុជានៅឡើយ។ ក្រសួងសុខាភិបាលបន្តពង្រឹងវិធានការសុខាភិបាល តាមច្រកព្រំដែន និងពង្រឹងកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការនាំចូលជំងឺអង់ត្រាក់ និងជំងឺឆ្លងផ្សេងទៀតពីក្រៅប្រទេស។
បើតាមក្រសួងសុខាភិបាលជំងឺនេះអាចចម្លង៖ មនុស្សអាចឆ្លងមេរោគអង់ត្រាក់ តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយសត្វឈឺ (ស្បែកមុតដាច់ជាច្រកចូលនៃមេរោគ) ឬឆ្លងតាមការសម្លាប់សត្វ ដែលមានជំងឺអង់ត្រាក់ ឬផលិតផលដែលមានដើមកំណើតពីសត្វមានជំងឺអង់ត្រាក់ដូចជា សាច់ ឈាម រោម ឆ្អឹងការដកដង្ហើមចូលនូវធូលី ដែលមានស្ព័រមេរោគអង់ត្រាក់ការបរិភោគសាច់ដែលមានមេរោគអង់ត្រាក់ប្រើម្ជុលសឺរ៉ាំងរួមគ្នាជាមួយអ្នកមានជំងឺអង់ត្រាក់ មេរោគអង់ត្រាក់មិនមានភស្តុតាងឆ្លងរាលដាលពីមនុស្សទៅមនុស្សនោះទេ ប៉ុន្តែដំបៅស្បែកលើអ្នកជំងឺ អង់ត្រាក់អាចឆ្លងខ្លាំង។
រោគសញ្ញា មាន៣សណ្ឋាន៖ សណ្ឋានលើស្បែក៖ មេរោគឆ្លងតាមស្បែកមានដាច់ឬរបួសដោយប៉ះពាល់ផ្ទាល់ជាមួយសត្វប្រឡាក់ដោយស្ព័ររបស់មេរោគរយៈពេលបង្ករោគមានចាប់ពី១ ទៅ៧ថ្ងៃ បន្ទាប់ពីការឆ្លងមេរោគអង់ត្រាក់ ដុំរមាស់ដែលមានលក្ខណៈស្រដៀងនឹងសត្វល្អិតខាំ បន្ទាប់មកប្រែទៅជាឈឺចាប់ជាមួយនឹងចំណុចកណ្តាល ខ្មៅ មាននៅលើមុខ ក ដៃ ហើមកូនកណ្តុរ។ មនុស្សឆ្លងជំងឺមួយចំនួនមានរោគសញ្ញាដូចជា ឈឺក្បាល ឈឺសាច់ដុំ គ្រុនក្តៅ និងក្អួត។
សណ្ឋានក្រពះ-ពោះវៀន៖ ការឆ្លងតាមការបរិភោគស្ព័រចូល ដូចជាបរិភោគសាច់មានមេរោគអង់ត្រាក់រយៈពេលបង្ករោគមានចាប់ពី២ ទៅ៥ថ្ងៃ អាការៈដំបូងដូចជាពុលអាហារ ប៉ុន្តែអាចមាន ឈឺពោះ ក្អួត ចង្អោរ ក្អួតឈាម រាកធ្ងន់ធ្ងរ រាកឈាម គ្រុនក្តៅ ញាក់ ហើមក ហើមកូនកណ្តុលនៅក ឈឺក ឈឺបំពង់ក ឈឺក្បាល មុខក្រហម ភ្នែកក្រហម សន្លប់។
សណ្ឋានផ្លូវដង្ហើម៖ ជាករណីធ្ងន់ធ្ងរ ប៉ុន្តែកម្រកើតមាន កើតឡើងដោយសារការបរិភោគសាច់មានមេរោគអង់ត្រាក់ ឬដកដង្ហើមចូលស្ព័រមេរោគច្រើនទៅក្នុងសួតរយៈពេលបង្ករោគមានចាប់ពី១ ទៅ៦ថ្ងៃ រោគសញ្ញាស្រដៀងនិងជំងឺគ្រុនផ្តាសាយ ប៉ុន្តែវិវត្តយ៉ាងរហ័សទៅជា ពិបាកដកដង្ហើម ក្អួត ចង្អោរ និងឈឺ ពោះ ឈឺក្បាល បែកញើស អស់កម្លាំងខ្លាំង និងមានអាការៈឈឺទ្រូងដែលអាចមានកកឈាមនៅក្នុងបេះដូង ហូរឈាមនៅសន្ទះខ័ណ្ឌចន្លោះសួត ហើយស្បែកប្រែពណ៌ស្វាយ។
វិធានការណ៍បង្កាការឆ្លង៖ ចៀសវាងប៉ះពាល់ដោយផ្ទាល់ជាមួយសត្វដែលសង្ស័យថាមានជំងឺអង់ត្រាក់, ហាមបរិភោគសត្វដែលងាប់ដោយសារជំងឺអង់ត្រាក់, សាកសពសត្វដែលងាប់ត្រូវយកទៅកប់ ឬដុតកំទេចចោល, មិនត្រូវវះពិនិត្យសាកសពដែលងាប់ដោយសារជំងឺនេះទេ, ត្រូវប្រញាប់បញ្ជូនអ្នកជំងឺសង្ស័យទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីទទួលការព្យាបាលឱ្យទាន់ពេលវេលា ឬទំនាក់ទំនងមកលេខ ១១៥៕ អត្ថបទ រដ្ឋា

-
ព័ត៌មាន3 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន1 week ago
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
-
ព័ត៌មាន1 week ago
អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា
-
ព័ត៌មាន4 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន1 week ago
ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១២តុលានេះ
-
ព័ត៌មាន2 days ago
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន3 days ago
ទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់ទៅ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ
-
ព័ត៌មាន4 days ago
ប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ