Connect with us

ព័ត៌មាន

បំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាដល់យុវជន មកពី៤វិទ្យាល័យក្នុងស្រុករលាប្អៀរចំនួន៤០០នាក់

កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាមកពី៤វិទ្យាល័យក្នុងស្រុករលាប្អៀរចំនួន៤០០នាក់ នៅសាលាស្រុករលាប្អៀរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង, លោកជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខា, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា រួមនិងឯកឧត្តម លោកជំទាវ លោកលោកស្រីក្នុងជួរគណៈកិត្តិយសាខា គណៈកម្មាធិការសាខា លោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ទីប្រឹក្សាយុវជន ក្មួយៗយុវជនកាកបាទក្រហមផងដែរ។

​លោក សេង វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាស្រុករលាប្អៀរ បានថ្លែងថា៖ ក្នុងនាមគណៈគ្រប់គ្រង សង្ឃឹមយ៉ាងមុតមាំថា ការបំពាក់កន្សែងជូន យុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន៤០០នាក់ក្នុងឱកាសនេះ គឺជាចំណែកថ្មីមួយទៀត ក្នុងការពង្រឹង និងពង្រីកបណ្ដាញយុវជន ដើម្បីលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃមនុស្សធម៌របស់ចលនា ស្របតាមវិស័យស្នូលទាំង៤ របស់កាកបាទក្រហមកម្ពុជា ក៏ជាការបំពេញបន្ថែមនៅតាមវិទ្យាល័យគោលដៅ របស់សាខាផងដែរ។ ប្រកាន់ភ្ជាប់នៃវប្បធម៌ចែករំលែក ដោយដើរស្របតាមគំនិតដ៏ខ្ពង់ខ្ពស់ប្រកប ដោយព្រហ្មវិហារធម៌ បេះដូងមនុស្សធម៌របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ខិតខំបំពេញកាតព្វកិច្ច និងអនុវត្តការងារមនុស្សធម៌បន្តពីយុវជនជំនាន់មុន ដោយគោរពតាមគោលការណ៍គ្រឹះទាំង៧ និងចក្ខុវិស័យទាំង៤ របស់កាកបាទក្រហមកម្ពុជា។ ពង្រឹងចំណងសាមគ្គីភាពរវាងក្លឹបយុវជនកាកបាទក្រហមកម្ពុជា ក្នុងសាលា។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជាប្រធានកិត្តិយសសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្មួយជាយុវជនកាកបាទក្រហម និងអនុសាសន៍៧ចំណុចរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីក្រើនរំលឹកដល់ក្មួយៗ ជាយុវជនកាកបាទក្រហមថ្មីទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រលត់ដំខ្លួន ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ហើយពង្រឹង និងពង្រីកសមត្ថភាពអោយក្លាយជាធនធានមនុស្ស ដែលមានគុណភាព ប្រកបដោយទឹកចិត្តមនុស្សធម៌ ស្ម័គ្រចិត្តលះបង់កម្លាំងកាយចិត្ត និងពេលវេលា ដើម្បីធ្វើជាកម្លាំងចលករ និងជាប្រតិបត្តិករដ៏ពិតប្រាកដ របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា» និង «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោលឡើយ»៕ ដោយ ៖ ហុង វាសនា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia