ព័ត៌មាន
ព្រះមហាក្សត្រអំពាវនាវគ្រប់ភាគីពាក់ព័ន្ធបន្តផ្តល់កិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថានក្នុងបេសកកម្ម ពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក- «កម្ពុជាស្អាត ខ្មែរធ្វើបាន»។

ព្រះករុណា ព្រះមហាក្សត្រ បានអំពាវនាវបែបនេះក្នុងឱកាសថ្លែងព្រះរាជសុន្ទរកថា ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះ ព្រះករុណា ព្រះមហាក្សត្រ មានហឫទ័យរីករាយឥតឧបមា ដោយបានចូលរួមប្រារព្ធពិធី “ទិវា បរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២៥ ក្រោមប្រធានបទ៖ ប្រយុទ្ធប្រឆាំងការបំពុល ដោយប្លាស្ទិក» ដ៏មានអត្ថន័យ ដែលកំពុងប្រព្រឹត្តទៅក្នុងបរិយាកាសដ៏មហោឡារិក នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ រាជធានីភ្នំពេញដ៏ស្រស់បំព្រងនេះ។
ក្នុងឱកាសនោះ ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានធ្វើសេចក្តីរាយការណ៍យ៉ាងក្បោះក្បាយអំពីសមិទ្ធផលដែលថ្នាក់ដឹកនាំ និងមន្ត្រី រាជការក្រសួងបរិស្ថានទាំងអស់ប្រឹងប្រែងសម្រេចបានកន្លងមកសំដៅធានា អភិរក្សធនធានធម្មជាតិ និងបរិស្ថានក្នុងព្រះរាជាណាចក្រកម្ពុជានៃយើង។
មាតុភូមិកម្ពុជានៃយើង គឺជាទឹកដីដ៏ស្រស់បំព្រងពោរពេញដោយសម្បត្តិធម្មជាតិ ដែលបុព្វ បុរសយើងបានថែរក្សាកេរដំណែលនេះទុកសម្រាប់យើងទាំងអស់គ្នា។ ពីជួរភ្នំដ៏ខ្ពស់ត្រដែត ព្រៃពេ ដ៏ខៀវស្រងាត់ស្រស់ត្រកាល ទន្លេមេគង្គ បឹងទន្លេសាបដែលជាមរតកធនធានធម្មជាតិដ៏សម្បូរបែប រហូតដល់តំបន់ឆ្នេរសមុទ្ទដ៏ស្រស់រស់រវើក និងប្រជុំកោះតូចធំជាច្រើន។ សម្បត្តិធម្មជាតិទាំងអស់នេះ ហើយគឺជាសរសៃឈាម នៃជីវិត និងជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់យើង ។
ព្រះអង្គមានព្រះរាជបន្ទូលថា ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ គឺជាឫសគល់នៃវប្បធម៌ ប្រពៃណី និងជំនឿរបស់ប្រជាជនខ្មែរយើងតាំងពីបុរាណកាលមក។ ការរស់នៅដោយការគោរពធម្មជាតិ មិនបំផ្លាញធម្មជាតិ និងចេះប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលយើងត្រូវបន្តថែរក្សាការពារ និងពង្រឹងឱ្យបានខ្ជាប់ខ្ជួនសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ ។
ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានផ្តួចផ្តើមរៀបចំបង្កើតតំបន់ការពារធម្មជាតិនានា ទុកជាកេរមរតក និងលើកទឹកចិត្តកូនចៅជាទីស្រឡាញ់របស់ព្រះអង្គ ចូលរួមថែរក្សា ការពារ អភិរក្សធនធានធម្មជាតិនៅទូទាំងប្រទេស។
ព្រះអង្គមានព្រះរាជបន្ទូលបញ្ជាក់ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងដ៏ឆ្នើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្សរីកចម្រើនរហូតទទួលបានការកោត សរសើរពីសហគមន៍អន្តរជាតិ និងមានលទ្ធភាពត្រៀមខ្លួនរួចជាស្រេចដើម្បីបន្សំនឹងផលប៉ះពាល់ ក៏ដូចជាចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ការរៀបចំព្រឹត្តិការណ៍ទិវាបរិស្ថានជាតិ ស្របពេលជាមួយនឹងទិវាបរិស្ថានពិភពលោក ៥ មិថុនា នាថ្ងៃនេះ គឺជាការជួបជុំគ្នាដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថាន ដែលរៀបចំឡើង ដោយរាជរដ្ឋាភិបាលកម្ពុជា ។ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវព្រះរាជហឫទ័យរីករាយជាអនេក និង សូមអរព្រះគុណចំពោះវត្តមាន របស់សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំជាតិ និងបងប្អូនកូនក្មួយជនរួមជាតិទាំងអស់ ដែលបានចូលរួម ចំណែកគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងឺជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ជាតិយើង។
ព្រះករុណាព្រះមហាក្សត្រមានព្រះរាជបន្ទូលបន្ថែមថា ប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” សម្រាប់ទិវាបរិស្ថានឆ្នាំ២០២៥នេះ គឺជាការក្រើនរំឭក និងការអំពាវនាវមួយសម្រាប់យើងទាំងអស់គ្នាឱ្យរួមគ្នាធ្វើសកម្មភាពប្រកបដោយការ ទទួលខុសត្រូវខ្ពស់។ ការដោះស្រាយបញ្ហានេះមិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័ន ណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន គ្រួសារនីមួយៗ និងបុគ្គលគ្រប់រូប ទាំងកម្រិត ជាតិ តំបន់ និងអន្តរជាតិ និងសូមបន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក-កម្ពុជាស្អាត ខ្មែរធ្វើបាន៕











-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង