ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ យុវជនជំនាន់នេះមានឱកាសច្រើនដើម្បីក្លាយជាមូលធនមនុស្ស ប៉ុន្តែឱកាសមិនរត់រកក្មួយៗទេ!
«យុវជនជំនាន់នេះមានឱកាសរៀនសូត្រច្រើនណាស់ បើធៀបជាមួយយុវជនជំនាន់មុន ដូច្នេះពួកគេត្រូវចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្សខ្លាំងជាងរៀមច្បងរបស់ខ្លួនដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែជឿនលឿនទៅមុខ»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសធ្វើបាឋកថានៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង (UME) នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានកោតសរសើរយុវជនជំនាន់នេះថា មានសំណាងបានកើតនិងធំធាត់ក្នុងសម័យសន្តិភាពនិងមានឱកាសគ្រប់គ្រាន់ក្នុងការសិក្សាក្នុងស្ថានភាពដ៏អំណោយផល។ «ទោះយ៉ាងណាឱកាសមិនរត់មករកក្មួយៗទេ ប្រសិនបើក្មួយៗមិនខិតខំស្រវាស្រទេញចាប់យកវាដោយខ្លួនឯងទេនោះ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តម ប៉ែន បូណា ដោយមិនភ្លេចរំលឹកពីជីវិតយុវវ័យដ៏ជូរចត់ និងការតស៊ូរៀនសូត្រក្នុងស្ថានភាពដ៏លំបាកលំបិននិងយឺតពេលរបស់យុវជនជំនាន់មុន ក្នុងនោះក៏មានរូបឯកឧត្តមផ្ទាល់មួយរូបផងដែរ។ ឯកឧត្តម ប៉ែន បូណា បានរំលឹកថា ការសិក្សារបស់យុវជនជំនាន់មុនត្រូវបានរារាំងដោយសារសង្គ្រាមនិងរបបប្រល័យពូជសាសន៍ដែលក្នុងអំឡុងពេលនោះ កុមារនិងក្មេងជំទង់មិនបានរៀនសូត្រ ខណៈដែលអ្នកចេះដឹងត្រូវបានសម្លាប់ស្ទើរគ្មានសល់។ «ដូច្នេះ តើថ្នាក់ដឹកនាំរៀមច្បងយើងជួបការលំបាកយ៉ាងណាក្រោយចេញពីរបបប៉ុល ពត ទម្រាំកសាងប្រទេសឡើងវិញពីគំនរផេះបានដូចសព្វថ្ងៃ?»។ នេះគឺជាសំណួរដែលអ្នកនាំពាក្យរាជរដ្ឋាភិបាលចោទសួរដើម្បីពញាក់ស្មារតីយុវជនជំនាន់ក្រោយឱ្យខិតខំប្រឹងប្រែងនិងចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្សដែលពោរពេញដោយសមត្ថភាពខ្ពស់ សុខភាពរឹងមាំ និងសីលធម៌ល្អ ស្របតាមមុំទី១នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា សន្តិភាពមានហើយ សាលារៀនក៏មាននៅគ្រប់ទិសទី ខណៈដែលសម្ភារៈសិក្សាក៏សម្បូរបែប ដូច្នេះ នៅសល់តែម្យ៉ាងគត់គឺ កិច្ចខិតខំប្រឹងប្រែងរបស់ក្មួយៗដោយខ្លួនឯងដែលជាកត្តាកំណត់ចុងក្រោយអំពីសមត្ថភាពរបស់ក្មួយៗថាតើក្មួយអាចធ្វើខ្លួនឱ្យក្លាយជាមូលធនមនុស្សប្រកបដោយគុណភាពខ្លាំងជាងរៀមច្បងជំនាន់មុនបានដែរឬទេ? ឯកឧត្តមសង្ឃឹមថា ប្រាកដជាអាចធ្វើបាន។
សូមបញ្ជាក់ថា បាឋកថានេះមានការចូលរួមពីឯកឧត្តមបណ្ឌិត ទុន ភក្តី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង និងមានការចូលរួមពីនិស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ១៥០នាក់។

ឯកឧត្តមបណ្ឌិត សាកលវិទ្យាធិការលើកឡើងថា សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច មានមោទនភាពដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍយុវជន ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការសម្រេចចក្ខុវិស័យនេះ។ ឯកឧត្តមជឿជាក់ថា តាមរយៈការចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនទានដ៏ស៊ីជម្រៅរបស់ ឯកឧត្តម ប៉ែន បូណា នាពេលនេះ នឹងក្លាយជាពន្លឺបំភ្លឺផ្លូវ និងជាត្រីវិស័យសម្រាប់យុវជនយើង ក៏ដូចជាអ្នកចូលរួមទាំងអស់ក្នុងការត្រៀមខ្លួន និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការអភិវឌ្ឍជាតិ៕




-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម