ព័ត៌មាន
មន្រ្ដីរាជការ និងប្រជាពលរដ្ឋខេត្តបាត់ដំបងប្រារព្ធពិធីថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសចម្រើនព្រះជន្មគម្រប់៧២ យាងចូល៧៣ព្រះវស្សា
បាត់ដំបង៖នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ យុវជន និស្សិត និងសិស្សានុសិស្សប្រារព្ធពិធីថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនព្រះជន្មគម្រប់៧២ យាងចូល៧៣ព្រះវស្សា។

តាមរយៈអំណានសារលិខិតថ្វាយព្រះពរ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តមវិសេសវិសាលថ្លៃថ្លាបំផុតនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧២ព្រះវស្សា យាងចូល៧៣ព្រះវស្សារបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រព្រឹត្តទៅនៅថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិត ព្រមទាំងប្រជារាស្ត្រទូទាំងខេត្តបាត់ដំបង សូមព្រះបរមរាជានុញ្ញាតក្រាបបង្គំថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់យាងបំពេញនូវព្រះរាជបូជនីយកិច្ចដ៏បវរឧត្ដុង្គឧត្តមថ្លៃថ្លាដល់ជាតិមាតុភូមិនិងជាម្លប់ដ៏ត្រជាក់ត្រជំសុខដុមរមនាចម្រុងចម្រើនរុងរឿងថ្កុំថ្កើងដល់ប្រជារាស្ត្រ ជាកូន ជាចៅ និងជាចៅទួតរបស់ព្រះអង្គជាភិយ្យោភាពតរៀងទៅ។

ឯកឧត្តម សុខ លូ មានប្រសាសន៍បន្ថែមថា ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌គោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ថ្វាយចំពោះព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែងយកព្រះទ័យទុកដាក់អស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណដ៏ឧត្តុង្គឧត្តមបំផុត ក្នុងការបំពេញនូវព្រះរាជកិច្ចប្រកបដោយទសពិធរាជធម៌ និងជាព្រះរាជអគ្គមគ្គុទេសក៍ដ៏ពេញដោយព្រះគុណធម៌ និងព្រះគតិបណ្ឌិត ដ៏ឈ្លាសវៃបំផុតដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព សុខដុមរមនា ស្ថិរភាព សាមគ្គីភាព និងមានភាពរីកចម្រើនលើគ្រប់វិស័យ ហើយកិត្យានុភាពជាតិក៏ត្រូវបានលើកកម្ពស់ និងមានភាពល្បីល្បាញលើសាកលលោក ប្រជារាស្ត្ររស់នៅប្រកបដោយសេចក្តីសុខ ក្សេមក្សាន្ត មានសុភមង្គល និងមានជីវភាពរីកចម្រើនប្រកបដោយភាពថ្លៃថ្នូរ មានសេរីភាពបរិបូរណ៍ និងមានវឌ្ឍនភាពឥតឈប់ឈរ។ សារជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា តេជៈបារមី ព្រះឥន្ទ ព្រះព្រហ្ម និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ព្រមទាំងបុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” សូមតាមជួយថែរក្សា អភិបាលប្រោះព្រំនូវព្រះរាជសព្ទសាធុការពរជ័យគ្រប់ប្រការដល់ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ