ព័ត៌មាន
ទោះទទួលលទ្ធផលដ៏សោកសៅ តែគ្រូបង្វឹកព្រះខ័នរាជ នៅតែមានមោទនភាពលើកូនក្រុម
កីឡា ៖ ការខកខានឱកាសគ្រងជើងឯកពានរង្វាន់ AFC Challenge League 2024/25 របស់ក្លិបព្រះខ័នរាជស្វាយរៀង បានក្លាយជារឿងដ៏គួរឲ្យសោកស្ដាយ ហើយត្រូវបានអ្នកគាំទ្រសម្ដែងការមិនអស់ចិត្ត ទោះបីការប្រកួតបានបញ្ចប់ទៅហើយក្ដី ។ ជាមួយគ្នា ទោះបីទទួលបានលទ្ធផលដ៏សោកសៅនេះ ក៏គ្រូបង្វឹកលោក Pep Munoz នៅតែមានមោទនភាពលើកូនក្រុម ចំពោះការខំប្រឹងលេងបានយ៉ាងល្អ ក្នុងវគ្គផ្ដាច់ព្រ័ត្រទល់នឹងក្រុមភ្ញៀវ FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន កាលពីរាថ្ងៃទី១០ ខែឧសភាកន្លងទៅ។
នៅក្នុងសន្និសីទសារព័ត៌មាក្រោយចប់ការប្រកួត ១២០នាទី ជាមួយលទ្ធផលបរាជ័យ ១-២ លោក Pep បានថ្លែងដោយទឹកមុខស្រពោនថា ការប្រកួតនេះ កូនក្រុមខ្លួនលេងបានល្អ តាមផែនការ និងការរៀបចំ ប៉ុន្ដែបាល់ទាត់ គឺជាកីឡាទាត់ចូលទី ហើយក្រុមស៊ុតបញ្ចប់ទីបានច្រើនជាង នឹងឈ្នះ ។ លោកបានសម្ដែងនូវការសោកស្ដាយ ចំពោះលទ្ធផលដ៏សោកសៅនេះ មិនត្រឹមតែកីឡាករ និងអ្នកគាំទ្រ តែពិតជាសោកស្ដាយសម្រាប់ប្រជាជនកម្ពុជា ។ យ៉ាងណាលោកនៅតែមានមោទនភាព ចំពោះកីឡាករទាំងអស់ ដែលពួកគេធ្វើបានល្អ និងធ្វើគ្រប់យ៉ាងក្នុងការប្រកួតនេះ។
ទន្ទឹមជាមួយគ្នា លោក Ahmet Allaberdiyev គ្រូបង្វឹកក្រុម FK Arkadag បានទទួលស្គាល់ពីភាពខ្លាំងរបស់ក្រុមព្រះខ័នរាជស្វាយរៀង តែយ៉ាងណាសំណាងគឺនៅខាងក្រុមរបស់ខ្លួន ដែលទទួលបានជ័យជម្នះក្នុងការប្រកួតដ៏សំខាន់នេះ ចំពោះមុខអ្នកគាំទ្រដ៏ច្រើនរបស់កម្ពុជា ។ លោកសង្ឃឹមថា ជ័យជម្នះនេះ នឹងក្លាយជាចលករមួយទៀត ដើម្បីបណ្ដុះគំនិត និងការអភិវឌ្ឍយុវជនក្នុងវិស័យកីឡាបាល់ទាត់ប្រទេសតួកម៉េនីស្ថានកាន់តែរីកចម្រើនថែមទៀត។
គួរដឹងថា ជំនួបដ៏តានតឹងក្នុងវគ្គផ្ដាច់ព្រ័ត្រពានកម្រិតទី៣ ទ្វីបអាស៊ីនេះ ក្រុមភ្ញៀវ FK Arkadag បានបើកការនាំមុខ ១គ្រាប់មុន ដោយកីឡាករ Mekan Saparov នៅនាទី៥៩ បន្ទាប់ពីត្រូវព្រះខ័នរាជស្វាយរៀង ដាក់សម្ពាធខ្លាំង។ យ៉ាងណាមិញក្រុមជើងឯកលីគកំពូលកម្ពុជា ក៏រកបានគ្រាប់តាមស្មើវិញ ដោយកីឡាករ សារ៉េត គ្រីយ៉ា នៅនាទី៨២ ដែលនាំឲ្យការប្រកួតរក្សាលទ្ធផល ១-១ ដល់ចប់ ៩០នាទី និងឈានដល់ការថែម ១៥នាទី ២ដង ។ ជាការសោកស្ដាយ ក្រោយការបន្ដដាក់សម្ពាធ និងបង្កើតឱកាសជាច្រើនលើក ព្រះខ័នរាជស្វាយរៀង មិនអាចរកគ្រាប់បាល់បន្ថែម ផ្ទុយទៅវិញ កីឡាករ Altymyrat Annadurdyýew ដែលឈរចាំវាយបក បានបណ្ដើរបាល់យ៉ាងលឿនស៊ុតបញ្ចប់ទី នៅនាទី១១២ ដែលជាគ្រាប់ជួយឲ្យក្រុម FK Arkadag ទទួលបានជ័យជម្នះ និងក្លាយជាជើងឯកតែម្ដង។
ការបរាជ័យទាំងប្រផិតប្រផើយនេះ បានធ្វើឲ្យអ្នកគាំទ្របាល់ទាត់កម្ពុជានៅតែសោកស្ដាយ ជាមួយក្លឹបបាល់ទាត់ព្រះរាជស្វាយរៀង ដែលមិនអាចឈ្នះក្លាយជាជើងឯក ប៉ុន្ដែក្លឹបបានស្ថិតក្នុងក្រអៅបេះដូងអ្នកគ្រាំទាំងអស់ដោយបង្ហាញទម្រង់លេងដ៏អស្ចារ្យមិនចាញ់ក្លឹបបាល់ទាត់នៅប្រទេសជឿនលឿនខាងបាល់ទាត់ឡើយ។ មិនតែប៉ុណ្ណោះជើងឯកលីគកំពូលកម្ពុជានៅបានប្រាប់ពិភពលោកពីការរីកចម្រើនរបស់កម្ពជាដល់កម្រិតណានាពេលបច្ចុប្បន្ន។
អ្នកគាំទ្របាល់ទាត់ជាតិ ក៏បានអរគុណយ៉ាងខ្លាំងដល់កីឡាករទាំងអស់ ក៏ដូចជាក្រុមការងារក្លឹប ពិសេសកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់ប្រធានក្លឹប ឯកឧត្ដម ឌី វិជ្ជា ចំពោះការលះបង់ក្នុងការអភិវឌ្ឍក្លឹប និងរៀបចំការប្រកួតកម្រិតទ្វីបដ៏ល្អបែបនេះ។
ទោះបីលទ្ធផលមិនល្អបានត្រឹមជើងរង ឯកឧត្ដមប្រធានក្លឹបនៅតែញញឹម និងលើកទឹកចិត្តកូនក្រុម និងក្រុមការងារគ្រូបង្វឹកចំពោះកិច្ចខិតខំប្រឹងប្រែងលេងយ៉ាងល្អទាក់ចិត្តអ្នកគ្រាំទូទាំងប្រទេសនេះផងដែរ៕
អត្ថបទ លី ឈុនឡា











-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 day agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ