ព័ត៌មាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍ ចុះ MoU ជាមួយធនាគារក្នុងស្រុក ពង្រឹងដល់ការប្រមូលចំណូលសេវាសាធារណៈ
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះអនុស្សរណៈយោគយល់គ្នា ជាមួយធនាគារក្នុងស្រុកមួយ ជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ ប្រមូលចំណូលសេវាសាធារណៈ តាមរយៈប្រព័ន្ធទូទាត់ប្រាក់ cdcOSP, ដែលនេះជាការបង្កើនល្បឿននៃការធ្វើឌីជីថលូបនីយកម្ម និង ការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា។
ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង ក.អ.ក. និងធនាគារអេស៊ីលីដា ភីអិលស៊ី ស្តីពីការប្រើប្រាស់ប្រព័ន្ធទូទាត់ ប្រាក់រួម cdcOSP ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ប្រមូលចំណូលសេវាសាធារណៈ តាមរយៈការតភ្ជាប់ប្រព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP របស់ ក.អ.ក. ដែលបានដាក់ឱ្យ ដំណើរការចាប់តាំងពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
កិច្ចសហប្រតិបត្តិការនេះ ស្តែងឱ្យឃើញពីការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការ បន្តពង្រឹងអភិបាលកិច្ច បង្កើនល្បឿននៃការធ្វើឌីជីថលូបនីយកម្ម លើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ព្រមទាំងផ្តល់ជម្រើស ដ៏សំបូរបែប ដល់អ្នកស្នើសុំសេវាសាធារណៈរបស់ ក.អ.ក. ក្នុងការទូទាត់ប្រាក់កម្រៃសេវា។ ក្នុងរយៈពេល ៩ ខែ គិតចាប់ពីខែ សីហា ឆ្នាំ២០២៤ ដល់ខែមេសា ឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលមួយនេះ បានចូលរួមប្រមូលចំណូលប្រមាណ ៥,៧ ពាន់លានរៀល ស្មើនឹងប្រមាណជា ៣៥% នៃចំណូលពីសេវាសាធារណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក.អ.ក.។
សូមជម្រាបជូនថា ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្នាលទិន្នន័យវិនិយោគកម្ពុជា cdcIPM Hub។ ប្រព័ន្ធ cdcOSP នេះត្រូវបានរៀបចំឡើងដើម្បីចូលរួមប្រមូលចំណូលសេវាសាធារណៈរបស់ ក.អ.ក. ដែលផ្តល់លទ្ធភាពឱ្យ ប្រព័ន្ធគ្រប់គ្រង គម្រោងវិនិយោគកម្ពុជា cdcIPM និងប្រព័ន្ធផ្តល់សេវាសាធារណៈផ្សេងៗទៀតរបស់ ក.អ.ក. ធ្វើការទូទាត់ប្រាក់ និងឆ្លងធនាគារ តាមរយៈ BakongKHQR របស់ធនាគារជាតិនៃកម្ពុជា និងតាមរយៈកម្មវិធីធនាគារចល័ត Mobile Banking ព្រមទាំងផ្តល់លទ្ធភាព ធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធអន្តរជាតិដូចជា VISA និង MasterCard ផងដែរ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី នាយកដ្ឋានមន្ត្រី ប្រធាន ក.អ.ក. និងដោយមានការ ចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. បានធ្វើការខិតខំប្រឹងប្រែងជំរុញទាក់ទាញ វិនិយោគិនឱ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចពង្រឹងអភិបាលកិច្ច និង លើកកម្ពស់គុណភាពស្ថាប័ន ដែលធានាបាននូវចីរភាពនៃការអភិវឌ្ឍនប្រកបដោយភាពធន់ ស្របតាមគោលដៅយុទ្ធសាស្ត្រនៃយុទ្ធ សាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ បញ្ហានេះ, ក.អ.ក. បាននិងកំពុងធ្វើការតភ្ជាប់ថ្នាលទិន្នន័យវិនិយោគកម្ពុជា cdcIPM Hub របស់ខ្លួន ជាមួយនឹងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX, ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh, ថ្នាលទិន្នន័យក្រសួងមហាផ្ទៃ MoIDX, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ NRMIS ព្រមទាំងឈានទៅ តភ្ជាប់ប្រព័ន្ធជាមួយអន្តរ-ក្រសួងស្ថាប័នមួយចំនួនដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងក្រសួងស្ថាប័នផ្សេងៗ ក្នុងដំណាក់កាលបន្តបន្ទាប់៕
អត្ថបទ៖ សុន រ៉ាឌី
















-
PR NEWS2 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន7 days agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលគាល់ ព្រះមហាក្សត្រ ប្រទេសព្រុយណេដារូស្សាឡាម
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន7 days agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន7 days agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន1 week agoUNESCO គ្រោងជួយបីរឿងចម្បង ដើម្បីជួសជុលប្រាសាទព្រះវិហារដែលរងការខូចខាតពីថៃឈ្លានពាន