ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥) នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការប្រារព្ធខួបលើកទី៨០ឆ្នាំនៃការកកើត កងកម្លាំងនគរបាលជាតិ គឺជាការរំលឹក និងដឹងគុណនូវវីរភាពយុទ្ធមិត្តនគរបាលគ្រប់ជំនាន់ ដែលបានពលីគ្រប់បែបយ៉ាងបុព្វហេតុសន្តិភាព និងមួយវិញទៀត គឺជាការប្តេជ្ញាចិត្តជាថ្មីទៀតរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងស្ថាប័នមួយនេះ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៖ កោតសរសើរនូវស្នាដៃរបស់កងកម្លាំងនគរបាលដែលបានចូលរួមការពារសុខសន្តិភាព ការពារបូរណភាពទឹកដី និងផលប្រយោជន៍ជាតិ និងប្រឆាំងមិនឲ្យកើតមានអំពើភេរវកម្ម និងទប់ស្កាត់ការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កងកម្លាំងនគរបាលជាតិ បានធ្វើការយ៉ាងសកម្មក្នុងការចូលរួមភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព និងការជួយអន្តរាគមន៍បង្រ្កាបបទល្មើសគ្រប់ ប្រភេទ និងការបម្រើសេវាសន្តិសុខជូនដល់ប្រជាពលរដ្ឋជាដើម។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ណែនាំឱ្យអង្គភាពនីមួយៗ នៃកងកម្លាំងនគរបាលជាតិត្រូវក្ដាប់ឱ្យជាប់នៅចំណុចខ្លាំង និងចំណុចខ្សោយរបស់អង្គភាព ក្ដាប់ឱ្យជាប់ និងពង្រីកបន្ថែមនូវចំណុចខ្លាំង និងកាត់បន្ថយឱ្យបានចំពោះចំណុចខ្សោយរបស់អង្គភាពនីមួយៗ ជាពិសេសការអនុវត្តរបស់បងប្អូនជាកងកម្លាំងនគរបាលជាតិកម្ពុជា។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្ពុជាបានប្រែក្លាយពីសង្គមមួយមាន បញ្ហាច្រើន(សង្រ្គាម)ពីមុន និងឯកោបំផុត តែពេលនេះ បានក្លាយជាសង្គមមួយបានកំពុងរីកចម្រើនគ្រប់វិស័យ និងបន្តឆ្ពោះទៅកាន់ភាពរុងរឿងកាន់តែល្អប្រសើរបន្ថែមទៀតនាពេលខាងមុខ។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ការប្រែប្រួលនៃការអភិវឌ្ឍប្រទេស និងពិភពលោក គឺទាមទារឱ្យកងកម្លាំងនគរបាលជាតិ ត្រូវត្រៀមខ្លួនជានិច្ច និងខិតខំរៀបចំលិខិតបទដ្ឋាន និងគោលនយោបាយនានា ដើម្បីទបស្កាត់បទល្មើសនានាទាំងបទល្មើសបច្ចេកវិទ្យា និងបទល្មើសនៅមូដ្ឋាន ដូចជាករណីក្មេងទំនើងជាដើម។
-សម្ដេចមហាបវរធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ប្រសិនបើពលរដ្ឋក្រីក្រនោះពិតជាមិនមានក្មេងទំនើងបង្ហោះម៉ូតូល្អៗលេងនោះទេ, ប្រសិនបើកម្ពុជាជាប្រទេសបិទជិត នោះពលរដ្ឋកម្ពុជាក៏មិនអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបច្ចុប្បន្នបាននោះដែរ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ពលរដ្ឋកម្ពុជាបច្ចុប្បន្នប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបមានរហូតជាង ៩៩ ភាគរយ។ បច្ចេកវិទ្យាបានជួយសម្រួលដល់ការងារ និងទំនាក់ទំនងនានា ប៉ុន្តែក៏មានក្រុមឧក្រិដ្ឋជនប្រើបច្ចេកវិទ្យាដើម្បីប្រ ព្រឹត្តបទល្មើសនានាផងដែរ ដែលនេះទាមទារឱ្យមានការបង្កើនការទប់ស្កាត់ឱ្យខាងតែបាន។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ការការពារឱ្យបាននូវសុខសន្ដិភាព ស្ថិរភាព និងសន្ដិសុខជូនដល់ប្រជាពលរដ្ឋ គឺជាអ្វីដែលកងកម្លាំងនគរបាលជាតិត្រូវធ្វើឱ្យបាន មិនអាចឱ្យក្រុមជ្រុលនិយមណាមួយបង្កើតចលនា ព័ត៌មានក្លែងក្លាយ ធ្វើឱ្យប្រទេសជាតិអសន្ដិសុខ អសុវត្ថិភាពបានឡើយ។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ណែនាំដល់នគរបាលជាតិបន្តជំរុញ និងលើកកម្ពស់តួនាទីស្នូលរបស់កងកម្លាំងនគរបាលជាតិ ជាពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនៅមូលដ្ឋានជូនដល់ប្រជាពលរដ្ឋ និងទប់ស្កាត់នូវបទល្មើសគ្រប់ប្រភេទ។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ណែនាំដល់កងកម្លាំងនគរបាលជាតិ ជាពិសេសកងកម្លាំងពន្លត់អគ្គិភ័យ ខិតខំហ្វឹកហ្វឺន ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះអគ្គិភ័យ ខណៈបច្ចុប្បន្នដងស៊ីតេនៅក្នុងទីក្រុង ទីប្រជុំជនមានការកើនឡើងខ្លាំង ដូច្នេះទាមទារឱ្យកងកម្លាំងត្រូវមានជំនាញខ្ពស់ និងការងារមមាញឹកជាងមុន។
-សម្ដេចមហាបវរធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការអនុវត្តអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ មិនមែនអនុវត្តត្រឹមតែមន្ត្រី និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទនោះទេ សូម្បីតែពលរដ្ឋក៏ត្រូវចូលរួមអនុវត្តផងដែរ គឺត្រូវចូលរួមអប់រំ ទប់ស្កាត់កូនចៅសាច់ញាតិនានាកុំឱ្យប្រព្រឹត្តបទល្មើស ដែលបណ្ដាលឱ្យមានទោសទណ្ឌ ហើយត្រូវនគរបាលនាំខ្លួន ទៅដាក់មន្ទីរអប់រំកែប្រែនោះអី។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បន្តណែនាំដល់ការសាងសង់សំណង់ខ្ពស់ៗ គឺត្រូវតែធ្វើឱ្យមានស្ដង់ដា មានប្រព័ន្ធការពារអគ្គិភ័យឱ្យបានត្រឹមត្រូវ។ សម្ដេច ក៏បានណែនាំដល់កងកម្លាំងពន្លត់អគ្គិភ័យ ត្រូវបង្កើនល្បឿន ក្នុងការជួយសង្គ្រោះពលរដ្ឋចំពោះករណីគ្រោះអគ្គិភ័យនេះផងដែរ។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់បណ្ដាប្រទេសជាមិត្តនានា ដែលបានសហការផ្ដល់ការបណ្ដុះបណ្ដាលដល់កងកម្លាំងនគរបាលជាតិកម្ពុជា អាចមានសមត្ថភាពបង្ក្រាបបទល្មើសគ្រប់រូបភាព។ ក្នុងនោះ សម្ដេចបន្តលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិកម្ពុជា ត្រូវខិតខំបន្តហ្វឹកហ្វឺន ពង្រឹងសមត្ថភាព ដើម្បីអាចអនុវត្តការងារបានល្អ។
-សម្ដេចមហាបវរធិបតីនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ មន្ត្រីនគរបាលទាំងអស់ត្រូវបង្កើនការបណ្ដុះបណ្ដាលឱ្យមានសមត្ថភាពតាមស្តង់ដាដែលកំណត់ដោយសាលានគរបាល។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា មន្ត្រីនគរបាលទាំងអស់ត្រូវប្រកបដោយគុណភាព និងបរិមាណ មានន័យថា មន្ត្រីគ្រប់រូបដែលបម្រើការងារក្នុងកងកម្លាំងនគរបាលត្រូវប្រកបដោយគុណភាព និងសមត្ថភាព, មន្ត្រីនគរបាលគ្រប់រូបត្រូវយល់ដឹងពីច្បាប់ និងការអនុវត្តឱ្យបានត្រឹមត្រូវ ដើម្បីការពារសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមជូនពលរដ្ឋឱ្យបានកាន់តែប្រសើរ។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានចោទសួរថា បើក្រុមជ្រុលនិយមដែលលើកឡើងថា មានការលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនោះ សូមបញ្ជាក់ឯកសារមក! ខណៈរាជរដ្ឋាភិបាលតាំងតែពីការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី និងអាណត្តិទី៧នេះ ក្រោមការដឹកនាំដោយសម្ដេចផ្ទាល់ គឺគ្មានការលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនេះ នោះទេ។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការរក្សាទុកនូវព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង គឺដើម្បីការពារក្នុងករណីដែលព្រលានយន្តហោះថ្មី ចៃដន្យមានបញ្ហាណាមួយកើតឡើងគឺអាចយកព្រលានយន្តហោះចាស់នេះ ប្រើប្រាស់ជំនួសវិញបាន។ ក្រៅពីនេះព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនឹងរក្សាទុកជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាទ្រព្យសម្បត្តិរបស់រដ្ឋមិនលក់ឱ្យជារបស់ឯកជនឡើយ ដោយធ្វើយ៉ាងណារក្សាទីតាំងព្រលានយន្តហោះចាស់នេះទុក ជាទីតាំងប្រវត្តិសាស្រ្ដ។
-សម្ដេចមហាបវរធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកដែលមានឯកសារបញ្ជាក់ពីការលក់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ(ព្រលានយន្តហោះពោធិ៍ចិនតុង)យកមកបង្ហាញសម្ដេច។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ទាំងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចផ្ទាល់(សម្ដេចមហាបវរធិបតី)ជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺមិនដែលបានអនុញ្ញាតឱ្យមានការផ្ទេរទៅឱ្យឯកជន ឬ លក់ទៅឱ្យឯកជននោះឡើយ។

-
ព័ត៌មាន4 days ago
TOP STORY សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកដី២ហិកតាតម្លៃជាង១០លានដុល្លារ នៅជ្រោយចង្វារ ដើម្បីសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រី
-
ព័ត៌មាន7 days ago
ឯកឧត្តម ហ៊ុន ម៉ានី គាំទ្រចំពោះចំណាត់ការម៉ឺងម៉ាត់របស់រដ្ឋាភិបាលលើដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ
-
ព័ត៌មាន2 days ago
ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះរាជសព្ទសាធុការពរជ័យ និងទូលថ្វាយរបាយការណ៍
-
ព័ត៌មាន7 days ago
សម្តេចធិបតី អំពាវនាវខ្មែរគ្រប់និន្នាការបញ្ឈប់សកម្មភាពធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពហើយបន្តឧបត្ថម្ភគាំទ្រដែលជាស្មារតីសាមគ្គីជាតិ
-
ព័ត៌មាន7 days ago
សម្តេចតេជោ បង្ហាញការឈឺចាប់ ក្រោយទាហានថៃ លួចបាញ់ទាហានខ្មែរស្លាប់ នៅតំបន់មុំបី
-
ព័ត៌មាន6 days ago
សមាជរដ្ឋសភានិងព្រឹទ្ធសភា គាំទ្រទាំងស្រុងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយសន្តិវិធី និងតាមផ្លូវច្បាប់អន្តរជាតិ
-
ព័ត៌មាន4 days ago
សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍សំខាន់ៗបន្ថែមចំនួន ៤ ដើម្បីលើកកម្ពស់ និងគាំទ្រស្រ្ដីនៅក្នុងប្រទេសកម្ពុជា
-
ព័ត៌មាន1 week ago
អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចសិក្សានៅប្រទេសចិន