ព័ត៌មាន
មន្រ្ដី ក.ប.ប. កំពុងចុះពិនិត្យការលក់ទុរេនស្រស់នៅលើទីផ្សារ ខណៈពុំទាន់រកឃើញសារធាតុគីមី
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំបានបញ្ជាក់ឱ្យដឹងថា ករណីផ្លែឈើទុរេន បន្ទាប់ពីបានយកគំរូ និងសំណាកចំនួនប្រមាណជាង ២០ សំណាកមកពី២០ទីតាំងផ្សេងៗគ្នា ដើម្បីធ្វើការវិភាគ រហូតមកទល់ពេលនេះ មិនទាន់រកឃើញមានសារធាតុគីមីហាមឃាត់នៅឡើយទេ និងខណៈមន្រ្តីជំនាញបានកំពុងបន្តធ្វើការតាមដានបន្តទៀតដោយយកចិត្តទុកដាក់លើករណីនេះ។
ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ហៅកាត់ ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងកាលពីរសៀលថ្ងៃទី១៥ ខែឧសភានេះថា បញ្ហាទុរេនក្រុមការងារបានកំពុងធ្វើយ៉ាងដុតដៃដុតជើងសកម្មផងដែរ ដោយក្នុងរយៈពេលកន្លងទៅ រហូតមកទល់ពេលនេះ គឺបានអនុវត្តត្រួតពិនិត្យតាមគោលដៅសំខាន់ៗជាច្រើន មានដូចជា កន្លែងប្រមូលផ្តុំទុរេនក្រោយពីការនាំចូល ហើយត្រៀមយកទៅទុកសម្រាប់ចែកចាយ និងគោលដៅប្រមូលផ្តុំសម្រាប់យកទៅចែកចាយ ហើយនិងទីផ្សារ រួមទាំងពីចំការផងដែរ ព្រោះចង់បញ្ជាក់ឱ្យច្បាស់ថា ចំការរបស់កម្ពុជាក៏អត់មានប្រើប្រាស់សារធាតុគីមីជ្រលក់ជា Basic Yellow 2 ហៅកាត់ ប៊ីវ៉ាយធូ (BY2) ឬក៏ អូរ៉ាមីនេអូ (Auramine O) ។
ឯកឧត្តមអគ្គនាយក បានបន្តថា ដូច្នេះយើងបានផ្ញើរគំរូ និងសំណាកទៅកាន់មន្ទីរពិសោធន៍បានច្រើនហើយ ចំនួនប្រមាណជាង ២០សំណាក ដើម្បីវិភាគ ដែលគិតមកទល់ពេលនេះ មិនទាន់រកឃើញវត្តមានសារធាតុគីមីហាមឃាត់ទាំងនោះទេ។ ហើយក្រុមការងារ នឹងបន្តធ្វើការតាមដានបន្តទៀត និងធ្វើការងារទៅលើកិច្ចការងារពាក់ព័ន្ធការត្រួតពិនិត្យ ការអប់រំផ្សព្វផ្សាយដល់អាជីវករ និងពាណិជ្ជករដែលរកស៊ីក្នុងផលិតផលទុរេននេះផងដែរ។
ទាក់ទិនការលើកឡើងខាងលើនេះ អ្នកស្រី ពួយ សុផាវី អាជីវករលក់ទុរេននៅរាជធានីភ្នំពេញ បានបង្ហាញការគាំទ្រលើចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់ និងបានឱ្យដឹងទៀតថា ការដាក់លក់ផ្លែទុរេននៅលើទីផ្សារសព្វថ្ងៃ ក្រៅពីផលិតផលក្នុងស្រុក ក៏មានផលិតផលនាំចូលផងដែរ ប៉ុន្តែគុណភាព រសជាតិ និងតម្លៃខុសគ្នា។ ជាពិសេសការដាក់លក់ផលិតផលក្លែងបន្លំ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកទិញយកទៅទទួលទាន។ អ្នកស្រី បានស្នើដល់មន្រ្តីមានសមត្ថកិច្ច បន្តរក្សាការពង្រឹងការអនុវត្តច្បាប់ឱ្យបានជាប់ជាប្រចាំដើម្បីការពារសុខភាពអ្នកប្រើប្រាស់។
កាលពីថ្ងៃទី១៣ ខែឧសភាកន្លងទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានស្នើឲ្យមន្ត្រីទទួលបន្ទុកទប់ស្កាត់ទំនិញក្លែងបន្លំ ចាត់ចែងការដកសំណាកគំរូតាមគោលការណ៍ហានិភ័យ ឬតាមរូបភាពចោះៗ ដើម្បីស្នើសុំកិច្ចសហការពីអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការវិភាគ។ ក្នុងករណីលទ្ធផលនៃការវិភាគបង្ហាញថា ផលិតផលមានសារធាតុគីមីប៉ះពាល់ដល់សុខភាព ឬខូចគុណភាព ត្រូវចាត់ចែងប្រមូល ឬឃាត់ទុកទំនិញទាំងនោះ និងធ្វើរបាយការណ៍ស្នើសុំការចាត់វិធានការបន្ត។ សូមបញ្ជាក់ទៀតថា ការដាក់ចេញវិធានការនេះ ធ្វើឡើងស្របពេលមានសេចក្ដីរាយការណ៍ពីការចាល់ផ្លែទុរេននៅប្រទេសជិតខាងកម្ពុជា កំពុងចាល់នៅក្នុងទីផ្សារ ក្រោយភាគីចិន រឹតបន្តឹងការត្រួតពិនិត្យរកសារធាតុគីមីម្យ៉ាងដែលអាចបង្កជាជំងឺមហារីក៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
PR NEWS8 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!