ព័ត៌មាន
មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាំយកអំណោយផ្ដល់ជូនកងកម្លាំងដែលកំពុងប្រចាំការនៅតំបន់មុំបី ខេត្តព្រះវិហារ
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ២០២៥ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ១០៥ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូននាយទាហាន នាយនគរបាល នៃកងវរសេនាតូចអន្តរាគមន៍ លេខ៣៩៥ និងកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីចូលរួមលើកទឹកចិត្តដល់បងប្អូនកងកម្លាំងដែលឈរជើងនៅសមរភូមិមុខ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងពីរអង្គភាពផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ជានិច្ចកាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនកងទ័ពនិងកងនគរបាលជាតិការពារ ព្រំដែននៅតំបន់មុំបីនេះ ដោយតែងតែនាំយកនូវអំណោយជាស្បៀងអាហារ ថ្នាំសង្កូវ គ្រឿងបរិក្ខារ និងសម្ភារប្រើប្រាស់ ផ្សេងៗមកឧបត្ថម្ភជូនបងប្អូនកងកម្លាំងទាំងពីរអង្គភាពជាទៀងទាត់ នៅរៀងរាល់មុនពិធីបុណ្យប្រពៃណីជាតិធំៗ ដូចជាបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌជាដើម។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសរំលេចពីគោលជំហរដ៏ច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងដំណោះស្រាយព្រំដែនរវាងកម្ពុជា-ថៃ ដោយសម្រេចជ្រើសយកផ្លូវសន្តិវិធី និងដំណោះស្រាយតាម ច្បាប់អន្តរជាតិ ទន្ទឹមនឹងការរក្សាសិទ្ធិក្នុងការប្រើកម្លាំងដើម្បីការពារអធិបតេយ្យភាព និងអាណាចក្រដែនដីដ៏ត្រឹមត្រូវ របស់ប្រទេសយើង ករណីបើមានការបំពានបូរណភាពទឹកដីពីសំណាក់ប្រទេសជិតខាងណាមួយ។
ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់បងប្អូនកងកម្លាំង និងអាជ្ញាធរស្រុកនៅជាប់ព្រំដែន ត្រូវបន្តពង្រឹង កិច្ចសហប្រតិបត្តិការល្អជាមួយភាគីថៃ ដើម្បីជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាល ជ្រៅបំផុតជូនចំពោះបងប្អូននាយទាហាន នាយនគរបាល ពលទាហាន និងពលនគរបាលទាំងអស់ ដែលឈរជើង នៅសមរភូមិមុខតំបន់មុំបីនេះ ព្រមទាំងនាំយកនូវអំណោយជាថវិកាក្នុងម្នាក់ៗចំនួន ៥០,០០០រៀល អង្គភាពនីមួយៗ ចំនួន ២,០០០,០០០រៀល រួមជាមួយគ្រឿងបរិក្ខារ គ្រឿងឧបភោគបរិភោគ និងថ្នាំសង្កូវមួយចំនួន សរុបជាថវិកាប្រមាណ ២៣៥ លានរៀល៕
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន3 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប