ព័ត៌មាន
គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ចូលរួមសន្និសីទពិភពលោក ស្តីពីឱសថបុរាណឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
សាធារណរដ្ឋប្រជាមានិតចិន៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូជាន់ខ្ពស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានការអមដំណើរដោយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង សេនា ទីប្រឹក្សាក្រសួងសុខាភិបាល និងលោកឱសថការី ប៉ុល សម្បត្តិ មន្ត្រីបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ (NCTM) បានអញ្ជើញចូលរួមសន្និសីទពិភពលោកស្តីពីឱសថបុរាណឆ្នាំ២០២៦ (World Conference on Traditional Medicine 2026)។

សន្និសីទអន្តរជាតិនេះត្រូវបានរៀបចំឡើងដោយសហការរវាងរដ្ឋបាលប្រជាជនក្រុងប៉េកាំង គណៈកម្មការសុខាភិបាលជាតិចិន និងអង្គការសុខភាពពិភពលោក (WHO) ក្រោមប្រធានបទ «ការបង្កើនថាមពលបច្ចេកវិទ្យា និងការអភិវឌ្ឍសមាហរណកម្ម ដើម្បីលើកកម្ពស់ឱសថបុរាណ សម្រាប់ទាំងអស់គ្នា»។ សន្និសីទនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់មកពីប្រទេសចំនួន១៥ ព្រមទាំងអង្គការអន្តរជាតិ ដោយមានអ្នកចូលរួមសរុបប្រមាណ ១ ២០០ នាក់។
ក្នុងឱកាសនោះ គណៈប្រតិភូកម្ពុជាបានចូលរួមយ៉ាងសកម្មនៅគ្រប់កម្មវិធីសន្និសីទ និងកិច្ចពិភាក្សាទាំងអស់ដែលបានរៀបចំ ព្រមទាំងបានចែករំលែកបទពិសោធន៍ សមិទ្ធផល និងវឌ្ឍនភាពរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យឱសថបុរាណ។ សមិទ្ធផលទាំងនោះរួមមាន៖ ការផ្តួចផ្តើមធ្វើសមាហរណកម្មឱសថបុរាណទៅក្នុងប្រព័ន្ធថែទាំសុខភាពបឋមនៅតាមមណ្ឌលសុខភាពមូលដ្ឋាន តាមរយៈសៀវភៅណែនាំស្តីពីសំណុំសកម្មភាពអប្បបរមា (MPA Guidelines) ចាប់តាំងពីឆ្នាំ២០១៨ ការចងក្រង និងប្រមូលទិន្នន័យអំពីរុក្ខជាតិឱសថជិត ១ ០០០ ប្រភេទ ព្រមទាំងវឌ្ឍនភាពនៃការបញ្ចូលមុខវិជ្ជាឱសថរុក្ខជាតិ ទៅក្នុងកម្មវិធីសិក្សាឱសថសាស្ត្រស្នូលនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស.)។
ជាមួយគ្នានេះ គណៈប្រតិភូក៏បានលើកឡើងពីសារៈសំខាន់នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្របុរាណចិន-កម្ពុជា ដែលមានទីតាំងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ក្នុងការជំរុញការផ្លាស់ប្តូរចំណេះដឹង បច្ចេកទេស និងបទពិសោធន៍រវាងប្រទេសទាំងពីរ។
ស្របតាមទិសដៅយុទ្ធសាស្ត្រនៃផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០២៥-២០៣៤ គណៈប្រតិភូកម្ពុជាបានលើកឡើងនូវអនុសាសន៍ជាអាទិភាពចំនួន៥ ដើម្បីពង្រឹងការអភិវឌ្ឍវិស័យឱសថបុរាណនៅកម្ពុជា រួមមាន៖
១.ការបង្កើតមន្ទីរពិសោធន៍ទំនើបសម្រាប់កំណត់អត្តសញ្ញាណរុក្ខជាតិឱសថ តាមរយៈ DNA Barcoding ដើម្បីធានាភាពត្រឹមត្រូវនៃការកំណត់អត្តសញ្ញាណវត្ថុធាតុដើម។
២.ការរៀបចំចងក្រង និងបោះពុម្ពផ្សាយឯកសារស្តង់ដារផ្លូវការស្តីពីឱសថបុរាណ (Monographs) ដើម្បីកំណត់ស្តង់ដារគុណភាព និងជំរុញការប្រើប្រាស់ឱសថបុរាណប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
៣.ការពង្រីកការបណ្តុះបណ្តាលធនធានមនុស្សកម្រិតក្រោយឧត្តមសិក្សា រួមមានថ្នាក់អនុបណ្ឌិត និងបណ្ឌិត លើជំនាញពាក់ព័ន្ធនឹងឱសថបុរាណ និងវេជ្ជសាស្ត្រ ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍវិស័យនេះ។
៤.ការពង្រឹងសមាហរណកម្មឱសថបុរាណទៅក្នុងប្រព័ន្ធសុខាភិបាលសាធារណៈ ជាពិសេសសេវាថែទាំសុខភាពបឋម នៅតាមមណ្ឌលសុខភាព ដើម្បីពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាពប្រកបដោយសុវត្ថិភាព និងគុណភាព។
៥.ការជំរុញភាពជាដៃគូអន្តរជាតិក្នុងការផលិត និងគ្រប់គ្រងគុណភាពឱសថបុរាណ ស្របតាមគោលការណ៍អនុវត្តផលិតកម្មល្អ (GMP) ព្រមទាំងពង្រឹងប្រព័ន្ធចុះបញ្ជីឱសថ និងការត្រួតពិនិត្យទីផ្សារ ដើម្បីទប់ស្កាត់ការផលិត ការចែកចាយ និងការលក់ឱសថបុរាណដែលគ្មានការអនុញ្ញាត។
នៅថ្ងៃបញ្ចប់នៃដំណើរបេសកកម្ម គណៈប្រតិភូកម្ពុជាបានអញ្ជើញទៅទស្សនកិច្ចសិក្សានៅតាមមន្ទីរពេទ្យ និងរោងចក្របច្ចេកវិទ្យាផលិតសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ដោយមានការសម្របសម្រួលពីភាគីមិត្តចិន ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបទពិសោធន៍ និងវឌ្ឍនភាពក្នុងវិស័យសុខាភិបាល និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ៕





-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន3 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ