ព័ត៌មាន
ប្រធានរដ្ឋសភាទីម័រឡេស្ដេចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រវត្តិសាស្រ្ដ និងបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ទីម័រឡេស្ដេ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ (Maria Fernanda Lay) ប្រធានរដ្ឋសភាទីម័រឡេស្តេ នៅវិមានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ទីក្រុងឌីលី ថ្ងៃព្រហស្បត្តិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ លោកជំទាវ ប្រធានរដ្ឋសភាទីម័រឡេស្តេ បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រឡេស្ដេ។ លោកជំទាវបានចាត់ទុក ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោនាពេលនេះ ជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ដដែលបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនង កម្ពុជា និងទីម័រឡេស្ដេ នាពេលបច្ចុប្បន្នក៏ដូចជាការពង្រីកទំនាក់ទំនងទៅពេលខាងមុខ។
នៅក្នុងឱកាសនោះ លោកជំទាវបានបង្ហាញនូវក្ដីដឹងគុណចំពោះការចូលរួមដ៏សកម្ម និងការគាំទ្ររបស់កម្ពុជា ជាពិសេសភាពសកម្មរបស់សម្ដេចតេជោ ក្នុងការជួយជ្រោមជ្រែងទីម័រឡេស្ដេឱ្យបានចូលជាសមាជិកសង្កេតការរបស់អាស៊ានកាលពីឆ្នាំ២០២២ ហើយកម្ពុជា ជាពិសេសសម្ដេចតេជោ បានបន្តជ្រំជ្រែងជួយដល់ទីម័រឡេស្ដេដើម្បីអាចចូលជាសមាជិកអាស៊ានពេញសិទ្ធនៅពេលខាងមុខ។
នៅក្នុងឱកាសនោ លោកជំទាវបានដឹងគុណដល់កម្ពុជានាពេលកន្លងមក ដែលបានជួយដល់ទីម័រឡេស្ដេក្នុងបរិបទកូវីដ-១៩ ដោយបានផ្ដល់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ទីម័រឡេស្ដេក្នុងស្ថានភាពដ៏លំបាក។ លោកជំទាវបន្តថា គុណូបការៈទាំងអស់នេះ លោកជំទាវចងចាំមិនអាចបំភ្លេចសម្រាប់លោកជំទាវផ្ទាល់ក៏ដូចជាប្រជាជនទីម័រឡេស្ដេ។

នៅក្នុងឱកាសនោះសម្ដេចតេជោ បានអរគុណចំពោះលោកជំទាវដែលបានធ្វើបដិសណ្ឋារកិច្ច ស្វាគមន៍សម្ដេចតេជោ និងគណៈប្រតិភូដែលបានមកកាន់វិមានរដ្ឋសភានៅក្នុងឱកាសនេះ។ សម្ដេចតេជោ រីករាយដែលបានជួបលោកជំទាវនៅក្នុងទឹកដីនៃទីម័រឡេស្ដេ។ សម្ដេចតេជោមានប្រសានស៍ថា ថ្ងៃនេះសម្ដេចមានបាឋកថា ដែលនឹងថ្លែងអំពីបទពិសោធន៍របស់កម្ពុជានៅក្នុងកិច្ចប្រជុំពិសេសពេញអង្គនៃសភាទីម័រឡេស្ដេ ដោយបាឋកថានោះនឹងរំលេចអំពីបទពិសោធន៍កម្ពុជាមុនពេលចូលជាសមាជិកអាស៊ាន បន្ទាប់មកកម្ពុជា ចូលជាសមាជិកអាស៊ាន និងទស្សនៈរបស់សម្ដេចតេជោជុំវិញអាស៊ាន និងជុំវិញពិភពលោក។
សម្ដេចតេជោ ក៏បានរំលេចទាក់ទងនឹងទំនាក់ទំនងរវាងកម្ពុជា និងទីម័រឡេស្ដេ ដែលមកដល់ពេលនេះ គឺជាទំនាក់ទំនងដ៏រឹងមាំ, សម្ដេចក៏បានជម្រាបទៅប្រធានរដ្ឋសភាទីម័រឡេស្ដេ ដោយស្នើឱ្យបន្តគាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការភ្ជាប់ទំនាក់ទំនងបន្ថែមជាពិសេស ការពង្រីកនូវពាណិជ្ជកម្ម ក៏ដូចជាសេដ្ឋកិច្ច ទេសចរណ៍ និងការវិនិយោគ ជាមួយគ្នាបន្ថែមទៀតឱ្យបានកាន់តែល្អប្រសើរជាមួយគ្នា។ សម្ដេចតេជោ ក៏បានរំលេចអំពីកិច្ចសហការគ្នាក្នុងក្របខណ្ឌនីតិបញ្ញត្តិ និងនីតិប្រតិបត្តិដែលប្រទេសទាំងពីរត្រូវពង្រឹងបន្ថែមទៀត នៅក្នុងក្របខណ្ឌនៃទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ។

ក្នុងឱកាសនោះសម្ដេចតេជោ ក៏បាននាំយកនូវការសួរសុខទុក្ខរបស់លោកជំទាវប្រធានរដ្ឋសភាកម្ពុជា ជូនចំពោះលោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្ដេផងដែរ។ សម្ដេចថ្លែងថា ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញលោកជំទាវទៅទស្សនកិច្ចនៅកម្ពុជា ក្នុងពេលសមស្របណាមួយដែលលោកជំទាវមានពេល។
ជាការឆ្លើយតបលោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្ដេបានសម្ដែងក្ដីរំភើប រីករាយ ចំពោះការលើកឡើងរបស់សម្ដេចតេជោ ជាពិសេសក្នុងការបញ្ជាក់នូវតួនាទីដ៏មានសារៈសំខាន់នៃទំនាក់ទំនងប្រទេសទាំងពីរ។ លោកជំទាវបានជម្រាបសម្ដេចតេជោថា នៅពេលណាមួយលោកជំទាវនឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសកម្ពុជានៅមុនពេលផុតអាណត្តិរបស់លោកជំទាវដោយលោកជំទាវចង់ឃើញប្រទេសកម្ពុជានាពេលខាងមុខ។
ជាចុងក្រោយនៃជំនួបនោះ លោកជំទាវក៏បានអរគុណសម្ដេចតេជោ សារជាថ្មី ជាពិសេសរាជរដ្ឋាភិបាលកម្ពុជាដែលបានជួយដល់ការផ្ដល់អាហារូបករណ៍ដល់និស្សិតរបស់ទីម័រឡេស្ដេនាពេលកន្លងមកឱ្យបានបន្តការសិក្សានៅប្រទេសកម្ពុជាដែលជាផ្នែកមួយនៃការបណ្ដុះបណ្ដាលធនធានមនុស្សរបស់ទីម័រ។
សម្ដេចតេជោក៏បានឆ្លើយតបទៅលោកជំទាវថា ចំពោះអាហារូបករណ៍នេះ សង្ឃឹមថា នៅពេលខាងមុខរាជរដ្ឋាភិបាលកម្ពុជានឹងអាចពង្រីកការផ្ដល់អាហារូបករណ៍បន្ថែមទៀតដល់ទីម័រឡេស្ដេ ដើម្បីជាការរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់ទីម័រផងដែរ។ ចុងក្រោយនៃជំនួបភាគីទាំងពីរបានបង្ហាញនូវក្ដីរីករាយ និងភាពជិតស្និទ្ធជាមួយគ្នាជាទីបំផុត៕




-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 day agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ