ព័ត៌មាន
ប្រមុខការពារជាតិកម្ពុជា៖មូលដ្ឋានសមុទ្ររាមមិនមែនចេះតែឱ្យគេចូលទស្សនាគ្រប់ទីតាំងនោះឡើយ
ភ្នំពេញ ៖ ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រកាសថា មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹកកម្ពុជា មិនមែននរណាចេះតែឱ្យនាវាបរទេសចូលចត និងធ្វើទស្សនកិច្ចនោះទេ ការចូលមកមូលដ្ឋាននេះត្រូវមានលក្ខខណ្ឌពិសេស ត្រូវមានលក្ខខណ្ឌ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ព ហើយសម្រាប់មូលដ្ឋានកងទ័ព មិនចេះតែអនុញ្ញាតឱ្យអ្នកណាអាចមកចូលចត ឬទស្សនាគ្រប់ទីតាំងតាមចិត្តពួកគេចង់បាននោះឡើយ។
ក្នុងពិធីបិទសមយុទ្ធនាគមាស ឆ្នាំ២០២៥ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនដែលមានឈ្មោះថា«នាគមាសឆ្នាំ២០២៥» នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ នៅមជ្ឈ មណ្ឌលហ្វឹកហ្វឹនកងរាជអាវុធហត្ថ ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនោះ នាយឧត្តមសេ នីយ៍ ទៀ សីហា បានបញ្ជាក់ថា បញ្ហាមូលដ្ឋានកងទ័ពរាម ជារើយៗកម្ពុជាធ្លាប់រងការរិះគន់ពីសំណាក់បរទេសមួយចំនួន ដែលគេចោទថា ជាមូលដ្ឋានរបស់កងទ័ពចិននៅក្នុងប្រទេសកម្ពុជា។ ទាក់ទិននឹងបញ្ហានេះ កម្ពុជាបានបញ្ជាក់ម្តងហើយម្តងទៀតថា រដ្ឋាភិបាលកម្ពុជា ជារដ្ឋអធិបតេយ្យដែលមានសិទ្ធិពេញលេញក្នុងការកសាង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់ ដើម្បីបម្រើប្រយោជន៍ឱ្យប្រទេសជាតិ និងប្រជាជន ហើយកិច្ចសហប្រតិបត្តិការទាំងអស់នោះសុទ្ធតែស្របតាមគោលបំណង និងគោលការណ៍នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា រដ្ឋធម្មនុញ្ញ បានបញ្ជាក់យ៉ាងច្បាស់ហើយថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ព បរទេសនៅលើទឹកដីរបស់ខ្លួននោះទេ ហើយកម្ពុជាក៏មិនបញ្ជូនទ័ពរបស់ខ្លួនឱ្យទៅចូលរួមនៅក្នុងជម្លោះនៅក្រៅប្រទេសដែរ ក្រៅតែពីការចូលរួមដល់ការរក្សាសន្តិភាពពិភពលោក តាមរយៈប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ប្រមុខការពារជាតិរូបនេះ បានគូសបញ្ជាក់ថា««សូមបញ្ជាក់ថា ការបើកជាផ្លូវការឱ្យចូលចតនៅមូលដ្ឋានសមុទ្ររាម គឺមិនមែនសំដៅទៅលើថាអ្នកណាក៏អាចចូលមកដល់មូលដ្ឋានសមុទ្ររាមរបស់យើងបានទេ វាត្រូវតែមានលក្ខខ័ណ្ឌពិសេស លក្ខខ័ណ្ឌនៃការទំនាក់ទំនង លក្ខខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការកងទ័ព និងកងទ័ព លក្ខខ័ណ្ឌកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក និងជើងទឹក ទើបអាចបើកឱ្យចូលក្នុងមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមបាន…»។
នាយឧត្តមសេនីយ៍ ទៀ សីហា បានអះអាងទៀតថាកម្ពុជាបានបើកស្វាគមន៍រាល់ភាគីមិត្តទាំងអស់ សម្រាប់នាវាយោធាចូលចតនៅមូលដ្ឋានកងទ័ពរាម របស់កម្ពុជា ដោយមាននាវាចម្បាំងរបស់ភាគីមិត្តជាច្រើនក៏បានចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាម រួចទៅហើយ។ ប៉ុន្តែ ចំណុចនេះ នៅតែមានជ្ឈដ្ឋានអគតិមួយចំនួនមិនអស់ចិត្តដោយលើកឡើង និងចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាថាបានបិទបាំងដោយត្រឹមអនុញ្ញាតឱ្យចូលតែមួយផ្នែកនៃមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមទៅវិញ ព្រមទាំងដាក់ជាមន្ទិលសង្ស័យថារដ្ឋាភិបាលកម្ពុជា លាក់បាំងអាថ៍កំបាំងនៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមជាដើម។
នាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមទៀតថា «ខ្ញុំសូមបញ្ជាក់ថាមូលដ្ឋានសមុទ្ររាម គឺជាទីបញ្ជាការមួយរបស់កងទ័ពជើងទឹកកម្ពុជា ដូច្នេះហើយ គឺមានទីតាំងខ្លះដែលយើងអាចឱ្យភាគីមិត្តចូលមកទស្សនា និងធ្វើសមយុទ្ធរួមគ្នា យើងបានសាងសង់នូវអគារស្នាក់នៅ កន្លែងសំចតជូនទៅដល់នាវាចម្បាំង ក៏ដូចជាភាគីមិត្តចូលមកសម្រាក ហើយមានអគារខ្លះគឺជាទីបញ្ជាការដ្ឋានរបស់កងទ័ពកម្ពុជា»។ ហេតុនេះហើយ គឺកម្ពុជាមានទីតាំងសំខាន់ៗសម្រាប់ការពារ និងទីតាំងខ្លះទៀត ត្រូវបើកចំហ។ ចំពោះករណីមិនអនុញ្ញាតឱ្យបរទេសចូលចត ឬមកទស្សនាទីតាំងសំខាន់ៗរបស់កងទ័ពបាន គឺមិនមែនមានតែកម្ពុជានោះទេ ប៉ុន្តែគ្រប់បណ្តាប្រទេសនៅលើពិភពលោកក៏មានកន្លែងដែលគេហាមឃាត់មិនឱ្យបរទេសចូលចត និងឲ្យទស្សនាបានដូចមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមកម្ពុជាផងដែរ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានប្រាប់ទៅភាគីមិត្តមួយចំនួន ព្រមទាំងអ្នកវិភាគឱ្យមានការយោគយល់ ពីព្រោះកម្ពុជា ធ្វើបែបនេះដើម្បីការពារបូរណភាពទឹកដី ការពារសិទ្ធិរបស់កម្ពុជា ហើយកម្ពុជាក៏ការពារ និងគោរពសិទ្ធិរបស់ភាគីមិត្តទាំងអស់ដែលមានបំណងសហការជាមួយកងទ័ពកម្ពុជា ក៏ដូចជាកងទ័ពជើងទឹកនៅឯមូលដ្ឋានសមុទ្ររាម ហើយកងទ័ពកម្ពុជា មិនមែនសហការជាមួយតែកងទ័ពរំដោះប្រជាជនចិន តែមួយនោះទេ។ ប៉ុន្តែកងទ័ពកម្ពុជា ស្វាគមន៍សហការរាល់ភាគីមិត្តទាំងអស់ ដោយមិនប្រកាន់ជាដាច់ខាត។ ជាក់ស្តែងសម្រាប់ការធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២៥ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅលើទឹកដីកម្ពុជា បង្ហាញឱ្យឃើញថា ភាគីមិត្តបានចូលរួមចំណែកផ្តល់ជាជំនួយយោធា ផ្តល់ការហ្វឹកហ្វឺនដល់កងទ័ពជើងគោក ជើងអាកាស និងជើងទឹក ដើម្បីធ្វើយ៉ាងណាពង្រឹងសមត្ថភាពរបស់កងទ័ពកម្ពុជា លើការងារការពារអធិបតេយ្យភាព បូរណភាពទឹកដី៕
អត្ថបទ ៖ បាន ចក់

-
ព័ត៌មាន1 week ago
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក អាស៊ាន លើកទី២១
-
ព័ត៌មាន1 week ago
ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកសកម្មភាពអាជ្ញាធរថៃចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មាន1 week ago
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
-
ព័ត៌មាន2 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន1 week ago
អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា
-
ព័ត៌មាន1 week ago
សកម្មភាពរបស់កងកម្លាំងចម្រុះរបស់ថៃ ជាការរំលោភបំពានដ៏ធ្ងន់ធ្ងរលើ ៤ចំណុច
-
ព័ត៌មាន3 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន1 week ago
ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១២តុលានេះ