ព័ត៌មាន
ក្រសួងការងារ រង់ចាំការផ្តល់ព័ត៌មានលម្អិតពីអង្គការសង់ត្រាល់លើទិន្នន័យដែលថាពលរដ្ឋខ្មែរ ៤៨នាក់ចាញ់បោកក្រុមមេខ្យល់ទៅធ្វើការនៅកូរ៉េ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរង់ចាំការផ្ដល់ព័ត៌មានលម្អិតពីមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ជុំវិញទិន្នន័យដែលថា ពលរដ្ឋខ្មែរចំនួន ៤៨នាក់ក្នុងចំណោម ៣០០នាក់ចាញ់បោកក្រុមមេខ្យល់ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ដើម្បីជួយសង្រ្គោះជនរងគ្រោះ និងចាត់វិធានការទៅលើជនល្មើសឱ្យបានទាន់ពេលវេលា។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា៖«ក្រសួងស្វាគមន៍ និងថ្លែងអំណរគុណចំពោះការផ្តល់ព័ត៌មានរបស់អង្គការដៃគូដែលផ្សព្វផ្សាយអំពីជនរងគ្រោះដែលចាញ់បោកមេខ្យល់រឿងសន្យាទៅធ្វើការនៅប្រទេសកូរ៉េ។ ការផ្សព្វផ្សាយនេះ ជាព័ត៌មានជ្រុងមួយសម្រាប់ផ្ទៀងផ្ទាត់អំពីកម្រិតនៃការពិត និងពេលវេលាដែលបានកើតឡើងថាជារឿងចាស់ ឬថ្មី ឬជារឿងប្រភេទណាមួយ»។
ជាមួយគ្នានេះ ឯកឧត្តមបន្តថា ក្រសួងនៅរង់ចាំការផ្តល់ព័ត៌មានលម្អិតពីអង្គការដៃគូចំពោះទិន្នន័យដែលថាពលរដ្ឋខ្មែរចំនួន៤៨នាក់ក្នុងចំណោម ៣០០នាក់ចាញ់បោកក្រុមមេខ្យល់សន្យាទៅធ្វើការនៅប្រទេសកូរ៉េ។ ដោយមានសំណួរជាច្រើនដែលត្រូវចោទសួរស្វែងយល់ដូចជា ប្រភពព័ត៌មានដែលច្បាស់លាស់ អត្តសញ្ញាណបងប្អូនទាំង ៤៨រូបមកពីភូមិឃុំណាខ្លះ បុគ្គលណាដែលចេញមុខបោកប្រាស់ពលរដ្ឋខ្មែរ ហើយម្នាក់ៗចាញ់បោកអស់ប្រាក់ប៉ុន្មាន និងវឌ្ឍនភាពនៃការជួយរបស់អង្គការដៃគូដល់ពលរដ្ឋរងគ្រោះជាដើម។
ជាមួយព័ត៌មានទាំងអស់នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាជ្ញាធរ និងផ្នែកពាក់ព័ន្ធផ្សេងទៀត អាចវែកមុខ និងស្វែងរកការពិតដែលឈានដល់ការលុបបំបាត់ដល់ឫសគល់នៃបញ្ហាព្រោះក្រសួងការងារដែលមានឯកឧត្តមរដ្ឋមន្ត្រីជាអ្នកដឹកនាំ មិនអនុញ្ញាតឱ្យមានរឿងនេះកើតឡើងចំពោះពលរដ្ឋខ្មែរស្លូតត្រង់បានឡើយ ហើយក្រសួងមានឆន្ទៈក្នុងការលុបបំបាត់ និងមិនអត់ឱនឱ្យបុគ្គល ក្រុមហ៊ុន សាលាបណ្តុះបណ្តាល សមាគម និងជនឆ្លៀតឱកាសណាម្នាក់រួចខ្លួនក្រៅសំណាញ់ច្បាប់ឡើយ។
ឯកឧត្តម ស៊ុន មេសា សង្ឃឹមថា អង្គការដៃគូនឹងចូលរួមសហការជាមួយក្រសួងប្រកបដោយ តម្លាភាព វិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ដើម្បីរួមគ្នាលុបបំបាត់ឱ្យបាននូវអំពើឆបោកនេះដែលជាបំណងដ៏ពិសិដ្ឋរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន7 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន4 days agoមកទល់ព្រឹកនេះ យោធាថៃ បន្តបាញ់ប្រហារមិនរើសគោលដៅមកលើដែនអធិបតេយ្យភាពកម្ពុជា