ព័ត៌មាន
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ចុះសួរសុខទុក្ខអ្នកជំងឺ និងមន្រ្តីសុខាភិបាល បម្រើការងារនៅមណ្ឌលសុខភាព នៃស្រុកប្រតិបត្តិត្បែងមានជ័យ ខេត្តព្រះវិហារ
ព្រះវិហារ ៖ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីបច្ចេកទេស បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខអ្នកជំងឺ និងមន្រ្តីសុខាភិបាល បម្រើការងារនៅមណ្ឌលសុខភាពនៃស្រុកប្រតិបត្តិត្បែងមានជ័យ ខេត្តព្រះវិហារ។
ក្នុងរយៈពេលតែ២ថ្ងៃ គឺ៤៨ម៉ោង ពីទីក្រុងហ្សឺណែវ សហពន្ធ័ស្វីស នៃមជ្ឈមណ្ឌលកណ្តាលអង្គការសុខភាពពិភពលោក ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីសុខាភិបាល បានធ្វើដំណើរមកដល់ចុងកាត់មាត់ញក ខេត្តឆ្ងាយជាប់ព្រំដែនកម្ពុជា ដើម្បីផ្តល់មធ្យោបាយបន្ថែមជូនបណ្តាមូលដ្ឋានសុខាភិបាលសាធារណៈ គាំពារស្មារតីបងប្អូនសុខាភិបាល ដែលខិតខំបំពេញភារកិច្ចនៅតំបន់ដាច់ស្រយាល និងថ្លែងអំណរគុណវីរៈភាពរបស់បងប្អូនយើង។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ឆ្លៀតក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខ បានថ្លែងអំណរគុណ ចំពោះមន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាពទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាថែទាំសុខភាព ជូនដល់ប្រជាពលរដ្ឋក្នុងស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។ ជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជូនឱសថបន្ថែមចាំបាច់មួយចំនួនជូនដល់មណ្ឌលសុខភាពសម្រាប់បម្រើសេវាសុខាភិបាលឱ្យបានកាន់តែប្រសើរ ប្រកបដោយប្រសិទ្ធភាព ឆ្លើយទៅតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅទីនោះ។
បន្ទាប់ពីនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់មតិណែនាំជាគន្លឹះមួយចំនួន ជូនដល់មន្រ្តីសុខាភិបាល ក្នុងការថែរក្សាសុខភាពជូនប្រជាពលរដ្ឋ ដោយត្រូវចូលរួមថែរក្សានូវហេដ្ឋារចនាសម្ព័ន្ធ ត្រូវបន្តខិតខំពង្រឹងយន្តការថែទាំព្យាបាល និងការធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ ទាន់ពេលវេលា រួមជាមួយការពង្រឹងលើសេវាបញ្ជូនអ្នកជំងឺឱ្យមាន សុវត្ថិភាព និងឆាប់រហ័ស។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំឱ្យមន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះស្រឡាញ់រាប់អានគ្នា ពង្រឹងវិន័យ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីនាំមកនូវការរីកចំរើនបន្ថែមទៀត នៅក្នុងអង្គភាព និងបានជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល ឱ្យជួបតែពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ព្រមទាំងជោគជ័យគ្រប់ភារកិច្ច៕
អត្ថបទ រដ្ឋា



















-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម