ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យវិនិយោគិនជប៉ុន វិនិយោគលើវិស័យកសិឧស្សាហកម្មនៅកម្ពុជាដែលកំពុងមានការខ្វះខាត
នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានបង្ហាញនូវក្ដីរីករាយ និងស្វាគមន៍ចំពោះលោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ សម្ដេចក៏អរគុណដែរចំពោះប្រតិភូជប៉ុន ដែលបានចាប់អារម្មណ៍ចំពោះការវិនិយោគ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅក្នុងវិស័យកសិកម្ម។
សម្ដេចរំពឹងថា តាមរយៈដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានាពេលនេះនឹងជាផ្នែកមួយដ៏សំខាន់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសវិនិយោគ ក្នុងប្រទេសកម្ពុជាដើម្បីទាញយកនូវផលប្រយោជន៍ តាមរយៈការវិនិយោគក្នុងវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាឱ្យអស់ពីសក្ដានុពល។
នៅក្នុងឱកាសនោះ លោក អាគីរ៉ា ដូដាតេ នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងប្រតិភូជួបសម្ដែងការគួរសមក្នុងពេលនេះ ហើយលោកបានចាប់អារម្មណ៍ទៅលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះលោកបានរំលេចអំពីសក្ដានុពលកសិកម្មនៅក្នុងប្រទេសជប៉ុនដែលកម្ពុជាអាចធ្វើកិច្ចសហប្រតិបត្តិការ និងអាចរៀនសូត្របាន។ លោកបានលើកឡើងថា ជប៉ុនបានធ្វើកសិកម្មតាមបែបឆ្លាតវៃ ពោលគឺការធ្វើកសិកម្មពឹងផ្អែកទៅលើបច្ចេកវិទ្យា។ ចំណុចនេះ លោកសង្ឃឹមថា តាមរយៈក្រុមហ៊ុនលោកនឹងអាចជួយសម្របសម្រួល ក្នុងការបណ្ដុះធនធានមនុស្សកម្ពុជាបន្ថែមទៀតពីវិស័យកសិកម្មឆ្លាតវៃរបស់ជប៉ុនមកដល់កម្ពុជា។
លោកសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការនាពេលខាងមុខ នឹងអាចមានដំណើរទស្សនកិច្ចពីមន្រ្ដីកម្ពុជា ទៅកាន់ប្រទេសជប៉ុនដើម្បីស្វែងយល់អំពីទិដ្ឋភាពនៃវិស័យកសិកម្មនៅក្នុងប្រទេសជប៉ុនហើយយកមកអនុវត្តនៅក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសនោះ លោក អាគីរ៉ា ដូដាតេ បានស្នើសុំការចង្អុលបង្ហាញពីសម្ដេចតេជោ អំពីឱកាសក្នុងការវិនិយោគនៅប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតប សម្ដេចតជោ បានរំលេចឡើងថា កម្ពុជា ចាប់ពីឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ដោយសម្ដេចបានលើកឡើងថា កម្ពុជាកាលពីអតីតកាលវិស័យកសិកម្មមានភាពអន់ថយ ហើយពីមុនកម្ពុជាខ្វះស្បៀងផលិតត្រឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកតែប៉ុណ្ណោះ ប៉ុន្ដែក្រោយពីមានការធ្វើកំណែទម្រង់ជាបន្តបន្ទាប់តាំងពីសម្ដេចនៅជានាយករដ្ឋមន្រ្ដី កម្ពុជាបានប្រែខ្លួនពីប្រទេសដែលខ្វះស្បៀង ផលិតស្បៀងសម្រាប់តែផ្គត់ផ្គង់ក្នុងប្រទេស ក្លាយជាប្រទេសដែលមានស្បៀងបបូរ និងអាចនាំចេញទៅក្រៅប្រទេសថែមទៀត។
ទន្ទឹមនឹងនេះ សម្ដេចតជោបានលើកឡើងថានូវចំណុចខ្វះខាតដែលកម្ពុជាត្រូវតែបំពេញ និងអភិវឌ្ឍបន្ថែម គឺការកែច្នៃ ដោយបច្ចុប្បន្នដោយសារតែកំណើននៃការផលិតនៅក្នុងប្រទេសកម្ពុជា មានការកើនឡើងច្រើនកម្ពុជាបាននាំចេញផលិតផលកសិកម្មដែលជាវត្ថុធាតុដើមទៅលក់នៅក្រៅប្រទេសដែលធ្វើឱ្យកម្ពុជាខាតបង់នូវផលប្រយោជន៍។
សម្ដេចតេជោរំលេចថា បើក្រុមហ៊ុនជប៉ុនចាប់អារម្មណ៍នៅក្នុងការវិនិយោគបន្ថែមកសិឧស្សាហកម្ម ពោលគឺការកែច្នៃវត្ថុធាតុដើមនៅក្នុងប្រទេសកម្ពុជាសម្រាប់នាំចេញនោះ គឺជាចំណុចខ្លាំងមួយដែលអាចអនុញ្ញាតឱ្យកម្ពុជាពង្រីកខ្លួននៅក្នុងការនាំចេញផលិតផល និងទាញយកផលចំណេញបានច្រើន ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ។ សម្ដេចលើកឧទាហរណ៍ដូចជាដំណាំស្រូវ និងស្វាយចន្ទី ដែលជាដំណាំសក្ដានុពលរបស់កម្ពុជា ប៉ុន្ដែកម្ពុជាបាននាំវត្ថុធាតុដើមចេញទៅលក់នៅក្រៅប្រទេស ដោយកង្វះខាតនូវការវិនិយោគលើការកែច្នៃនៅក្នុងប្រទេសដើម្បីនាំចេញដោយខ្លួនឯង។ ដូច្នេះសម្ដេចចង់ឱ្យអ្នកវិនិយោគជប៉ុនចាប់អារម្មណ៍លើវិស័យកសិឧស្សាហកម្មនៅកម្ពុជាឱ្យមានការកើនឡើង។ សម្ដេចតេជោសង្ឃឹមថា សម្រាប់ការងារបច្ចេកទេសបន្ថែម ភាគីជប៉ុន និងរាជរដ្ឋាភិបាលជាពិសេសខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាស្ថាប័នជំនាញនៅក្នុងវិស័យនេះដើម្បីធ្វើកិច្ចសហការជាមួយគ្នា។
ក្នុងឱកាសនោះ លោក អាគីរ៉ា ដូដាតេ នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន បានបង្ហាញនូវការចាប់អារម្មណ៍ ពីការលើកឡើងរបស់សម្ដេចតេជោ ចំពោះការវិនិយោគលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។ លោកលើកឡើងថា តាមរយៈដំណើរមកកាន់ប្រទេសកម្ពុជា ភាគីក្រុមហ៊ុនរបស់លោកនឹងសិក្សាបន្ថែម ហើយជជែកជាមួយរាជរដ្ឋាភិបាលថាតើក្រុមហ៊ុនរបស់លោកអាចនឹងវិនិយោគទៅលើវិស័យអ្វីផលិតកម្មអ្វីសំខាន់សម្រាប់វិស័យកសិកម្មនេះ។ លោកក៏បានសន្យាជួយជំរុញវិនិយោគិនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ជាពិសេសនៅក្នុងវិស័យកសិកម្មនេះឱ្យបានច្រើន៕

-
PR NEWS6 days ago
តែមួយ និង ដំបូងគេនៅកម្ពុជា! កម្មវិធី Idol Make Up Battle មកដល់ហើយ
-
ព័ត៌មាន5 days ago
ជនសង្ស័យគ្រឿងញៀន០៨នាក់ ជាមុខសញ្ញាលួចឆក់ប្លន់បង្កអសន្តិសុខ ក្នុងមូលដ្ឋានត្រូវ នគរបាលឃាត់ខ្លួន
-
ព័ត៌មាន1 week ago
ការកាយដីចេញពីទន្លេសាបវិញរបស់ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង ធ្វើបានតែ១ថ្ងៃ នាំអោយមានការរិះគន់ច្រើនពីប្រជាពលរដ្ឋ
-
ព័ត៌មាន5 days ago
សម្តេចតេជោ មានការភ្ញាក់ផ្អើលក្រោយគេចោទប្រកាន់កម្ពុជាថា ជាកន្លែងឋានសួគ៍លោកិយនៃការឆបោកល្បែងតាមអនឡាញ
-
ព័ត៌មាន5 days ago
សម្ដេចធិបតី៖ ប្រទេសជាតិមួយអាចកសាងរីកចម្រើនទៅបាន គឺត្រូវមានមូលធនមនុស្សរឹងមាំ
-
ព័ត៌មាន4 days ago
ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បន្តកាយដីចេញ ក្រោមការត្រួតពិនិត្យពីក្រសួងធនធានទឹក
-
ព័ត៌មាន5 days ago
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍
-
ព័ត៌មាន3 hours ago
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា÷ កងទ័ព២រូប ពលីនៅប្រទេសស៊ូដង់ខាងត្បូង