Connect with us

ព័ត៌មាន

ស្ថានទូតបារាំងប្រចាំនៅកម្ពុជារៀបចំពិធីរម្លឹកខួប៥០ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញក្រោមរបបប្រល័យពូជសាសន៍ប៉ុល ពត

ភ្នំពេញ ៖ ក្នុងឱកាសខួប៥០ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ ស្ថានទូតបារាំងប្រ ចាំនៅកម្ពុជាបានរៀបចំពិធីប័ង្សុកូលបែបព្រះពុទ្ធាសាសនា និងធ្វើការជួបជុំមួយ ដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏សោកសង្រេងដែលបានកើតឡើងនៅស្ថានទូតបារាំងនៅឆ្នាំ១៩៧៥ ខណៈកម្មវិធីនេះបានប្រព្រឹត្តិទៅក្រោមវត្តមានលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា មានការចូលរួមពីបុគ្គលិកស្ថានទូត អ្នកនៅរស់រានមានជីវិត (សាក្សី)សមាជិកអង្គការសង្គមស៊ីវិល និងតំណាងស្ថានទូតនានាផងដែរ។

សូមរំលឹកថាពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ១៩៧៥ មានមនុស្សរាប់រយនាក់បានភៀសខ្លួនមកជ្រកកោននៅក្នុងស្ថានទូតបារាំងប្រចាំនៅភ្នំពេញ ដែលជាស្ថានទូតតែមួយគត់ដែលពួកគេនៅអាចចូលបាន ដោយសង្ឃឹមថានឹងទទួលបានការការពារនៅទីនោះ។ នៅក្នុងស្ថានភាពដ៏លំបាកក្រៃលែង ស្ថានទូតបានទទួលពលរដ្ឋបារាំងជាង៥០០នាក់ដែលនៅមានវត្តមាននៅកម្ពុជា និងជនបរទេសជាង១០០នាក់នៃប្រទេសចំនួន២០ផ្សេងទៀត ព្រមទាំងប្រជាពលរដ្ឋខ្មែរជាច្រើនរយនាក់ទៀត ក្នុងនោះក៏មានសមាជិកគ្រួសាររាជវង្ស និងឥស្សរជនសម័យសាធារណៈរដ្ឋ ដែលបានមកស្វែងរកកន្លែងសុវត្ថិភាព។

ក្នុងរយៈពេលជាងពីរសប្តាហ៍ ស្ថានទូតបារាំងបានក្លាយទៅជាទីកន្លែងហ៊ុមព័ទ្ធមួយ ដែលចុងក្រោយជួបវាសនាដ៏សោកសៅ ជាមួយការចាកចេញរបស់ពលរដ្ឋកម្ពុជា បន្ទាប់មកការជម្លៀសជនបរទេសទៅកាន់ប្រទេសថៃតាមក្បួនរថយន្តចំនួនពីរជើង នៅថ្ងៃទី៣០ ខែមេសា និងថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៧៥។ សោកនាដកម្មនេះត្រូវបានចងក្រងទុកយ៉ាងទូលំទូលាយតាមរយៈស្នាដៃសៀវភៅ (ពិសេសសៀវភៅមានចំណងជើងថា «ទ្វាររបង» របស់លោក FRANÇOIS BIZOT) ខ្សែភាពយន្ត (ដូចជារឿង «វាលពិឃាដ» របស់លោក ROLAND JOFFÉ) សៀវភៅគំនូរ (របស់លោក SÉRA) ក៏ដូចជាសក្ខីកម្មជាច្រើនទៀត។ ទោះបីកន្លងទៅច្រើនទសវត្សរ៍ក្តី ក៏ការចងចាំពីព្រឹត្តិការណ៍ទាំងនេះនៅតែដក់ជាប់ក្នុងអារម្មណ៍ជានិច្ច។

ថ្លែងនៅក្នុងពិធីរម្លឹកខួបនោះ លោកឯកអគ្គរដ្ឋទូតបារាំងបានរម្លឹកថា៖ «យើងត្រូវតែចងចាំព្រឹត្តិការណ៍ទាំងនេះ។ ការចងចាំនេះ គឺមិនមែនមានន័យថា ដើម្បីជាប់ឃុំក្នុងអតីតកាលនោះទេ ប៉ុន្តែគឺដើម្បីកុំឱ្យភ្លេចប្រវត្តិសាស្រ្ត»។ លោកបន្ថែមថា ប្រវត្តិសាស្រ្តបារាំង-កម្ពុជាត្រូវបានដិតដាមដោយហេតុការណ៍ទាំងនេះ។

លោក ហ្សាក់ ប៉ឺឡេ ក៏បានគូសបញ្ជាក់ផងដែរពីដែនកំណត់នៃសកម្មភាពរបស់រដ្ឋាភិបាលបារាំងនៅពេលនោះ៖ ទោះបីជាប្រទេសបារំាងបានផ្តល់សិទ្ធិជ្រកកោនដល់សកម្មជនប្រឆាំងឈីលី៣០០នាក់ក្រោយរដ្ឋប្រហារឆ្នំា១៩៧៣ក្តី ក៏បារាំងមិនអាចផ្តល់ការកាពារតាមការរំពឹងទុក ចំពោះពលរដ្ឋកម្ពុជាប្រមាណ៦០០នាក់ ដែលបានភៀសខ្លួនមកជ្រកកោននៅក្នុងស្ថានទូតខ្លួននៅភ្នំពេញបានដែរ។ លោកទូតលើកឡើងថា៖ «ព្រឹត្តិការណ៍ដែលកើតឡើង រយៈពេលច្រើនខែក្រោយមក បានបញ្ជាក់កាន់តែច្បាស់ថា គេមិនអាចចរចាអ្វីជាមួយពួកខ្មែរក្រហមបានឡើយ។ ជាការពិត មានសំណួរដ៏ឈឺចាប់មួយដែលនៅតែចោទឡើង៖ តើយើងអាចធ្វើអ្វីបានប្រសើរជាងនេះដែរឬទេកាលនោះ? អំពើប្រល័យពូជសាសន៍ដែលបានកើតឡើងក្រោយមក អាចឱ្យយើងសន្និដ្ឋានថា ប្រហែលមិនអាចទេ»។

លោកឯកអគ្គរដ្ឋទូតបានលើកឡើងពីចំណងប្រវត្តិសាស្រ្តរវាងប្រទេសបារំាង និងកម្ពុជាជាពិសេសពីសាមគ្គីភាពដែលបារាំងបង្ហាញចំពោះកម្ពុជា តាមរយៈការទទួលយកជនភៀសខ្លួនកម្ពុជាជាច្រើនពាន់នាក់ (មួយម៉ឺននាក់បើគិតត្រឹមតែចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៨) ការដើរតួនាទីសំខាន់ក្នុងការចរចាដែលនាំទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឆ្នាំ១៩៩១ និងការគាំទ្រដ៏សកម្មដល់ការកសាងប្រទេសកម្ពុជាឡើងវិញ ក៏ដូចការផ្តួចផ្តើមគំនិតថ្មីៗផ្សេងទៀតផ្នែកមនុស្សធម៌។ លោកទូតបានបញ្ជាក់ពីសម្ទុះដ៏ប្រសើរនៃសាមគ្គីភាពមួយ ដែលបន្តមាននៅពេលបច្ចុប្បន្ន តាមរយៈវត្តមានរបស់អង្គការសង្គមស៊ីវិល និងអ្នកស្ម័គ្រចិត្តបារាំង។

គួរបញ្ជាក់ថា នៅពេលការបើកដំណើរការស្ថានទូតបារាំងឡើងវិញនៅឆ្នាំ១៩៩៥ អតីតទ្វាររបងមួយចំហៀងរបស់ស្ថានទូត ដែលជាច្រកឆ្លងកាត់នៃក្តីសង្ឃឹម និងក្តីអស់សង្ឃឹម ត្រូវបានជួសជុលឡើងវិញ ហើយបច្ចុប្បន្ន អតីតទ្វារនេះត្រូវបានរក្សាទុកនៅក្នុងឧទ្យានស្ថានទូត ដើម្បីជាកន្លែងរម្លឹកការចងចាំ។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា៖ «ល្ងាចនេះ យើងចង់រម្លឹកដល់ដួងវិញ្ញាណក្ខន្ធរបស់អ្នកដែលបានចាកចេញទៅ។ ខ្ញុំសូមប្រើពាក្យនេះរបស់លោក SÉRA (សិល្បករបារាំង-ខ្មែរដែលបានជ្រកកោននៅស្ថានទូតកាលពីឆ្នាំ១៩៧៥)។ ពោលគឺរម្លឹកដល់ដួងវិញ្ញាណក្ខន្ធរបស់ពលរដ្ឋកម្ពុជាដែលត្រូវចាកចេញពីស្ថានទូត ក៏ដូចជាពលរដ្ឋបារាំងដែលបានបាត់ខ្លួនប្រមាណ១០០នាក់ដោយសារមិនអាចមកដល់ស្ថានទូតទាន់ពេលវេលា។ យើងសូមបង្ហាញក្តីនឹករលឹកដោយសាមគ្គីភាពបំផុតដល់ពួកគេ និងសាច់ញាតិក្រុមគ្រួសារ»។

ក្នុងឱកាសខួប៥០ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញនេះ ស្ថានទូតបារាំងក៏បានសហការជាមួយវិទ្យាស្ថានបារាំងនៅកម្ពុជា ដើម្បីរៀបចំផងដែរនូវការតាំងពិព័រណ៍រូបថត សន្និសីទ និងការចាក់បញ្ចាំងភាពយន្តពាក់ព័ន្ធខ្មែរក្រហម។ គំនិតផ្តួចផ្តើមទាំងនេះមានគោលដៅរក្សាការចងចាំពីព្រឹត្តិការណ៍ដ៏សោកនាដកម្មនៅជំនាន់នោះ បញ្ជ្រាបប្រវត្តិសាស្រ្តនេះដល់មនុស្សជំនាន់ក្រោយ និងបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តរបស់ប្រទេសបារំាងចំពោះទំនាក់ទំនងជាមួយកម្ពុជា ដែលផ្អែកលើការទទួលស្គាល់អតីតកាល ការសន្ទនា និងទំនុកចិត្តជាដើម៕

អត្ថបទ ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia