ព័ត៌មាន
សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា
នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(មន្ទីរ ស-២១) នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់ការឈឺចាប់ ខ្លោចផ្សា ការថ្កោលទោសឧក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃក្នុងសម័យខ្មែរក្រហម និងប្តេជ្ញា រួមគ្នាទប់ស្កាត់របបនេះមិនឲ្យកើតមានជាថ្មីម្តងទៀត។

លោក សុង ភត្រា ប្រធានផ្នែកបណ្ណសារដ្ឋានរបស់សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ថ្លែងប្រាប់ BTV ឱ្យដឹងនៅព្រឹកនេះថា សារមនី្ទរប្រារព្ធទិវាជាតិចងចាំ២០ឧសភា ផ្តោតលើការងារសំខាន់ចំនួន០៣ ទី១. ដើម្បីចូលរួមរំលឹកដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតនៅក្នុងទីតាំងសារមនី្ទរទួលស្លែង ក៏ដូចជានៅទូទាំងប្រទេស ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ដោយមានការចូលរួមពីមន្រី្តបុគ្គលិក នៃសារមនី្ទរទួលស្លែង ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះ បាននិមន្តព្រះសង្ឃ សូត្រមន្ត បង្សុកូល ឧទិ្ទសកុសលដល់ជនរងគ្រោះ។ ទី២. រៀបចំពិព័រណ៌ នូវព័ត៌មានពាក់ព័ន្ធអំពីសាវតា ថាតើ២០ឧសភា រៀបចំឡើងតាំងពីពេលណា ហើយ២០ឧសភា សារមនី្ទរទួលស្លែង មានសារៈសំខាន់បែបណាខ្លះ? និងទី៣. ការអប់រំផ្សព្វផ្សាយជាផ្នែកមួយដ៏សំខាន់សម្រាប់សារមនី្ទរទួលស្លែង ដើម្បីលើកទឹកចិត្តដល់យុវជន ចុះមកទស្សនាទីតាំង ស្វែងយល់និងឆ្លុះបញ្ចាំងពាក់ព័ន្ធទៅនឹងប្រវតិ្តទីតាំង និងស្វែងយល់ពីទិដ្ឋភាពប្រវតិ្តសាស្រ្តខ្មែរក្រហម។

ចំណែកអ៊ុំស្រី នៅ យឿន មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ ដោយទទួលដំណឹងថា មានឈ្មោះបងប្រុស បានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលមន្រី្តជំនាញរបស់សារមនី្ទរទួលស្លែង បានសិក្សាស្រាវជ្រាវស្វែងរកឃើញឈ្មោះបងប្រុសរបស់អ៊ុំស្រី ព្រមទាំងជូនដំណឹងដល់អ៊ុំស្រី ក៏ដូចជាក្រុមគ្រួសារ ហើយក៏បានមកចូលរួមឧទិ្ទសកុសលផលបុណ្យជូន។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានយកថ្ងៃទី២០ ឧសភា ជាថ្ងៃបុណ្យជាតិ ហៅកាត់ថា “ទិវាជាតិនៃការចងចាំ” ដើម្បីឆ្លើយតបទៅនឹងសំណើរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលជាផ្នែកនៃសំណងសមូហភាពចំពោះជនរងគ្រោះ(ដើមបណ្តឹងរដ្ឋប្បវេណី)។ ក្នុងពិធីបុណ្យរំលឹកខួបនេះសាធារណជនអាចរៀបចំពិធីតាមបែបសាសនា ដើម្បីឧទ្ទិសដល់ញាតិមិត្តឬជនរងគ្រោះផ្សេងទៀតដើម្បីជួយព្យាបាលរបួសផ្លូវចិត្ត។ ដោយឡែកសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានប្រារព្ធទិវានេះតាមបែបសាសនា និងរៀបចំដំឡើងបដាផ្សព្វផ្សាយពីអត្ថន័យ និងប្រវត្តិ នៃ២០ឧសភា ដល់សាធារណជន។ ការរៀបចំពិធីសាសនានេះ គឺ ដើម្បីឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងសម័យខ្មែរក្រហម និងក្នុងមន្ទីរ ស-២១៕ អត្ថបទ រដ្ឋា








-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
PR NEWS13 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!