ព័ត៌មាន
ទូតបារំាងរៀបចំពិធីជួបជុំអតីតនិស្សិតខ្មែរដែលធ្លាប់ទៅសិក្សានៅបារាំង ហើយបានហៅការជួបជុំនេះថាភូមិអតីតនិស្សិត
ភ្នំពេញ៖ ស្ថានទូតបារំាងប្រចាំកម្ពុជា បានរៀបចំទិវាអតីតនិស្សិតកម្ពុជាដែលធ្លាប់សិក្សានៅប្រទេសបារាំង ឬតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាបារាំង ស្ថិតក្រោមប្រធានបទ “អ្នកមានទេពកោសល្យដើម្បីផ្លាស់ប្តូរពិភពលោក” ដែលព្រឹត្តិការណ៍ខាងលើមានអ្នកចូលរួមជាង៦០០នាក់ ហើយ “ភូមិអតីតនិស្សិត” មួយត្រូវបានរៀបចំឡើងជាពិសេស នៅក្នុងបរិវេណស្ថានទូត ដើម្បីសម្រួលដល់ការពិភាក្សាផ្លាស់ប្តូរយោបល់ បើកចក្ខុវិស័យការងារ និងពង្រឹងបណ្តាញអតីតនិស្សិតកម្ពុជាមកពីបារាំង ដែលបច្ចុប្បន្នមានសមាជិកជាង ១ ២០០នាក់។
គោលដៅសំខាន់ នៃពិធីជួបជុំប្រចាំឆ្នាំខាងលើ គឺដើម្បីពង្រឹងចំណងទាក់ទង រវាងអតីតនិស្សិតកម្ពុជា ដែលទទួលបានសញ្ញាប័ត្រពីប្រទេសបារាំង ជាមួយជ័យលាភីអាហារូបករណ៍បារាំង FRANCE EXCELLENCE ដែលនឹងចាកចេញទៅក្នុងពេលខាងមុខ ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នដៃគូផ្សេងៗ ។ ព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីឱកាសសិក្សា និងការងារ ដែលទទួលបានពីការសិក្សានៅប្រទេសបារាំង ក៏ដូចជាតម្លៃបន្ថែមនៃភាសាបារាំងនៅលើទីផ្សារការងារនៅកម្ពុជា។
ពិធីនេះ បានរៀបចំឡើងរួមគ្នាជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ព្រឹត្តិការណ៍ខាងលើមានការដាក់បង្ហាញស្តង់ចំនួន៣០ ដែលជាលំហសន្ទនាដ៏រីករាយ អំពីឱកាសការងារ ការចងក្រងបណ្តាញ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចជាវិស្វកម្ម សុខាភិបាល សេដ្ឋកិច្ច នីតិសាស្រ្ត និងបច្ចេកវិទ្យាថ្មីៗ ។
ក្នុងពិធីជួបជុំកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការសិក្សាដ៏ល្អរបស់អតីតនិស្សិតកម្ពុជា ក៏ដូចជាការរួមចំណែកដ៏ធំធេងរបស់ពួកគេក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងការពង្រឹងចំណងទាក់ទងបារាំង-កម្ពុជា ។
លោកបន្តថា “ដោយជ្រើសរើសឧត្តមសិក្សាបារាំងលោកអ្នកទទួលបានចំណេះដឹងផ្នែកភាសា ជំនាញ ផ្នត់គំនិតទូលំទូលាយ និងបទពិសោធន៍ ដែលនាំទៅកាន់ចក្ខុវិស័យការងារ និងអាជីព ទាំងនៅកម្ពុជា និងនៅបរទេស»។ លោកទូតបានបន្ថែមថា ភាសាបារំាង និងការសិក្សានៅប្រទេសបារាំងគឺជាកម្លាំងចលករដ៏ខ្លាំងនៃឱកាសទទួលបានការងារ។
ប្រទេសបារាំងស្ថិតក្នុងលំដាប់ទី៤ លើពិភពលោក ដែលទទួលនិស្សិតបរទេសឱ្យទៅសិក្សាច្រើនជាងគេ ហើយក៏ជាប្រទេសគោលដៅទី៤សម្រាប់និស្សិតកម្ពុជាផងដែរ ។ ក្នុងបរិបទនៃការប្រកួតប្រជែងកាន់តែស្វិតស្វាញ ប្រទេសបារាំងរក្សាបានភាពទាក់ទាញដ៏ខ្លាំង ដែលគាំទ្រដោយភាពរស់រវើកនៃហ្វ្រង់កូហ្វូនី និងយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក ដែលបារំាងបានដាក់ចេញតាំងពីឆ្នាំ២០១៨ ៕អត្ថបទបាន ចក់








-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង