ព័ត៌មាន
ថ្ងៃនេះក្រសួងមុខងារសាធារណៈប្រឡងជ្រើសរើសមន្ត្រីឱ្យចូលបម្រើការនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ចំនួន១៥នាក់ ខណៈមានបេក្ខជនប្រឡងសរុប៥០៧នាក់
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥នេះ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការងារនៅ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី។ ការប្រឡងនេះ ជ្រើសរើសអ្នកជាប់ត្រឹមតែ ១៥នាក់ប៉ុណ្ណោះ ខណៈបេក្ខជនចូលរួមប្រឡងសរុបចំនួន ៥០៧នាក់។

ការប្រឡងជ្រើសរើសមន្ត្រីចំនួន ១៥នាក់ ចូលបម្រើការងារនៅ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី ជាការប្រឡងថ្មីក្នុងក្របខណ្ឌជ្រើសរើសមន្ត្រីសម្រាប់ឆ្នាំ ២០២៥។ ការប្រឡងជ្រើសរើសនេះ រៀបចំឡើងជា ២ដំណាក់កាល គឺវិញ្ញាសាសរសេរលើកទី ១ និងវិញ្ញាសាសរសេរលើកទី ២។ វិញ្ញាសាសរសេរលើកទី ១ ដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ ជាវិញ្ញាសាពហុចម្លើយ។ វិញ្ញាសាពហុចម្លើយនេះ បែងចែកជា ២ គឺភាសាបរទេស រួមមានភាសាអង់គ្លេស និងភាសាបារាំង និងវិញ្ញាសាពហុចម្លើយ លើចំណេះដឹងទូទៅពាក់ព័ន្ធនឹងមុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា និងចំណេះដឹងពាក់ព័ន្ធនឹងជំនាញឯកទេស។ ជំនាញឯកទេសត្រង់ចំណុចនេះ គឺមាន ៣ផ្នែកធំៗ គឺនីតិសាធារណៈ នីតិឯកជន និងនីតិអន្តរជាតិ។

ការប្រឡងជ្រើសរើសមន្ត្រីនៅថ្ងៃនេះ ប្រព្រឹត្តិទៅដូចជាការប្រឡងជ្រើសរើសមន្ត្រីកន្លងទៅដែរ ដោយអនុវត្តតាមតាមនិយាមនីតិវិធីប្រតិបត្តិក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

ការតាក់តែងវិញ្ញាសា គឺធ្វើឡើងភ្លាមៗនៅព្រឹកថ្ងៃប្រឡង ដោយមានសាស្ត្រាចារ្យចំនួន ១៨រូប មកពីសាកលវិទ្យាល័យផ្សេងៗ និងស្ថាប័នពាក់ព័ន្ធ។ វិញ្ញាសាត្រូវបានជ្រើសរើសដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួចត្រូវបានបោះពុម្ពភ្លាមៗ សម្រាប់ការប្រឡងដែលចាប់ផ្ដើមនៅម៉ោង ១.០០ថ្ងៃត្រង់។ ការជ្រើសរើសវិញ្ញាសា និងការកាត់វិញ្ញាសា ធ្វើឡើងក្រោមវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដោយផ្ទាល់។
ក្នុងការចាប់ផ្ដើមការប្រឡងលើវិញ្ញាសាសរសេរលើកទី ១នេះ ឯកឧត្តម ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីអះអាងថា ជាការប្រឡងដែលមិនងាយស្រួល ទោះបីជាការប្រឡងលើវិញ្ញាសាពហុចម្លើយក្ដី។ ឯកឧត្តមបន្តថា អ្នកមានសមត្ថភាពពិត ទើបអាចប្រឡងជាប់ដំណាក់កាលទី ១នេះ រីឯដំណាក់កាលវិញ្ញាសាសរសេរលើកទី ២ ជាសំណួរអធិប្បាយ គឺនឹងកាន់តែពិបាក។

ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២ គ្រោងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ ខែឧសភាខាងមុខ។ ចំនួនបេក្ខជន ដែលនឹងចូលរួមក្នុងការប្រឡងលើវិញ្ញាសាសរសេរលើកទី ២ គឺស្មើនឹងចំនួន ៣ដងនៃការជ្រើសរើស ១៥នាក់។ ការប្រឡងនៅថ្ងៃនេះ ធ្វើឡើងក្រោមវត្តមានអ្នកសង្កេតការណ៍គ្រប់ភាគី រួមមានទាំង មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា បណ្ដាសាកលវិទ្យាល័យ ក៏ដូចជាវត្តមាន មហាជន៕ អត្ថបទ៖ គឹម ហុក








-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត