ព័ត៌មាន
ក្រសួងចំនួន៣ ឯកភាពគ្នាលើចំណុចសំខាន់ៗ៣ ដើម្បីលើកកម្ពស់វិស័យកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ
ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បន្ទា់ពីបើកកិច្ចប្រជុំត្រី-វិស័យលើកទី៤ ស្តីពីកសិកម្ម-ទឹក-ជនបទ បានឯកភាពគ្នាទៅលើចំណុចសំខាន់ៗចំនួន៣ ដើម្បីសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួង និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីល្ងាចថ្ងៃទី៣០ ខែឧសភានេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ចំណុចសំខាន់ៗទាំង៣ ដែលថ្នាក់ដឹកនាំបានឯកភាពគ្នានេះ មានដូចជា៖ ១. ផែនការសកម្មភាព ៣ឆ្នាំរំកិល (២០២៥-២០២៧) និងផែនការប្រចាំ២០២៥។ ២. ប្រើថវិការាជរដ្ឋាភិបាល សម្រាប់គ្រោងសកម្មភាពឆ្នាំ២០២៦ បន្តគាំទ្រដល់សកម្មភាពរបស់ សហគមន៍គោលដៅឆ្នាំ២០២៥ និងសហគមន៍ដែលនឹងត្រូវកំណត់បន្ថែមចំនួន៥ទៀត ក្នុងឆ្នាំ២០២៦។ និង ៣. ឯកសារទស្សនទានសម្រាប់រៀបចំ “ការសិក្សារៀបចំក្របខ័ណ្ឌយុទ្ធសាស្ត្រត្រី-វិស័យរយៈពេល ៥ឆ្នាំ (២០២៦-២០៣០)” ដើម្បីតម្រង់ទិសការងារត្រី-វិស័យ និងជាឧបករណ៍ដើម្បីកៀរគរធនធាន។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងទៀតថា កិច្ចសហប្រតិបត្តិត្រី-វិស័យ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ គឺជាគំនិតផ្តួចផ្តើមមួយដែលបានធ្វើឡើងដោយរដ្ឋមន្រ្តីនៃក្រសួងទាំង៣ ក្នុងគោលដៅតម្រង់ទិសគោលនយោបាយអាទិភាព នៃក្រសួងនីមួយៗ ចាប់ដៃធ្វើការរួមគ្នា សំដៅគាំទ្រដល់ការលើកកម្ពស់ជីវភាពប្រជាកសិករនៅទីជនបទ និងការអភិវឌ្ឍនៅតាមសហគមន៍មូលដ្ឋាន។ ឯកឧត្តម បានបន្តទៀតថា តាមរយៈការតម្រង់ទិសនៃគោលនយោបាយអាទិភាពរបស់ក្រសួងទាំងបី នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាកសិករ តាមរយៈការជ្រើសរើសនូវទីតាំងយុទ្ធសាស្រ្ត ដើម្បីធ្វើការអភិវឌ្ឍន៍រួមគ្នាដើម្បីបង្កើននូវល្បឿននៃការអភិវឌ្ឍន៍ លើកកម្ពស់ជីវភាពរបស់ប្រជាកសិករ ក៏ដូចជា ធានាឱ្យបាននូវការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានទាំងមូលតែម្តង។ ហើយកិច្ចប្រជុំលើកទី៤នេះ បានកត់សម្គាល់ឃើញថា គឺចាប់ផ្តើមឃើញផ្លែផ្កានៃការធ្វើការរួមគ្នាជាបណ្តើរៗផងដែរ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរួម ស្តីពីកិច្ចប្រជុំត្រី-វិស័យលើកទី៤ ស្តីពីកសិកម្ម-ទឹក-ជនបទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ពីសមិទ្ធផលជាក់ស្តែង ដែលយន្តការត្រី-វិស័យសម្រេចបានក្នុងពេលកន្លងមក រួមមានការ ចាប់ផ្តើមអនុវត្តកិច្ចអន្តរាគមន៍រួមគ្នានៅក្នុងសហគមន៍ចំនួន៣ និងការត្រៀមបញ្ចូលសហគមន៍អាទិភាពជាបន្តបន្ទាប់ទៀត នៅក្នុងផែនការសកម្មភាពរយៈពេលវែងរបស់ខ្លួន។
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ និងអះអាងពីការខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការបន្តពង្រឹងនិងលើកកម្ពស់សមិទ្ធកម្ម ដើម្បីចូលរួមចំណែកដល់ កិច្ចខិតខំប្រឹងប្រែងរបស់ការងារត្រី-វិស័យ ជាពិសេសការលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចវិស័យកសិកម្ម តាមរយៈការកសាងអាងស្តុកទឹក ប្រព័ន្ធធារាសាស្ត្រដែលមានលក្ខណៈពេញលេញ និងការប្រើប្រាស់កម្មវិធីទាញយក ព័ត៌មានកសិ-ឧតុនិយម។
ដោយឡែក ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានវាយតម្លៃខ្ពស់លើកិច្ចប្រឹងប្រែងរបស់ក្រសួងទាំង៣ ដែលជាសហថាមពលគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់អះអាងពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការចូលរួមគាំទ្រ និងអនុវត្តសកម្មភាពការងារត្រី-វិស័យ៕ អត្ថបទ៖ ឈិត បូរ៉ាវី

-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម