ព័ត៌មាន
សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ផ្ញើសារលិខិតរំលែកមរណទុក្ខក្រុមគ្រួសារពលករខ្មែរពីរនាក់ទៀតដែលទទួលមរណភាពក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនាកន្លងទៅ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ លោក សុក សាន់ និងលោកស្រី ហង់ ថេត ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោក សាន់ សឿន ត្រូវជាកូន ដែលបានទទួលមរណភាពក្នុងអាយុ ៣៨ឆ្នាំ ក្នុងគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ។
តាមរយៈសារលិខិត សម្ដេចធិបតី នាយករដ្ឋមន្រ្ដី និងលោកជំទាវបណ្ឌិត មានសេចក្ដីក្ដុកក្ដួលរំជួលចិត្តយ៉ាងខ្លាំង ដោយទទួលដំណឹងថា លោក សាន់ សឿន ត្រូវជាកូនរបស់ លោក និងលោកស្រី ដែលបានទទួលមរណភាពក្នុងអាយុ ៣៨ឆ្នាំ នៅក្នុងគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានចូលរួមរំលែកទុក្ខប្រកបដោយ សេចក្តីសង្វេគអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់កូនជាទីស្រលាញ់ ដែលប្រកបដោយកតញ្ញូតាធម៌ គុណធម៌ ចំពោះឪពុកម្តាយ ជីដូន ជីតា និងញាតិមិត្តជាទីស្រលាញ់។
ជាមួយគ្នានេះ សម្ដេចធិបតី និងភរិយា បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក សាន់ សឿន សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា យោងតាមលទ្ធផលនៃ ការពិនិត្យកោសល្យវិច័យ DNA របស់វិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យនៃមន្ទីរពេទ្យនគរបាលជាតិប្រទេសថៃ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នេះ បានបញ្ជាក់ថា សពពិតជាឈ្មោះ លោក សាន់ សឿន អាយុ ៣៨ឆ្នាំ និងឈ្មោះ លោកស្រី សុខ គឹមសី អាយុ ៣១ឆ្នាំ បានទទួលមរណភាពក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ប្រាកដមែន។ ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះ ក្រសួង ស្ថានឯក អគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បាននិងកំពុងសម្របសម្រួលរៀបចំឯកសារនានាស្របតាមនីតិវិធីរបស់ប្រទេសថៃ ដើម្បីយកសពមកធ្វើបុណ្យតាមប្រពៃណីនៅ ស្រុកកំណើត ព្រមទាំងបន្តតាមដានចំពោះសំណងនានា ដែលគ្រួសារនៃសពត្រូវទទួលបានពីភាគីថៃ។
ក្រសួងបញ្ជាក់ថា ចាប់តាំងពីថ្ងៃកើតមានគ្រោះរញ្ជួយដីនៅប្រទេសថៃ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ និងសហគមន៍ខ្មែរនៅប្រទេសថៃ ដើម្បីកំណត់អត្តសញ្ញាណពលករខ្មែរដែលបាត់ខ្លួន និងបានផ្តល់ការគាំពារ ទាន់ពេលវេលាដល់ក្រុមគ្រួសារបងប្អូនពលករខ្មែរដែលបានទទួលមរណភាព និងរងរបួសដោយសារគ្រោះ មហន្តរាយធម្មជាតិនេះ៕




-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 day agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ