ព័ត៌មាន
រដ្ឋបាលស្រុករលាប្អៀរដឹកនាំប្រជាពលរដ្ឋប្រារព្ធទិវា «បរិស្ថានជាតិ និងបរិស្ថានពិភពលោក០៥ មិថុនា»
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមសំអាតបរិស្ថាន «ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា»។ អ្នកចូលរួមទាំងអស់ត្រូវបានបែងចែកទៅតាមគោលដៅរៀងៗខ្លួន និងនាំគ្នាសំអាតថង់ផ្លាស្ទីកតាមដងផ្លូវ បោសកើបសំរាមតាមអង្គភាព ការកាត់សំអាតស្មៅតាមដងផ្លូវ ជាពិសេសមានការដាំកូនឈើជាច្រើនដើមផងដែរ។
លោក សេង វិចិត្រ បានថ្លែងថា៖ តាមរយៈកម្មវិធីនយោបាយ «ភាពស្អាតលើដី» ក្រសួងបរិស្ថាន បានដាក់ចេញនូវ យុទ្ធនាការដូចជា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង «ផ្លូវជាតិ គ្មានសំណល់ប្លាស្ទិក»។ យុទ្ធនាការទាំងនេះ គឺជាការបំផុសស្មារតី និងជំរុញទឹកចិត្តសាធារណជនគ្រប់រូបឱ្យចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងរួមគ្នាសម្អាតបរិស្ថាននៅតាមលំនៅឋាន ភូមិឋាន ទីសាធារណៈ និងតាមផ្លូវជាតិនានា។ យុទ្ធនាការទាំងនេះ បានក្លាយជាចលនាជាតិមួយដ៏សំខាន់ ដែលកំពុងផ្លាស់ប្តូរឥរិយាបថប្រជាជនក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ អាជីវករ ផ្លាស់ប្តូរមក ប្រើប្រាស់សម្ភារវេចខ្ចប់ដែលផលិតពីវត្ថុធាតុដើមធម្មជាតិ ឬផលិតផលបរិស្ថាន ដែលអាចប្រើប្រាស់ឡើងវិញ។ ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង រដ្ឋបាលស្រុករលាប្អៀរ បានជំរុញ និងដឹកនាំប្រជាពលរដ្ឋតាមមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃអោយស្រឡាញ់ភាពស្អាតគ្មានថង់ផ្លាស្ទីក និងគ្មានសំរាមនៅតាមផ្លូវ តាមគេហដ្ឋាន ភូមិដ្ឋាន វត្តអារាម សាលារៀន។ ករណីនៅភូមិព្រៃសំពៅ ស្ថិតក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ គឺជាភូមិគំរូមួយដែលមិនមានសំរាមតាមលំនៅដ្ឋាន វត្តអារាម សាលារៀន ទីសាធារណៈ និងតាមផ្លូវ ព្រោះមេភូមិ មេឃុំ និងប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់បានយល់ដឹងពីបរិស្ថានស្អាត ពួកគាត់បានដាក់ធុងសំរាមតាមមុខផ្ទះរៀងៗខ្លួន នាំអោយអ្នកទម្លាប់បោះសំរាមចោលពាសវាលពាសកាល គឺត្រូវតែយកសំរាមទៅដាក់តាមធុងសំរាមទាំងអស់។
តាមរបាយការណ៍របស់ក្រសួងបរិស្ថានថា៖ បច្ចុប្បន្នផលិតផលប្លាស្ទិកជាង៤០០លានតោន ត្រូវបានផលិតក្នុងមួយឆ្នាំៗ ប៉ុន្តែមានប្រមាណ១២ភាគរយ ត្រូវបានដុតបំផ្លាញ ហើយប្រមាណ៩ភាគរយប៉ុណ្ណោះត្រូវបានធ្វើការកែច្នៃឡើងវិញ។ ចំណែកប្លាស្ទិកដែលនៅសល់ គឺត្រូវបានបោះចោលនៅទីលានចាក់សំរាម ឬបញ្ចេញទៅក្នុងបរិស្ថាន រួមទាំងមហាសមុទ្រផងដែរ។ ប្រសិនបើគ្មានវិធានការប្រកបដោយនិរន្តភាពនោះទេ គេរំពឹងថាបរិមាណសំណល់ប្លាស្ទិកដែលហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងទឹក នឹងកើនឡើងជិតបីដងប្រមាណពី១១លានតោន ក្នុងឆ្នាំ២០១៦ ដល់ប្រមាណ២៩លានតោន ក្នុងឆ្នាំ២០៤០៕ កាំង ហុងវាស្នា
-
PR NEWS1 week agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន5 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន5 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន6 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប