ព័ត៌មាន
រដ្ឋមន្រ្ដីការបរទេសកម្ពុជា-ថៃ ជួបគ្នានៅជប៉ុន ជំរុញយន្តការគណៈកម្មាធិការព្រំដែនចម្រុះឱ្យឆាប់ពិភាក្សាគ្នាដោះស្រាយបញ្ហាព្រំដែន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ម៉ារីត សាដៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានជួបពិភាក្សាគ្នានៅទីក្រុងតូក្យូ ក្នុងឱកាសអមថ្នាក់ដឹកនាំអញ្ជើញចូលរួមវេទិកានីកកេលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី»។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ក្នុងជំនួបនេះរដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ថា បន្ទាប់ពីជំនួបរវាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ សភាពការណ៍បានវិលត្រឡប់ទៅរកស្ថានភាពដើមវិញ ដូចមុនការប៉ះទង្គិចនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោ មរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ការប៉ះទង្គិចនេះបានកើតឡើងបន្ទាប់ពីយោធាថៃ បើកការវាយប្រហារមកលើកងកម្លាំងឈរជើងរបស់កម្ពុជានៅក្នុងតំបន់ខាងលើនេះ។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់អំពីការប្រាស្រ័យទាក់ទងគ្នាភ្លាមៗ រវាងសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដែលបានបញ្ជាក់អំពីការប្តេជ្ញារក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ ការយោគយល់និងជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការដោះស្រាយរាល់ជម្លោះដែល កើតឡើងជាយថាហេតុដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យភាព និងបូរណភាព ទឹកដីរៀងៗខ្លួន។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពប្រកាន់ស្មារតីនៃការគោរពនៃការយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ និងប្រើប្រាស់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការគណៈកម្មាធិការព្រំដែនចម្រុះ ជួបពិភាក្សាការងារគ្នាឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្ដោតសំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ។
ជាមួយនឹងការប្តេជ្ញាដ៏មុះមុតក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជាប្រកាន់ជំហររឹងមាំក្នុងការប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាផលប្រយោជន៍របស់ប្រទេស និងប្រជាជនរៀងៗខ្លួន៕

-
ព័ត៌មាន1 week ago
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក អាស៊ាន លើកទី២១
-
ព័ត៌មាន1 week ago
ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកសកម្មភាពអាជ្ញាធរថៃចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មាន2 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន1 week ago
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
-
ព័ត៌មាន1 week ago
អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា
-
ព័ត៌មាន3 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន1 week ago
ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១២តុលានេះ
-
ព័ត៌មាន1 day ago
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់