ព័ត៌មាន
រដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា
ភ្នំពេញ៖ នារសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Dato’ Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ ឯកឧត្តមបានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងម៉ាឡេស៊ី និងកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ។ ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃវិស័យទេសចរណ៍ដែលជាវិស័យមួយចូលរួមចំណែកដល់ការធានានូវកំណើនសេដ្ឋកិច្ចជាតិ, ការបង្កើតការងារ, និងការលើកកម្ពស់វប្បធម៌ជាតិ។ ដើម្បីជំរុញវិស័យនេះ ឯកឧត្តមបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍ម៉ាឡេស៊ី ក្នុងការបន្តពង្រឹងនិងពង្រីកការតភ្ជាប់ផ្នែកទេសចរណ៍ជាមួយកម្ពុជា និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។ ក្នុងន័យនេះ, ក្រសួងទេសចរណ៍នៃប្រទេសទាំងពីរនឹងបន្តសហការគ្នា ដើម្បីជំរុញវិស័យទេសចរណ៍ រួមទាំងទេសចរណ៍បែបវប្បធម៌ និងសិល្ប: រវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមរដ្ឋមន្ត្រី និងគណប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។ សម្ដេចបវរធិបតីក៏បានចូលរួមអបអរសាទរ ម៉ាឡេស៊ី ចំពោះជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលេីកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលកន្លងមក។ សម្ដេចបវរធិបតីក៏បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ចំពោះសារៈសំខាន់របស់វិស័យទេសចរណ៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ជាមួយគ្នានេះ, សម្ដេចបវរធិបតីបានរំលឹកអំពីជំនួបទ្វេភាគីរវាងសម្ដេចបវរធិបតី និង ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នាពេលកន្លងមក ដោយបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យសំខាន់ៗមួយចំនួន រួមទាំងវិស័យទេសចរណ៍។ សម្ដេចបវរធិបតីក៏បានបង្ហាញនូវការពេញចិត្តចំពោះការសម្រេចបាននូវការតភ្ជាប់ជើងហោះហើរត្រង់ ពីកម្ពុជាទៅកាន់កោះប៉េណាំង និងបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្ដានុពលច្រើនទៀត ដែលអាចពង្រឹងនិងពង្រីកក្នុងការតភ្ជាប់ជេីងហោះហេីរបន្ថែមទៀត។ ក្នុងន័យនេះ សម្ដេចបវរធិបតីបានលើកទឹកចិត្តក្រសួងទេសចរណ៍នៃប្រទេសទាំងពីរបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រួមទាំងជំរុញការបង្កើតនូវកញ្ចប់ទេសចរណ៍រួមគ្នា។
ក្រៅពីនេះ, សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ពិនិត្យលទ្ធភាពក្នុងការស្វែងរកកាលានុវត្តភាព និងការភ្ជាប់ទំនាក់ទំនង ផ្នែកទេសចរណ៍នៅថ្នាក់ក្រោមជាតិ ដូចជាការភ្ជាប់ទីក្រុងនិងទីក្រុង និង ខេត្តនិងខេត្ត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីទេសចរណ៍ វប្បធម៌ និងសិល្បៈ រវាងប្រទេសទាំងពីរ៕







-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង