ព័ត៌មាន
TOP STORY សម្ដេចតេជោ អំពាវនាវដល់មិត្តបរទេសលើកទឹកចិត្តភាគីថៃឱ្យទៅដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា តាមផ្លូវតុលាការ ICJ ខណៈបើមិនដោះស្រាយទេ ១០០ ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា នៅយប់ថ្ងៃទី១៣ ខែមិថុនានេះ បានផ្ញើសារអំពាវនាវដល់មិត្តបរទេសលើកទឹកចិត្តភាគីថៃឱ្យទៅដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា តាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយសម្ដេចមើលឃើញថា វិវាទនៅចំណុច តំបន់មុំបី, ប្រាសាទតាមាន់ធំ, តាមាន់តូច និងប្រាសាទតាក្របី បើមិនដោះស្រាយតាមផ្លូវតុលាការអន្តរជាតិទេ ១០០ ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ។
សម្ដេចតេជោ បានសរសេរថា មកដល់ពេលនេះ បងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសប្រហែលជាអាចយល់បានហើយថា ហេតុអ្វីបានជាខ្ញុំសម្រេចចេញបញ្ជាឲ្យក្រសួងការបរទេស និងតំណាងកម្ពុជាយើងដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បោះឆ្នោតប្រឆាំងរុស្ស៊ី ដែលវាយចូលប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០២២ ដែលធ្វើឲ្យប្រទេសជាច្រើនមានការភ្ញាក់ផ្អើលអំពីឥរិយាបទរបស់កម្ពុជា។
សម្ដេចបានថ្លែងថា៖«ខ្ញុំគិតថាថ្ងៃណាមួយ ថៃនឹងធ្វើសកម្មភាពដូចកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ទៀតហើយ។ ពេលនេះភាពគឃ្លើញមិនគោរពច្បាប់បានបង្ហាញចេញមកហើយ។ ដូចនេះគេអាចពន្យល់បានហើយអំពីការគិតរបស់ខ្ញុំសម្រាប់ពិភពលោក ដែលគោរពច្បាប់ផង និងសម្រាប់អនាគតកម្ពុជា ជាមួយប្រទេសថៃផង»។
សម្ដេចតេជោ បានបន្តថា កម្ពុជាអំពាវនាវដល់បណ្តារដ្ឋដែលអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ លើកទឹកចិត្តដល់ភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពតាមច្បាប់។ សសំណូមពររបស់កម្ពុជា គឺស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជាលើ ៤ ចំណុច៖
ទី១ តំបន់មុំបីនៃព្រំដែន កម្ពុជា-ឡាវ-ថៃ
ទី២ ប្រាសាទតាមាន់ធំ
ទី៣ ប្រាសាទតាមាន់តូច និង
ទី៤ ប្រាសាទតាក្របី។
សម្ដេចតេជោថ្លែងថា កម្ពុជាមិនស្នើ សុំអាវុធ-គ្រាប់ ដើម្បីវាយប្រយុទ្ធបង្ហូរឈាមគ្នារវាងកម្ពុជា និងថៃនោះទេ តែកម្ពុជាស្នើសុំឲ្យលើកទឹកចិត្តដោះស្រាយដោយសន្តិវិធី តាមរយៈការចរចា តាមយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង។ ព្រំដែន កម្ពុជា-ថៃ មានប្រវែងជាង ៨០០ គីឡូម៉ែត្រ កម្ពុជាលើកតែ ៤ ចំណុច ដែលជាចំណុចក្តៅ និងរសើប ដែលងាយនឹងផ្ទុះអាវុធវាយប្រហារគ្នាប្តឹងទៅតុលាការដោះស្រាយជាមុន។
សម្ដេចតេជោបានបញ្ជាក់ថា៖«៤ ចំណុចដូចបានរៀបរាប់ខាងលើ មិនអាចរកការស្រុះស្រួលគ្នាតាមយន្តការទ្វេភាគីបានឡើយ សូម្បីតែ ១០០ ឆ្នាំទៀតក៏មិនអាចដោះស្រាយបានដែរ។ ដូចនេះមានតែតុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុណ្ណោះទើបអាចដោះស្រាយបាន»។
សម្ដេចតេជោ បានបន្តថា ការដោះស្រាយតាមផ្លូវតុលាការមិនមែនជាការបង្កហេតុបង្កសង្រ្គាមនោះឡើយ តែជាការដោះស្រាយដោយសន្តិវិធីតាមផ្លូវច្បាប់បញ្ជៀសការបង្ហូរឈាមនាពេលអនាគត។ សម្រាប់រដ្ឋាភិបាលក៏ងាយស្រួលក្នុងការបកស្រាយជាមួយប្រជាជនខ្លួនផងដែរ ក្នុងករណីចាញ់ក្តីនៅតុលាការ។ ក្នុងចំណោមប្រទេសអាស៊ានមានឧទាហរណ៍ដ៏ល្អ ដែលឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី, សឹង្ហបុរី និងម៉ាឡេស៊ី នាំយកជម្លោះទឹកដី ទៅឲ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ដោះស្រាយដោយភាគីនិមួយៗ គោរពតាមការសម្រេចរបស់តុលាការ។ ជាលទ្ធផលទំនាក់ទំនងរវាង ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី និងទំនាក់ទំនងម៉ាឡេស៊ី ជាមួយសឹង្ហបុរី នៅតែល្អនិងគ្មានជម្លោះតកូនតចៅ។
សម្ដេចតេជោបានបញ្ជាក់ថា ការគេចវេសណាមួយមិនហ៊ានចូលតាមផ្លូវតុលាការ វាមានន័យស្មើជាមួយការប្រព្រឹត្តបទល្មើស និងការមិនគោរពច្បាប់ ក្នុងសណ្តាប់ធ្នាប់ពិភពលោកមួយដែលគោរពច្បាប់៕

-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន4 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន1 week agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន1 week agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន4 days agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០
-
ព័ត៌មាន2 days agoក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក
-
ព័ត៌មាន4 days agoខេត្តនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគចំនួន ២២ គម្រោង មានទុនសរុបជិត ៤០០ លានដុល្លារ