Connect with us

ព័ត៌មាន

កាកបាទក្រហមកម្ពុជា រៀបចំពិធីបរិច្ចាគឈាម ដើម្បីអបអរទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ១៤ មិថុនា ២០២៥

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ១៤ មិថុនា ២០២៥ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹមមក យើងរួមគ្នាសង្រ្គោះជីវិត” ក្រោមអធិបតីភាព លោកជំមកទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងដោយមានការចូលរួមថ្នាក់ដឹកនាំ-មន្ត្រីកាកបាទក្រហមកម្ពុជា , លោកស្រី Akឆiko Sasaki ប្រធានអង្គការ side by side និងជាអ្នកជំនាញ CPR andិ៨៧ AED , សាស្ត្រាចារ្យ ទីប្រឹក្សា ប្រធានក្លឹបយុវជន និស្សិត និងយុវជនកាកបាទក្រហមកម្ពុជាទាំង២៥សាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញសរុប ប្រមាណ ៥០០នាក់ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានរៀបចំពិធីនេះឡើងប្រកបដោយអត្ថន័យ និងគុណប្រយោជន៍ឥតគណនា ។ព្រោះក្នុងឆ្នាំ២០២៤កន្លងមកមានតម្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់៥នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃជាមធ្យម ៣៥០ប្លោកនៅ រាជធានីភ្នំពេញ តម្រូវការទូទាំងប្រទេសមានប្រមាណជិត១៧៩,៣៣២ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង៧៥%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ហើយការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃឆ្លើយតបបានតែ២២.១% នៃតម្រូវការក្នុងប្រទេសយើងតែប៉ុណ្ណោះ ជាលទ្ធផលមួយមិនទាន់ល្អប្រសើរនៅឡើយ។ បើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តត្រូវមាន៩០%នៃតម្រូវការទើបជាគោលដៅល្អ ស្របតាមនិយាមអន្តរជាតិសម្រាប់ប្រទេសជាតិយើង។ ដូច្នេះក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះសប្បុរសជនទាំងអស់ ដែលបានធ្វើអំណោយទានជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ និងមិនទទួលកម្រៃរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្ដីសប្បុរស។

ក្នុងឱកាសនោះដែរលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា ៖ ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមនាពេលព្រឹកនេះមិនត្រឹមតែផ្តល់ការលើកទឹកចិត្តដល់អ្នកបរិច្ចាគឈាមតែប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយពីការយល់ដឹង និងសារៈសំខាន់នៃការបរិច្ចាគឈាមជាប្រចាំក្នុងការជួយសង្គ្រោះជីវិត និងការលើកកម្ពស់ការយល់ដឹងវិជ្ជាសង្រ្គោះបឋម សហគមន៍មានសុខភាពល្អ និងការប្រែប្រួលអាកាសធាតុ។

ដូចនេះដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងជួយសង្រ្គោះជីវិតអ្នកដែលរងគ្រោះកាកបាទក្រហមកម្ពុជាបានរៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្រ្គោះជីវិត” ដើម្បីរំលេចពីគុណ សម្បត្តិនៃផ្លាស់ប្តូរជីវិត ដែលអ្នកបរិច្ចាគឈាមបានធ្វើចំពោះអ្នកដែលត្រូវការការផ្តល់ឈាម។ ការបង្ហាញអំពីអំណាចនៃសហគមន៍ និងសាមគ្គីភាពក្នុងការសង្គ្រោះជីវិត តាមរយៈទង្វើសាមញ្ញនៃការ  ផ្តល់ឈាម។ យុទ្ធនាការនេះស្វែងរកការបំផុសគំនិតដោយការចែករំលែករឿងពិតរបស់មនុស្សដែលជីវិតរបស់ពួកគេត្រូវបានសង្គ្រោះដោយសារការបរិច្ចាគឈាម ឬបទពិសោធន៍ផ្ទាល់ខ្លួនពីម្ចាស់ជំនួយផ្ទាល់ ការលើកទឹកចិត្តអ្នកបរិច្ចាគទៀងទាត់ឱ្យបន្តការផ្តល់ឱ្យ និងការលើកទឹកចិត្តបុគ្គលដែលមានសុខភាពល្អ ជាពិសេសមនុស្សវ័យជំទង់ឱ្យក្លាយជាអ្នកបរិច្ចាគមុនគេបង្អស់។

តាមរយះកម្មវិធីបរិច្ចាគឈាមថ្ងៃនេះ លោកជំទាវសូមអំពាវនាវដល់យុវជនទាំងអស់ សូមចូលរួមក្នុងបេសកកម្មសង្គ្រោះជីវិតតាមរយៈការក្លាយជាម្ចាស់ជំនួយជាប្រចាំ និងជាអ្នករួមចំណែកដល់ការផ្គត់ផ្គង់ឈាមមានសុវត្ថិភាពដែលអាចទុក ចិត្តបាន។ សូមចាំថា ការបរិច្ចាគនីមួយៗអាចជួយសង្គ្រោះជីវិតបានដល់ទៅបីនាក់ អំពើសប្បុរសរបស់អ្នកអាចមានឥទ្ធិពលដល់ក្តីសង្ឃឹម និងការព្យាបាល។

អ្នកបរិច្ចាគឈាមបានបង្ហាញក្តីរីករាយដែលបានចូលរួមក្នុងកម្មវិធីដែលរៀបចំដោយកាកបាទក្រហមកម្ពុជា ដែលបានជួយបន្ថែមការយល់ដឹងពីគុណតម្លៃនិងសារៈសំខាន់នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត សូមបញ្ជាក់ថា ៖ ក្នុងទិវានេះជាលទ្ធផលឈាមទទួលបានពីការបរិច្ចាគដោយស្ម័គ្រចិត្តប្រមាណ ១៨៩ ប្លោក៕ ​

អត្ថបទ: សំ ងីម​

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia