ព័ត៌មាន
កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា ៣០ម៉ឺនដុល្លារដល់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះ
ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះហន្តរាយផ្សេងៗក្នុងរាជធានីភ្នំពេញ ហើយនេះជាការឧបត្ថម្ភថវិកាលើកទី១៤ បើគិតចាប់តាំងពីឆ្នាំ២០០៨មក។
ពិធីប្រគល់-ទទួលថវិកាថវិកានាពេលនេះបានធ្វើឡើង នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមវត្តមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ក្នុងឱកាសនោះថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ក្នុងការបំពេញភារកិច្ចយ៉ាងសកម្មជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។
លោកជំទាវបណ្ឌិតសង្ឃឹមថា ថវិកា៣០ម៉ឺនដុល្លារអាម៉េរិកនេះ នឹងអាចជួយសម្រួលនិងសម្រាលការលំបាកខ្វះខាត របស់ប្រជាពលរងគ្រោះនៅរាជធានីភ្នំពេញបានមួយផ្នែកថែមទៀត។
ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញក៏បានជម្រាបជូនលោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ អំពីសមិទ្ធផលការងារសំខាន់ៗ របស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥ ដែលមានដូចជា សាខាបានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយបានត្រៀមបម្រុងនូវថវិកា និងគ្រឿងឧបភោគ-បរិភោគ សម្ភារៈសង្គ្រោះរួចជាស្រេច សម្រាប់យកទៅចែកជូនជនរងគ្រោះ និងងាយរងគ្រោះឱ្យបានទាន់ពេលវេលា បានចំនួន ៥៣.០៧៣គ្រួសារ និង ៤វត្ត បាននាំយកមូលនិធិហិបសហសង្គ្រោះសាខា ចុះសាកសួរសុខទុក្ខ សមាជិក-សមាជិកា មានជំងឺកំពុងសម្រាកព្យាបាល និងសមាជិកដែលទទួលមរណភាពសរុប ចំនួន ៣៧៨នាក់។ បានចុះសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ស្រ្តីទើបសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍តាមសហគមន៍ចំនួន ៣.០២២នាក់។ បានចូលរួមបំផុសចលនាស្ម័គ្រចិត្តបរិច្ចាគឈាម ទទួលបានឈាមចំនួន ១.៩១២ប្លោកឈាម បានបើកវគ្គផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម បាន១០០វគ្គ សរុបចំនួន ៣.៦៩៥ នាក់។ បានផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម។ បានពង្រីកកម្លាំង និងបានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ជូនអ្នកស្ម័ត្រចិត្តកាកបាទក្រហមនៅតាមមូលដ្ឋានខណ្ឌទាំង១៤ បានចំនួន ៦.៨៩១នាក់ និងយុវជនកាកបាទក្រហមកម្ពុជា បានចំនួន ២៤.៧៥២នាក់ នៅតាមគ្រឹះស្ថានសិក្សាចំនួន ២៣៩កន្លែង។
ឯកឧត្តម ឃួង ស្រេង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវបណ្ឌិត ដែលតែងតែបានយកចិត្តទុកដាក់ផ្សារភ្ជាប់មនោសញ្ចេតនា រួមសុខរួមទុក្ខ ជាមួយនឹងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនទុកឱ្យប្រជាជនណាម្នាក់រស់នៅដោយគ្មានការគាំពារពីសង្គមឡើយ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែផ្តល់ថវិកាឧបត្ថម្ភដល់សាខារាជធានីភ្នំពេញជារៀងរាល់ឆ្នាំ ក្រោយពីកាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជន ក្នុងឱកាសអបអរទិវា៨ឧសភា ដែលថវិកានេះពិតជាមានតម្លៃធំធេងណាស់សម្រាប់សាខាប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ជាពិសេសការជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះក្នុងរាជធានីភ្នំពេញ៕






-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប