ព័ត៌មាន
កម្ពុជាស្នើដល់អឺរ៉ុបពង្រីកគាំទ្របរិវត្តកម្មឧស្សាហកម្ម និងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើដល់សហភាពអឺរ៉ុប ផ្តោតយុទ្ធសាស្រ្តគាំទ្រដល់កម្ពុជាឱ្យកាន់ តែស៊ីជម្រៅ ទាំងក្នុងកម្មវិធីបច្ចុប្បន្ននិងអនាគត ខណៈដែលកម្ពុជាកំពុងត្រៀមចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុង ឆ្នាំ២០២៩។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងកិច្ចប្រជុំបច្ចេកទេស ជាមួយ គណៈប្រតិភូសហភាពអឺរ៉ុប ដែលដឹកនាំដោយលោក Koen Everaert នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះ, ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យសហភាពអឺរ៉ុប ផ្តោតយុទ្ធសាស្រ្តគាំទ្រកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ទាំងក្នុងកម្មវិធីបច្ចុប្បន្ន និងកម្មវិធីអនាគតរបស់ខ្លួន ដើម្បីបន្ស៊ីយុទ្ធសាស្ត្រអឺរ៉ុបរួម ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សំដៅដោះស្រាយគម្លាតអភិវឌ្ឍន៍សំខាន់ៗ ខណៈ ដែលកម្ពុជាកំពុងត្រៀមចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩ និងក៏បានអំពាវនាវឱ្យសហភាពអឺរ៉ុប គាំទ្រ កម្ពុជាបន្ថែម ក្នុងវិស័យដែលជាគន្លឹះសម្រាប់ឧស្សាហូបនីយកម្ម ពិសេសពាក់ព័ន្ធនឹងលក្ខខណ្ឌតម្រូវទីផ្សារ និងបទប្បញ្ញត្តិបច្ចេកទេស ដោយផ្តោតលើកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ការជំរុញផលិតភាព ភាពប្រកួតប្រជែង និងសមត្ថភាពជាដើម។

ជុំវិញការស្នើរបស់ឯកឧត្តមរដ្ឋមន្ត្រី គឺចង់ឱ្យ Team Europe មិនត្រឹមតែបន្តកម្មវិធីគាំទ្រដែលកំពុងដំណើរការប៉ុណ្ណោះទេ គឺ សូមពិនិត្យមើលឱ្យកាន់តែស៊ីជម្រៅ និងចំគន្លឹះនៃបញ្ហា – ថាតើមានអ្វីផ្សេងទៀតដែលយើងត្រូវធ្វើនាពេលនេះ? ដើម្បីឱ្យ ២០២៩ កម្ពុជាអាចសម្រេចជោគជ័យ។ បញ្ហានេះ, ដំណើរអភិវឌ្ឍន៍របស់កម្ពុជានឹងត្រូវឈានទៅមុខមួយជំហានម្តងៗ ដោយជំហានបន្ទាប់ នឹងផ្តោតលើការបង្កើតតម្លៃបន្ថែម តាមរយៈការកែច្នៃផលិតផលកសិកម្ម និងឧស្សាហូបនីយកម្ម មុននឹងឈានដល់ដំណាក់កាល កំណើនដែលផ្អែក លើសេវាកម្ម។

គណៈប្រតិភូសហភាពអឺរ៉ុបបានជម្រាបជូន អំពីយុទ្ធសាស្ត្រអឺរ៉ុបរួម កម្មវិធី Global Gateway និងគំនិតផ្តួចផ្តើមអឺរ៉ុបរួម-ដំណាក់កាលទី២ ដែលគ្រោងវិនិយោគប្រមាណ ៥០០ លានអឺរ៉ូ លើកម្មវិធីចំនួន ២៥ រហូតដល់ឆ្នាំ២០២៧។ គណៈប្រតិភូក៏បាន រំលេចនូវគម្រោង និងសមិទ្ធផលជោគជ័យសំខាន់ៗ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

សូមបញ្ជាក់ថា គម្រោងសំខាន់មួយរបស់ Team Europe ដែលបានរំលេចក្នុងកិច្ចប្រជុំនេះ គឺគម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្ម ទឹកស្អាតបាក់ខែង ក្រោមកម្មវិធី Global Gateway ដែលគាំទ្រដោយរដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ។ ជាមួយនឹងការវិនិយោគរួម របស់សហភាពអឺរ៉ុបជាង ៦០០ លានអឺរ៉ូ សម្រាប់ដំណាក់កាលទាំង៣, គម្រោងនេះនឹងបង្កើនសមត្ថភាព ផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទ្វេដង ពី ០,៦ លាន ទៅ ១,២ លានម៉ែត្រគូបក្នុងមួយថ្ងៃ ដោយពង្រីក និងកែលម្អ បណ្តាញប្រវែងជាង ៥ ពាន់គីឡូម៉ែត្រ និងភ្ជាប់បណ្តាញទឹកស្អាតដល់គ្រួសារជាង ៥០ម៉ឺនតំណ រួមទាំងសម្រាប់តំបន់ឧស្សាហកម្ម៕
អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង