ព័ត៌មាន
សម្តេច ហេង សំរិន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតទីម័រខាងកើតទើបចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានអនុញ្ញាតឱ្យឯកឧត្តម អើមីនីហ្គីដូ កូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលទើបចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចអគ្គមហាពញាចក្រី បានគូសបញ្ជាក់ថា កម្ពុជា និងទីម័រខាងកើត មានប្រវត្តិឆ្លងកាត់បទពិសោធន៍ពីអតីតកាលប្រហាក់ប្រហែលគ្នា ទម្រាំទទួលបានឯករាជ្យ បូរណភាពដែនដីពេញលេញ បានដូចសព្វថៃ្ង។ សម្តេចបានកោតសរសើរ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកជំរុញឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរ ហើយទំនាក់ទំនងដ៏ល្អនេះ មិនត្រឹមតែជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកលផងដែរ ក្នុងពេលដែលសភាពការណ៍សកល មានការប្រែប្រួលមិនទៀងទាត់ដូចសព្វថ្ងៃនេះ។

សម្តេចក៏បានសម្តែងនូវការអបអរសាទរ ដែលសាធារណរដ្ឋទីម័រខាងកើត នឹងក្លាយជាសមាជិកផ្លូវការរបស់អាស៊ាន ចាប់ពីឆ្នាំ២០២៥នេះតទៅ។ កម្ពុជាតែងតែគាំទ្រ ប្រទេសទីម័រខាងកើត ក្លាយទៅជាសមាជិកពេញសិទ្ធទី១១របស់អាស៊ាន រហូតទទួលបានជោគជ័យដូចបំណង។ សម្តេចជឿជាក់ថា សភាទីម័រខាងកើត ក៏នឹងក្លាយជាសមាជិក របស់អន្តរសភាអាស៊ាន(AIPA) ឆាប់ៗផងដែរ។
ឯកឧត្តម អើមីនីហ្គីដូ កូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានថ្លែងអំណរគុណចំពោះសម្តេច ដែលអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសម និងជម្រាបលានាឱកាសនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចថា ឯកឧត្តមបានរៀនសូត្រជាច្រើនចេញពីបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ជាពិសេសគឺភាពប៉ិនប្រសប់របស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពយូរអង្វែង។
ឯកឧត្តម បានសម្តែងនូវការដឹងគុណចំពោះកម្ពុជា ដែលតែងតែគាំទ្រទីម័រខាងកើតនៅក្នុងវេទិកាអន្តរជាតិនានា។ ឯកឧត្តម គូសបញ្ជាក់ថា ប្រទេសទីម័រខាងកើត នឹងក្លាយទៅជាសមាជិកផ្លូវការរបស់អាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នាពេលខាងមុខ ហើយជោគជ័យនេះ គឺពុំអាចកើតឡើងទេ ប្រសិនបើគ្មានការគាំទ្រពីកម្ពុជា ទោះបីកម្ពុជាមិនមែនជាប្រទេសស្ថាបនិករបស់អាស៊ានក៏ដោយ។
ឯកឧត្តមមានប្រសាសន៍បន្ថែមថា ទំនាក់ទំនងរវាងកម្ពុជា និងទីម័រខាងកើត ពិតជាមានប្រជាប្រិយភាពខ្លាំងណាស់នៅក្នុងសង្គមរបស់ទីម័រខាងកើត ហើយឯកឧត្តមផ្ទាល់តែងតែប្រាប់ទៅកាន់ប្រជាជនទីម័រខាងកើត ថាត្រូវតែដឹងគុណចំពោះកម្ពុជា និងប្រជាជនកម្ពុជាដែលតែងតែគាំទ្រប្រទេសទីម័រខាងកើតនៅគ្រប់កាលៈទេសៈ។ ឯកឧត្តមបានបន្តថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទៅកាន់ទីម័រខាងកើត កាលពីពេលថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងយ៉ាងរឹងមាំរវាងប្រទេសទាំងពីរ ដោយប្រជាជនទីម័រខាងកើតគ្រប់ស្រទាប់វណ្ណៈបានអបអរសាទរនិងទទួលស្វាគមន៍ដំណើររបស់សម្តេចតេជោ យ៉ាងគគ្រឹកគគ្រេង និងកក់ក្តៅបំផុត ហើយនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ឯកឧត្តម ចូសេ រ៉ាម៉ូស ហ័រតា (José Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត បានបើករថយន្ត និងបំពាក់គ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតដោយផ្ទាល់ ជូនសម្តេច ហ៊ុន សែន ថែមទៀតផង។
ជាចុងក្រោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកទឹកចិត្តឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត នៅតែបន្តជួយជំរុញទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ទីម័រខាងកើត ទោះជាឯកឧត្តមត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជាក៏ដោយ ជាពិសេសគឺជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពមួយចំនួន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ឱ្យបានកាន់តែស៊ីជម្រៅថែមទៀត៕


-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់