ព័ត៌មាន
អាជ្ញាធរខេត្តព្រះវិហារ ពលរដ្ឋ យុវជន និងអង្គការដៃគូរ រួមគ្នាសំអាតសំរាម តាមដងផ្លូវ ក្នុងថ្ងៃនៃទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៥
អាជ្ញាធរខេត្តព្រះវិហារ ក៏ដូចជាប្រជាពលរដ្ឋ យុវសិស្ស និងអង្គការដៃគូរ បានប្រារព្ធទិវា បរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយបរិស្ថាន» និងរួមគ្នាដង្ហែរក្បួនដោយកាន់បដាពាក្យស្លោក ចាក់សារសម្លេងអប់រំអំពីផលប៉ះពាល់នៃការបំពុលបរិស្ថាន និងសារៈសំខាន់នៃការថែរក្សាបរិស្ថាន ព្រមទាំងបានសំអាតសំរាមនៅតាមដងផ្លូវក្នុងក្រុងព្រះវិហារ។
ពិធីនេះប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណរង្វង់មូលព្រះនរាយណ៍ ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារក្រោមអធិបតីភាព លោក សុខ សាន្ដតារ៉ា អភិបាលរងខេត្ត។
លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានលើកឡើងថា ទិវាបរិស្ថាន ជាតិ និងបរិស្ថានពិភពលោក ៥មិថុនាឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងជំរុញសាធារណជនចូលរួមធ្វើអនាម័យបរិស្ថាន តាមលំនៅឋាន និងទីសាធារណដើម្បីចូលរួមការប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក។ លោកថាបញ្ហាប្លាស្ទិកគឺជាប្រធានបទដ៏ធំសម្រាប់ពិភពលោកជារួម និងដោយឡែកសម្រាប់កម្ពុជាគឺជាប្រធានក្តៅផងដែរ។ បច្ចុប្បន្នកំណើននៃការប្រើប្រាស់ថង់ប្លាស្ទិកបានកើឡើងជាគំហុក ជាក់ស្តែង នៅរាជធានីភ្នំពេញត្រូវបានគេរកឃើញ ថាមានថង់ប្លាស្ទិកចំនួន១០លានថង់ត្រូវបានប្រើប្រាស់រៀងរាល់ថ្ងៃ ខណៈដែលប្រជាជនកម្ពុជារស់នៅតាមទីក្រុងនានាក្នុង១នាក់ប្រើប្រាស់ថង់ប្លាស្ទិកប្រមានជា២០០០ថង់ក្នុង១ឆ្នាំ។ ទន្ទឹមនេះលោកថា ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ ផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព។
ថ្លែងក្នុងឱកាសនោះ លោក សុខ សាន្តតារ៉ា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការថែរក្សាបរិស្ថានឱ្យបានល្អប្រសើរ។ លោកបានលើកឡើងថា ការបំពុលបរិស្ថាន មិនថាតែការបំពុលខ្យល់ ទឹក ដីនោះទេ សុទ្ធតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ីទាំងមូល។ លោកអភិបាលរងខេត្តក៏បានគូសបញ្ជាក់ផងដែរថា ខេត្តព្រះវិហារដែលសម្បូរទៅដោយធនធានធម្មជាតិ និងតំបន់បេតិកភណ្ឌពិភពលោកជាច្រើន កាន់តែត្រូវការការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្ស ដើម្បីធានានូវការអភិវឌ្ឍប្រកបដោយចីរភាព។
លោកបានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តពង្រឹងការអនុវត្តច្បាប់បរិស្ថាន និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃការបំពុល និងវិធីសាស្ត្រក្នុងការកាត់បន្ថយ និងលុបបំបាត់ការបំពុល។
ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ឱ្យចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក កែច្នៃសំរាម ការដាំដើមឈើ និងចូលរួមសម្អាតបរិស្ថាននៅតាមគេហដ្ឋាន សាលារៀន និងទីសាធារណៈនានា ដើម្បីរួមចំណែកបង្កើតបរិស្ថានស្អាត បៃតង និងប្រកបដោយផាសុកភាពសម្រាប់យើងទាំងអស់គ្នា និងសម្រាប់មនុស្សជំនាន់ក្រោយ។











-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម