Connect with us

អរូបិយ

ផ្អើលនាំគ្នាទៅបន់ស្រន់ជាមួយគល់ឈើមួយកន្លែងល្បីថាសក្តិសិទ្ធនៅប្រទេសថៃ

ថ្មីៗនេះនៅក្នុងប្រទេសថៃកំពុងតែមានការភ្ញាក់ផ្អើលជាមួយការលេចឡើងនៅគល់ឈើមួយដែលមានរូបរាង

ថ្មីៗនេះនៅក្នុងប្រទេស ថៃ កំពុងតែមានការភ្ញាក់ផ្អើលជាមួយការលេចឡើងនៅគល់ឈើមួយដែលមានរូបរាងស្រដៀងទៅនឹងមនុស្ស។ ប្រភពព័ត៌មាននេះបានលេចឡើងចេញពីហាងអាហារមួយកន្លែង ឈ្មោះថា B- Story Garden Cafe & Restaurants ស្ថិតនៅក្នុងទីក្រុងបាងកកប្រទេសថៃ។

ដោយខាងហាងបានបង្ហោះរូបគល់ឈើដែលមានរាងដូចជាមនុស្ស មានបំពាក់គ្រឿងប្រដាប់ និងម្កុដ ហើយត្រូវបានគេហៅថា «បងស្រី» ។ តាមរយៈការបង្ហោះរូបអមជាមួយក្លឹមសារមួយចំនួនក្នុងន័យអបិយជំនឿថា «បងស្រីផ្តល់លាភសក្ការៈឲ្យចំពោះអ្នកដែលបានសុំពរពីបងស្រី»

ក្រោយៗមកក៏ឃើញមានអ្នកចូលទៅបញ្ចេញមតិស្រដៀងគ្នាក្នុងន័យថា «ខ្លួនក៏បានសុំពរពីបងស្រីឲ្យត្រូវឆ្នោត ហើយក៏បានត្រូវមែន» អ្នកខ្លះវិញទៀតក៏ថា «ខ្លួនបានសុំឲ្យការងារដែលកំពុងមានបញ្ហាបានដោះស្រាយរួច ហើយក៏សមដូចបំណងប្រាថ្នាមែន» ។  

ឃើញដូចនេះក៏មានអ្នកចូលទៅសួរនាំជាច្រើនថា «តើពិតមែនឬ? » «តើត្រូវធ្វើបែបណាដើម្បីបានគោរពបូជាបងស្រី?» ដោយឃើញថាមានអ្នកដែលនៅទីឆ្ងាយៗមិនអាចធ្វើដំណើរទៅដល់កន្លែងគោរពបងស្រីបាន ខាងហាងក៏បានរៀបចំវិធីមួយទៀតសម្រាប់អ្នកដែលជឿទៅលើបារមីរបស់បងស្រីគឺអាចផ្ញើជាគ្រឿងសក្ការៈបូជាមាន ផ្កាភ្ញី គ្រឿងប្រដាប់ និងភេសជ្ជៈដែលអាចកម្មង់បានពីខាងហាងផ្ទាល់ដើម្បីយកទៅថ្វាយបងស្រីក្នុងការសុំពរឲ្យសម្រេចបំណងប្រាថ្នាណាមួយ។

ប៉ុន្មានថ្ងៃក្រោយមកសន្ទុះនៃការជឿទៅលើបងស្រីកាន់តែខ្លាំងឡើង អត្រាអ្នកកម្មង់ភេសជ្ជៈ និងផ្ញើគ្រឿងប្រដាប់ដើម្បីទៅថ្វាយបងស្រីក៏កាន់តែខ្លាំងឡើង ព្រមទាំងចំនួនមនុស្សដែលទៅដល់ទីនោះរឹតតែណែនណាន់តាន់តាប់ រហូតដល់ខាងម្ចាស់ហាងត្រូវរៀបចំម៉ោងសម្រាប់បើកបិទក្នុងការចូលទៅធ្វើការគោរពបូជាបងស្រី។ បើនិយាយពីចំនួនភ្ញៀវដែលចូលក្នុងអាហាររដ្ឋានមួយនេះវិញកើនច្រើនឡើងសឹងមិនគួរឲ្យជឿរហូតដល់រកកន្លែងអង្គុយមិនចង់បាន។ 

ម្ចាស់ហាងអះអាងថាមូលហេតុដែលហាងខ្លួនមានភ្ញៀវចូលមិនដាច់បែបនេះគឺដោយសារតែខ្លួនបានបន់ស្រន់សុំពីបងស្រី។ តែមតិមួយចំនួនទៀតក៏បានលើកឡើងថា «នេះគ្រាន់តែជាការធ្វើទីផ្សារដោយមិនចំណាយលុយរបស់ម្ចាស់ហាង ព្រោះគេដឹងថាជនជាតិថៃមួយចំនួនគឺងប់ងល់ជាមួយអបិយជំនឿហើយវាក៏បានផលពិតមែន។» តើប្រិយមិត្តយល់ឃើញយ៉ាងណាដែរចំពោះរឿងរ៉ាវមួយនេះ?

អត្ថបទដោយ៖ Momo

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia