ព័ត៌មាន
ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះរាជសព្ទសាធុការពរជ័យ និងទូលថ្វាយរបាយការណ៍
ភ្នំពេញ៖ នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ក្នុងពេលតែមួយ នៅព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង ដើម្បីថ្វាយព្រះរាជសព្ទសាធុការពរជ័យ និងទូលថ្វាយរបាយការណ៍។

គណៈប្រតិភូអញ្ជើញអមដំណើរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន សម្តេចមហាមន្ត្រី គុយ សុផល អនុប្រធាន, លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក, ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល, លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ, ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងឯកឧត្តម ឌួង អេលីត នាយកពិធីការ។

ក្នុងឱកាសចូលក្រាបថ្វាយបង្គំគាល់នោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសំដែងថ្វាយនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែល ព្រះអង្គទាំងទ្វេ បានប្រោសព្រះរាជទានដល់គណៈប្រតិភូ ចូលក្រាបបង្គំគាល់ថ្វាយព្រះរាជសព្ទសាធុការពរជ័យ សិរីមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម នៃ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅ និងព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះវររាជមាតាជាតិខ្មែរ នាថ្ងៃទី១៨ ខែមិថុនា ខាងមុខនេះ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានទូលថ្វាយ ព្រះអង្គទាំងទ្វេ នូវរបាយការណ៍សំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ដូចជា៖ ការត្រៀមរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងលទ្ធផលស្តីពីការប្រារព្ធខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ព្រមទាំងសមិទ្ធផលការងារសំខាន់ៗក្នុងឆ្នាំ២០២៤ និង៥ខែ ដើមឆ្នាំ២០២៥ ដែលកាកបាទក្រហមកម្ពុជា បានប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន ទៅតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា។
បន្ទាប់ពីបានទូលថ្វាយនូវរបាយការណ៍ចប់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្តែងគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុត និងព្រះមហាករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុត ប្តេជ្ញាដង្ហែតាមលំអានព្រះរាជវីរៈគំរូដ៏ប្រពៃថ្លៃថ្លានៃ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះវររាជមាតាជាតិខែ្មរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជារៀងដរាប។

ជាមួយគ្នានេះ ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏សូមព្រះបរមរាជានុញ្ញាតថ្វាយ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង នូវមូលនិធិចំនួន ៥០ម៉ឺនដុល្លារ និងថ្វាយ សម្តេចព្រះវររាជមាតាជាតិខែ្មរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នូវមូលនិធិ ៥០ម៉ឺនដុល្លារ ដើម្បីចូលរួមវិភាគទានដល់ព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមប្រពៃថ្លៃថ្លានៃ ព្រះអង្គទាំងទ្វេ ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនៃ ព្រះអង្គទាំងទ្វេ, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងគណៈប្រតិភូទាំងអស់ សូមលើកហត្ថប្រណម្យបួងសួងគុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងអស់ នៅលើលោក ទេព្តារក្សាព្រះមហាស្វេតច្ឆត្រ បារមីព្រះវិញ្ញាណក្ខន្ធ នៃ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ សូមឫទ្ធិតេជះបារមីខ្លាំងក្លាទាំងអស់ ជាពិសេសបារមី ព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជទានប្រោះព្រំ នូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីសួស្តី ថ្វាយ ព្រះអង្គទាំងទ្វេ បានប្រកបដោយព្រះបរមសុខគ្រប់ប្រការ មានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយ ព្រះវស្សា ដើម្បីគង់ប្រថាប់ ជាមហាម្លប់ដ៏ត្រជាក់ត្រជំ សម្រាប់ ប្រជារាស្រ្ត ជាកូនចៅ ចៅទួត របស់ព្រះអង្គ ទូទាំងប្រទេស ជ្រកកោនរៀងដរាបតទៅ។

ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានថ្លែងអំណរគុណចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ ដើម្បីថ្វាយព្រះពរ និងទូលថ្វាយនូវរបាយការណ៍យ៉ាងក្បោះក្បាយ និងមានសារៈសំខាន់ ជាពិសេសបានបង្ហាញពីការយកចិត្តទុកដាក់គិតគូររបស់កាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខរបស់ប្រជានុរាស្ត្រនៅគ្រប់ទីកន្លែង។ ព្រះអង្គទាំងទ្វេ ក៏បានថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវបណ្ឌិត ដែលបានខិតខំប្រឹងប្រែងកៀរគររកមូលនិធិ ហើយបាននាំយកដង្វាយមកថ្វាយសម្រាប់ប្រើប្រាស់ក្នុងព្រះរាជសកម្មភាពមនុស្សធម៌ផ្សេងៗ។

ជាទីបញ្ចប់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានជូនពរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឱ្យមានជោគជ័យក្នុងការបន្តដឹកនាំបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីប្រជានុរាស្ត្រនៅទូទាំងប្រទេស។

បន្ទាប់ពីព្រះរាជពិធីសវនការនោះ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសប្រទានដល់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងគណៈប្រតិភូ ថតរូបអនុស្សាវរីយ៍ផងដែរ៕






-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន6 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន5 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន5 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង