ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ សាលាភូមិន្ទរដ្ឋបាលសម្រេចបន្ថែមមុខវិជ្ជា «ឧត្តមភាពមន្ត្រីរាជការ» ក្នុងការបណ្តុះបណ្តាលដើម្បីផ្សារភ្ជាប់មនសិការ ស្មារតី វិជ្ជាជីវៈជាមន្ត្រីរាជការឱ្យសិស្សមន្ត្រី
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍បញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាលបានសម្រេចបន្ថែមមុខវិជ្ជា «ឧត្តមភាពមន្ត្រីរាជការ» ទៅក្នុងការបណ្តុះបណ្តាលរបស់ខ្លួន។ មុខវិជ្ជាបន្ថែមនេះ រៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់មនសិការ ស្មារតី វិជ្ជាជីវៈជាមន្ត្រីរាជការ ឱ្យសិស្សមន្ត្រី និងធ្វើឱ្យក្របខណ្ឌនៃការបណ្តុះបណ្តាល នៅសាលាភូមិន្ទរដ្ឋបាល កាន់តែមានភាពពេញលេញ ទាំងការបណ្តុះជំនាញ ចំណេះដឹង ចំណេះធ្វើដោយប្រើប្រាស់ចំណេះដឹងទាំងអស់នេះ ដើម្បីបម្រើប្រទេសជាតិ និងប្រជាជន។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍បញ្ជាក់ថាបែបនេះ ចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាលកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ការរៀបចំនេះ ជាការដើរស្របជាមួយបរិបទនៃការទម្រង់រដ្ឋបាលសាធារណៈក្នុងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលទាមទារការចូលរួម ពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធព្រមទាំងមន្ត្រីរាជការគ្រប់រូបជាមួយឆន្ទៈ មនសិការជាតិ ដោយហ៊ានលះបង់ ដើម្បីប្រយោជន៍ជាតិជាធំ។ ការបញ្ជ្រាបឧត្តមភាពមន្ត្រីរាជការ មិនត្រឹមតែជំរុញឱ្យមានការចូលរួមក្នុងការកែទម្រង់តែប៉ុណ្ណោះទេ ថែមទាំងជំរុញឱ្យការផ្តល់សេវាសាធារណៈជូនប្រជាជន មានប្រសិទ្ធភាព និងគុណភាព ស្របតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ “… ការកែទម្រង់ត្រូវយកប្រជាពលរដ្ឋជាគោល…ត្រូវបម្រើប្រជាពលរដ្ឋឱ្យចំគោលដៅ។”
ឯកឧត្តមបានសង្គត់ធ្ងន់ថា៖«ក្នុងនាមជាមន្ត្រីរាជការ គួរចាត់ទុកតួនាទីរបស់ខ្លួន មិនត្រឹមតែលើការងារតែប៉ុណ្ណោះទេ ប៉ុន្តែជាបេសកកម្ម ក្នុងការបំពេញការងារប្រកបដោយឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ ឧត្តមគតិជាមន្ត្រីរាជការ ត្រូវឈរក្នុងតម្លៃ ដែលឆ្លុះបញ្ចាំង ពីការទទួលខុសត្រូវនៃអភិបាលកិច្ចល្អ និងសេចក្តីទុកចិត្តពីប្រជាជន»៕




-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន7 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប