Connect with us

ព័ត៌មាន

កម្ពុជាអបអរសាទរខួប៦៣ឆ្នាំ ដែលតុលាការ ICJ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ជាខួបលើកទី៦៣ឆ្នាំ (១៥ មិថុនា ១៩៦២-១៥ មិថុនា ២០២៥) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចឱ្យព្រះរាជាណាចក្រកម្ពុជា ឈ្នះក្តីលើប្រទេសថៃ ក្នុងសំណុំរឿងក្តីប្រាសាទព្រះវិហារ និងក្លាយជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។

ក្នុងឱកាសនេះថ្នាក់ដឹកនាំ មន្រ្ដីរាជការ ជនរួមជាតិខ្មែរទូទាំងក្នុងប្រទេស និងក្រៅប្រទេសបានផ្ញើសាររម្លឹក និងអបអរសាទរចំពោះខួបនៃជ័យជម្នះរបស់កម្ពុជា។

ក្នុងឱកាសនេះ សម្ដេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ញើសារអបអរសាទរខួប ៦៣ ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារនេះផងដែរ។

សូមរម្លឹកថា កម្ពុជាធ្លាប់បានឈ្នះក្តីលើថៃចំនួន២លើករួចហើយនៅទីក្រុងឡាអេទាក់ទងសំណុំរឿងប្រាសាទព្រះវិហារ។ កម្ពុជាឈ្នះក្តីលើថៃលើកទី១ កាលពីថ្ងៃ ទី១៥ ខែមិថុនា ឆ្នាំ១៩៦២៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចនរោត្តម សីហនុ បានសម្រេចព្រះទ័យដាក់ពាក្យបណ្តឹងប្រឆាំងនឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡេអេ ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារមកឱ្យកម្ពុជា និងទាមទារឱ្យថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ ចេញពីប្រាសាទព្រះវិហារក្រោយ ប្រើពេលតវ៉ាតាមរយៈការទូតជាមួយថៃបានបរាជ័យ។

លុះដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីលើភាគីថៃ ដោយសម្រេចថាប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យ របស់កម្ពុជា ហើយសម្រេចអោយថៃត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្នាំផ្សេងទៀត ដែលឈរជើង នៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទ ក្នុងដែនដីរបស់កម្ពុជាព្រមទាំងសម្រេចអោយថៃត្រូវប្រគល់ត្រឡប់មកឱ្យកម្ពុជាវិញ នូវរាល់វត្ថុបុរាណដូចជា រូបចម្លាក់ សិលាចារឹក គ្រឿងចានឆ្នាំងធ្វើអំពីដី។ល។ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារឬពីតំបន់ប្រាសាទក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទចាប់តាំងពីឆ្នាំ១៩៥មក។

កម្ពុជាឈ្នះក្តីលើថៃលើកទី២កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ពោលគឺ ១២ឆ្នាំមុន៖ ជម្លោះនេះបានចាប់ផ្តើមក្រោយ ប្រាសាទ

ព្រះវិហារ ត្រូវបានអង្គការវប្បធម៌ពិភពលោក យូណេស្កូ សម្រេចជាឯកច្ឆន្ទ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងកេ ប៊ិច ប្រទេសកាណាដាកាលពីថ្ងៃទី៧ ខែកក្កដាឆ្នាំ២០០៨។ មួយសប្តាហ៍ក្រោយមកគឺនៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨ កងទ័ពថៃ បានចូលលុកលុយវត្តកែវសិក្ខាគិរីស្វារៈ ជាប់ប្រាសាទព្រះវិហារ ដែលបណ្តាលឱ្យមានការផ្ទុះអាវុធ រវាងកងទ័ពថៃនិងកម្ពុជា។

នៅថ្ងៃ២៨ខែមេសា ឆ្នាំ២០១១សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានដាក់ពាក្យបណ្តឹងប្រឆាំងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្រោយពីថៃបានធ្វើសង្គ្រាមច្រើនលើកច្រើនសារមកលើកម្ពុជាដែលគ្រាប់កាំភ្លើងរបស់ថៃបានបណ្តាលឲ្យខូចខាតប្រាសាទព្រះវិហារដែលទើបត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។ លុះដល់ថ្ងៃទី១១វិចិ្ឆកាឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិបាន សម្រេចជាឯកឆន្ទថា «ដែនដីទាំងមូលនៃជ្រោយប្រាសាទព្រះវិហារ» ឬមានន័យថាដែនដីដែលស្ថិតក្នុងតំបន់ជុំវិញប្រាសាទនេះ គឺជា «ដែនដីអធិបតេយ្យរបស់ប្រទេសកម្ពុជា» ព្រមទាំងបានបង្គាប់ឲ្យប្រទេសថៃដកកងកម្លាំង ប្រដាប់ អាវុធឬឆ្មាំទាំងឡាយណាចេញ ពីតំបន់ជ្រោយប្រាសាទព្រះវិហារ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia