ព័ត៌មាន
ព្រឹកស្អែក សម្ដេចធិបតីនឹងអញ្ជើញជាអធិបតីពិធីអបអរសាទរទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ស្អែកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត នឹងអញ្ជើញក្នុងកម្មវិធីអបអរសាទរទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិធីអបអរសាទរការទទួលក្រុមហ៊ុនវិនិយោគចំនួន ២០០ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានបងប្អូនកម្មករនិយោជិតចូលរួម សរុបប្រមាណ ៣,២ ម៉ឺននាក់ មកពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងនោះស្ត្រីមានផ្ទៃពោះ ចំនួន ៧៥១នាក់។ កន្លងមក សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជា អតីតនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងកម្មវិធីនៅខេត្តព្រះសីហនុ ចំនួន៥លើក ក្នុងនោះ នៅឆ្នាំ២០១៦ សម្តេច តេជោ ក៏បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគ ចំនួន ១០០ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផងដែរ។ កម្មវិធីថ្ងៃនេះ ជាលើកទី១ ដែល សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញមកតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុក្នុងនាមជាអធិបតី ដើម្បីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត។
របាយការណ៍បានឱ្យដឹងថា គិតពីដំណាច់ឆ្នាំ២០២៤ ដល់ត្រឹមខែមេសា ឆ្នាំ២០២៥នេះ សហគ្រាស គ្រឹះស្ថាន បានកើនពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ៣៨៦ សហគ្រាស ហើយកម្មករនិយោជិតបានកើន ពីប្រមាណ ១,៨២ លាននាក់ ដល់ប្រមាណ១,៨៧លាននាក់ ដែលអាចផ្តល់ប្រាក់ឈ្នួលជូនបងប្អូន កម្មករនិយោជិតមធ្យមសរុបប្រចាំឆ្នាំ ប្រមាណ ៥.៩ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះ គ្រាន់តែ វិស័យកាត់ដេរមានសហគ្រាស គ្រឹះស្ថានសរុបចំនួន ១ ៦៥៧សហគ្រាស មានកម្មករនិយោជិត ប្រមាណ ៩៧ម៉ឺននាក់ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣,១ពាន់លាន ដុល្លារអាម៉េរិក។
សហគ្រាសក្នុងខេត្តព្រះសីហនុកើនឡើងពីចំនួន ៦៩សហគ្រាស ជាមួយកម្មករនិយោជិត ១០ ៦១៩នាក់ បានកើនឡើងដល់ ៣ ៨៣៣សហគ្រាស ជាមួយកម្មករនិយោជិត ១១៥ ៨៥៤នាក់ គិតត្រឹមខែមេសា ឆ្នាំ២០២៥ ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣៥៩លានដុល្លារ អាម៉េរិក។ ដោយឡែក តំបន់សេដ្ឋកិច្ចពិសេសទាំង ៥ នៅខេត្តព្រះសីហនុ មានសហគ្រាស គ្រឹះស្ថាន ចំនួន ៣២៧សហគ្រាស មានកម្មករនិយោជិតប្រមាណ ៤៦ ៧៥០នាក់ (ស្រី ២៣ ៨៧៩នាក់) ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ១៤៩.៦លានដុល្លារអាម៉េរិក ក្នុងនោះ តំបន់ សេដ្ឋកិច្ចក្រុងព្រះសីហនុនេះ មានប្រើកម្មករនិយោជិតសរុប ៣៣ ៦៣៦នាក់ បានផ្តល់ប្រាក់ឈ្នួល មធ្យមសរុបប្រចាំឆ្នាំប្រមាណ ១០៧,៦លានដុល្លារអាមេរិក៕










-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម