Connect with us

ព័ត៌មាន

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារ

ព្រះវិហារ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ កម្លាំង សុខភាពសម្ដេច មានជាធម្មតា ដោយសារសម្ដេចបានហ្វឹកហាត់រៀនសូត្រស្នាក់នៅជាមួយព្រះសង្ឃក្នុងវត្ត និងធ្វើជាទាហាននឹងបានឆ្លងកាត់សភាពការរាប់រយជំពូកកន្លងមក។

-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាជនកម្ពុជាតាំងពីដើមរហូតដល់សព្វថ្ងៃនេះ។

-ផ្ញើសារទៅកាន់ជនរួមជាតិសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានមានប្រសាសន៍ថា ពេលណាជីវិតមានការលំបាកគប្បីត្រូវមើលទៅអ្នកដែលលំបាកជាងខ្លួន មិនត្រូវមើលទៅអ្នកដែលស្រួលជាងខ្លួនឡើយ ដូច្នេះហើយត្រូវតែខំប្រឹងប្រែង។

-សម្ដេចតេជោ៖ ពន្ធដាផ្ទៃក្នុងនៅថ្ងៃ ២៥, ២៦, ២៧ខែមិថុនា សាច់ប្រាក់ក្នុងរតនាគារមានការកើនឡើងមានចំនួនច្រើនជាងកាលសម្ដេចកាន់តំណែងជានាយករដ្ឋមន្ត្រី។បញ្ជាក់ថាយុវជនជំនាន់ក្រោយមានសមត្ថភាពខ្ពស់ក្នុងការប្រមូលពន្ធរក្សាថវិកាក្នុងរតនាគារជាតិបានច្រើន។

-សម្ដេចតេជោ ហ៊ុន សែន៖ ស្រុកខ្មែរមិនអន់ជាងប្រទេសដទៃទេសម័យឌីជីថលនេះ សូម្បីតែអ្នកលក់ចេកចៀន អ្នកលក់ខ្ចៅខ្យង ក៏មានការប្រើប្រាស់ QR Code ដែរ។

-សម្ដេចតេជោ៖ បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ សម្ដេចតែងតែសម្របសម្រួលដោះស្រាយដោយសន្តិវិធីតាមផ្លូវតុលាការផង ដើម្បីស្វែងរកសន្តិភាពកុំឲ្យមានសង្គ្រាមកើតឡើង។សព្វថ្ងៃនេះ ភាគីថៃ បានពង្រីកជម្លោះនេះរីករាលដាលលើគ្រប់វិស័យ។

– សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ជំហរដោះស្រាយដោយយន្តការទ្វេភាគីផង និងតាមផ្លូវតុលាការផង ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជាថៃ ដែលមានប្រវែងប្រមាណ ៨៥០ គីឡូរម៉ែត្រ ក្នុងនោះយន្តការដែលត្រូវដោះស្រាយតាមផ្លូវតុលាការអន្តរជាតិប្រមាណ ៥០ គីឡូម៉ែត្រ។

-សម្ដេចតេជោ ហ៊ុន សែន ចោទសួរថា ថៃបានចោទកម្ពុជាថា កម្ពុជារំលោភអធិបតេយ្យភាពរបស់ថៃ, ចុះហេតុអ្វីថៃមិនប្ដឹងកម្ពុជាទៅកាន់តុលាការអន្តរជាតិ? ចុះហេតុអ្វីថៃមិនហ៊ានទៅដោះស្រាយនៅតុលាការអន្តរជាតិជាមួយកម្ពុជា។

-សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាបានផ្ញើលិខិតទៅតុលាការអន្តរជាតិរួចហើយ ប៉ុន្ដែបែរជាមានបងប្អូនប្រឆាំងមួយចំនួនឱ្យបង្ហាញការបោះត្រាឬការបញ្ជាក់អ្វីជាដើម។ សម្ដេចបញ្ជាក់ថា បងប្អូនប្រឆាំងក៏ប្រឆាំងទៅចុះ ប៉ុន្ដែកុំជ្រុលនិយមពេក។ តុលាការគេមាននីតិវិធីរបស់តុលាការ មិនអាចយកពាក្យបណ្ដឹងណាមួយទៅបង្ហាញមុនពេលកាត់ក្ដីទេ មិនថាតុលាការជាតិឬអន្តរជាតិ ពីព្រោះបើយើងធ្វើមិនស្រួលតុលាការមានសិទ្ធិព្យួរបណ្ដឹងរបស់កម្ពុជាបាន។

-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជានៅតែបន្តដោះស្រាយជាមួយភាគីថៃដោយសន្តិវិធី និងដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ ពោលគឺតុលាការយុត្តិធម៌អន្តរជាតិ ICJ។ ប៉ុន្តែសម្តេច បានបញ្ជាក់ថា តាមច្បាប់អន្តរជាតិគឺយកតែតំបន់បួនទេ ដែលនឹងឡើងទៅកាន់ តុលាការឡាអេ គឺតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី ខណៈតំបន់ផ្សេងៗទៀត នឹងបន្តដោះស្រាយគ្នាទ្វេភាគី។

– សម្ដេចតេជោ ហ៊ុន សែន៖«មានតែអ្នកខ្វះសុចរិតភាពទេ ដែលខ្លាចដំណើរការផ្លូវច្បាប់នោះ»។

-ចោទជាសំណួរទៅកាន់ពួកប្រឆាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា តើអ្នកនៅជាមួយជាតិ ឬអ្នកនៅជាមួយអ្នកផ្សេង ខណៈពេលនេះម៉ោងនេះ កម្ពុជាកំពុងតែមានក្តីក្តាំងជា មួយសត្រូវហេតុអ្វីពួកអ្នកទាមទារឲ្យរាជរដ្ឋាភិបាលបង្ហាញភស្តុតាង លើសំណុំរឿងកម្ពុជាប្តឹងទៅកាន់តុលាការឡាអេរឿងតំបន់មុំបី ប្រាសាទតាមាន់ តាមាន់តូច និងតាក្របីនោះ?។ សម្តេច បានប្រាប់ទៅពួកប្រឆាំងទាំងនោះថា រឿងនេះគឺជារឿងសម្ងាត់របស់តុលាការ ដូច្នេះរាជរដ្ឋាភិបាលមិនតម្រូវតាមក្រុមប្រឆាំងទាំង នោះដើម្បីឲ្យខូចផលប្រយោជន៍ជាតិទាំងមូលនោះឡើយ៕

-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំទៅកាន់ក្រសួងយុត្តិធម៌ឲ្យធ្វើការសិក្សាដើម្បីធ្វើវិសោធនកម្មដកសញ្ជាតិចំពោះជនណា ដែលឃុបឃិតជាមួយបរទេស ដើម្បីប្រឆាំងនឹងជាតិឯក៕

-សម្ដេចតេជោ ហ៊ុន សែន ណែនាំទៅរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ សូមពិនិត្យមើលការស្នើសុំធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាណាដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ «ក្បត់ជាតិ» ខណៈមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនកំពុងឃុបឃិតជាមួយប្រទេសប្រឆាំងខ្មែរក្នុងកាលៈទេសៈវិវាទព្រំដែនជាមួយថៃ។

-សម្ដេចតេជោ ហ៊ុន សែន៖ ហេតុអ្វីកម្ពុជាបញ្ជូនទ័ពទៅកាន់ព្រំដែន គឺមកពីរឿងកើតឡើងពីថ្ងៃទី២៨ ខែឧសភាដែលថៃលបបាញ់យោធិនកម្ពុជាពលីនៅក្នុងលេនដ្ឋាន, ដូច្នេះកម្ពុជាមានសិទ្ធិការពារខ្លួន ការពារបូរណភាពទឹកដី កម្ពុជាមិនមានមហិច្ឆិតាវ៉ៃ ទៅដល់បាំងកកទេ ទោះបីកម្ពុជាមានអាវុធអាចប្របើប្រាស់បានក៏ដោយ។

-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងបែបចំអកថា អាវុធអេតចាយកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីការពារទឹកដី ខណៈអាវុធទាំងនោះធ្លាប់បានប៉ះទង្គិចគ្នាម្តងហើយកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១នោះជាមួយសត្រូវ។ ការថ្លែងរបស់សម្តេចតេជោបែបនេះ គឺចង់សំដៅទៅកាន់ភាគីថៃ ដែលតែងតែអួត បង្ហាញនូវឧទ្ធោបករណ៍របស់ខ្លួនជារឿយៗនោះ៕

-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៖ ប្រសិនបើសប្បុរសជនចង់យកអំណោយផ្សេងៗ មកជូនកងទ័ពនៅសមរភូមិមុខ ក្រៅពីស្បៀងអាហារផ្សេងៗ យើងអាចមកទិញបន្លែផ្ទាល់នៅក្នុងខេត្តព្រះវិហារ ដើម្បីឲ្យប្រជាពលរដ្ឋ មានទឹកចិត្តដាំដំណាំ និងជួយលើកតម្កើនផលិតផលខ្មែរ ។

-សម្ដេចតេជោ ហ៊ុន សែន ណែនាំរដ្ឋបាលខេត្តព្រះវិហារ ធ្វើកិច្ចការលើការផ្គត់ផ្គង់កងទ័ពនៅខេត្តព្រះវិហារ, បំផុសការផលិត រៀបចំការផលិត ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ណែនាំឱ្យរៀបចំដាំដុះនូវអ្វីដែលជាតម្រូវការកងទ័ព ដើម្បីផ្គត់ផ្គង់កងទ័ព ហើយកុំទៅទិញបន្លែ ផ្លែឈើពីឬត្រីពីភ្នំពេញ ប៉ុន្ដែត្រូវទិញពីពលរដ្ឋនៅក្នុងខេត្ត។

– សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រោយពេលលោកតា ស៊ុច និមន្តមកដល់កម្ពុជា សម្ដេចនឹងឆ្លៀតអញ្ជើញទៅថ្វាយបង្គំព្រះអង្គដោយផ្ទាល់។ សម្ដេចតេជោ បញ្ជាក់ថា លោកតា ស៊ុច ព្រះអង្គមានទសពិធរាជធម៌។

– សម្ដេចតេជោ ហ៊ុន សែន ផ្ដាំថា កម្ពុជាកុំផ្លាស់ប្ដូររបបរាជានិយមឱ្យសោះត្រូវរក្សារបបរាជានិយមដែលជាកេរដំណែលរបស់ព្រះមហាវីរក្សត្រ ព្រះបិតាជាតិកម្ពុជា ព្រះបរមរតនកោដ្ឋ ខណៈបច្ចុប្បន្នមានប្រទេសមួយចំនួនទាំងក្នុងតំបន់ និងលើពិភពលោកកំពុងមានបញ្ហាផ្ទៃក្នុង ដោយសារការផ្លាស់ប្ដូររបបនេះឯង។

– សម្ដេចតេជោ ហ៊ុន សែន៖ សម្ដេចមិនក្បត់អ្នកណាមុននោះទេ សម្ដេចសុខចិត្តឲ្យគេក្បត់សម្ដេចមុន។ កម្ពុជាមិនបានយកប្រជាជន និងប្រទេសថៃ ធ្វើជាសត្រូវនោះទេ។ ប្រសិនបើគេចាត់ទុកថា សម្ដេចជាសត្រូវសម្ដេចគ្មានជម្រើសទេ និងត្រូវចាត់ទុកអ្នកជាសត្រូវ។

– សម្ដេចតេជោ ហ៊ុន សែន៖«ខ្ញុំជាមនុស្សដែលមានគុណធម៌ ហើយក៏មិនក្បត់អ្នកណាមុនដែរ ខ្ញុំសុខចិត្តឱ្យគេក្បត់ខ្ញុំមុន! ឥឡូវគេក្បត់ខ្ញុំមុនហើយ។ ដូច្នេះខ្ញុំត្រូវនិយាយរឿងនេះ ហើយកុំថាខ្ញុំក្បត់គុណធម៌។ លោកជំទាវ អ៊ុង អ៊ីង (នាយករដ្ឋមន្រ្ដីថៃ) ខ្ញុំបាត់បង់ការអត់ធ្មត់ចំពោះលោកជំទាវហើយ។

– សម្ដេចតេជោ ហ៊ុន សែន៖«ខ្ញុំសូមជូនទៅប្រជាពលរដ្ឋថៃ ប្រជាជនជនថៃ ខ្ញុំមិនយកប្រទេសថៃប្រជាជនថៃជាសត្រូវទេ ប៉ុន្ដែប្រទេសថៃមានក្រុមយោធា និងអ្នកនយោបាយជ្រុលនិយមមួយចំនួនដែលបង្ករឿងជាមួយកម្ពុជាចង់យកកម្ពុជាជាសត្រូវ។

-សម្ដេចតេជោ ហ៊ុន សែន៖ លោកជំទាវ អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃ ដើម្បីយកចិត្តសម្ដេច បាននិយាយអាក្រក់ពីមេទ័ពខ្លួនប្រាប់សម្ដេច ទង្វើនេះ បើនៅកម្ពុជា ជាអំពើក្បត់ជាតិ។

– សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមិនអាចធ្វើការជាមួយលោកជំទាវ អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃបច្ចុប្បន្ននេះកើតទេ ហើយកម្ពុជានឹងរង់ចាំធ្វើការជាមួយនាយករដ្ឋមន្រ្ដីថៃថ្មី។

– សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា លោកស្រីនាយករដ្ឋមន្រ្ដីថៃ កំពុងបង្វិលស្ថានការណ៍លើរឿងឧក្រិដ្ឋកម្មអនឡាញមកកម្ពុជា។ កាលពីថ្ងៃទី២៤ ខែមិថុនា ដោយលោកស្រីបានប្រកាសថា បិទព្រំដែនដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ខណៈដែលថៃបានបិទព្រំដែនជាឯកតោភគីតាំងពីថ្ងៃទី៧ ខែមិថុនាមកម៉្លេះ ។

-សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា គ្រាន់តែជាជនរងគ្រោះដោយអំពើឆបោក អនឡាញ ដោយសារតែប្រទេសថៃប៉ុណ្ណោះ ។ ពីព្រោះ អ្នកឆបោកតាមអនឡាញ ទាំងអស់ ត្រូវបានសម្រួល ដោយអាជ្ញាធរថៃ ដោយសារតែ កម្ពុជា ឡាវ មីយ៉ាន់ម៉ា មិនមានជើងហោះហើរធំៗ ដែលអាចដឹក អ្នកប្រព្រឹត្តអំពើទាំងនោះបានដោយផ្ទាល់នោះទេ។

– សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាគ្រាន់តែជាប្រទេសរងគ្រោះឧក្រិដ្ឋកម្មអនឡាញពីថៃតែប៉ុណ្ណោះ ខណៈមានតែប្រទេសថៃទេ មានជើងហោះហើរអន្តរជាតិសម្រាប់ប្រព្រឹត្តបទល្មើសនេះ។

– សម្ដេចតេជោ ហ៊ុន សែន៖ ប្រទេសថៃកំពុងពោរពេញទៅដោយឧក្រិដ្ឋកម្មអនឡាញ និងជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មនេះ ប៉ុន្ដែលោកស្រីនាយករដ្ឋមន្រ្ដីថៃ បែរជាមកចោទកម្ពុជា ដែលជាប្រទេសរងគ្រោះដោយសារថៃទៅវិញ។ សម្ដេចតេជោ ជំរុញឱ្យបណ្ដាញផ្សព្វផ្សាយកម្ពុជា ផ្សព្វផ្សាយពីឧក្រិដ្ឋកម្មអនឡាញនៅថៃវិញ។

– សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅប្រជាជនថៃ មើលឱ្យច្បាស់ ចំពោះល្បិចកលដឹកនាំរបស់លោកស្រីនាយករដ្ឋមន្រ្ដីថៃបច្ចុប្បន្ន ដែលគ្មានភាពស្មោះត្រង់ចំពោះពលរដ្ឋខ្លួនឯង ហើយមិនស្មោះត្រង់ជាមួយប្រទេសជាដៃគូទៅទៀត។

-សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅកាន់រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ដែលបាននិយាយថា កម្ពុជាបន្តប្រើប្រាស់ភ្លើងអគ្គិសនីរបស់ថៃចំនួន៦ កន្លែងទៀតនោះ សូមបង្ហាញមកថា នៅកន្លែងណាខ្លះ? សម្តេចបានហៅការលើកឡើងរបស់រដ្ឋមន្រ្តីការពារថៃរូបនេះថា«ព្រហើន» ដែលបានបន្ទច់បង្អាប់ខ្មែរយ៉ាងដូច្នេះ៕

-សម្តេចតេជោ ហ៊ុន សែន ឲ្យរដ្ឋមន្រ្តីការពារជាតិថៃ ចេញមុខមកដោះស្រាយជាបន្ទាន់ ប្រសិនរដ្ឋមន្រ្តីរូបនេះពិតជាមនុស្សមែន បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិថៃរូបនេះមើលងាយខ្មែរ ដោយបានចោទប្រកាន់ខ្មែរថា បានបន្តប្រើប្រាស់ភ្លើងរបស់ថៃទៀតចំនួន៦ចំណុចទៀតនោះ។ សម្តេច បានចោទជាសំណួរថា តើចំណុចណាខ្លះដែល កម្ពុជាបន្តប្រើប្រាស់អគ្គិសនីថៃ ?

– សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនធ្វើប្រក្រតីភាពឡើងវិញជាមួយនឹងថៃ ប៉ុន្ដែប្រហែលមិនអាចធ្វើជាមួយនាយករដ្ឋមន្រ្ដីបច្ចុប្បន្ននេះទេ។

-ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវដល់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅថៃ ឲ្យវិលត្រឡប់មកកម្ពុជាវិញ ដើម្បីកុំឲ្យគេមើលងាយ ខណៈបច្ចុប្បន្នកម្ពុជាយើង ក៏កំពុងខ្វះកម្លាំងពលកម្មផងដែរ៕

-សម្ដេចតេជោ ហ៊ុន សែន៖ បើគេក្បត់គ្នាគេទៅហើយ ថ្ងៃណាមួយគេនឹងក្បត់យើងមិនខាន។ សម្ដេចបញ្ជាក់ថា ក្នុងគ្រួសារសម្ដេចមានត្រណមក្នុងគ្រួសារមិនឱ្យយករឿងរបស់គេមកនិយាយក្នុងរឿងគ្រួសារ និងយករឿងគ្រួសារទៅប្រាប់គេ និងកុំសេពគប់ជាមួយអ្នកដែលនិយាយដើមគេប្រាប់យើង។

– សម្ដេចតេជោ ហ៊ុន សែន៖«ខ្ញុំស្ដាយមិត្តភាព៣០ឆ្នាំ ត្រូវបំផ្លាញដោយកូនស្រីរបស់មិត្តភក្ដិ (គ្រួសារថាក់ស៊ីន)»។

– សម្ដេចតេជោ ហ៊ុន សែន៖ លោកស្រី អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃ បានប្រមាថ សម្ដេច និងសម្ដេចធិបតីថា អត់វិជ្ជាជីវៈ ដែលនាំឱ្យស្ថានការណ៍តានតឹងកាន់តែខ្លាំងរវាងកម្ពុជា-ថៃ ខណៈភាសារនេះ ជាការប្រមាថយ៉ាងធ្ងន់ធ្ងរ។ សម្ដេចតេជោ ចាត់ទុកការប្រើភាសារនេះ គឺជាសម្ដីកូនគ្មានម៉ែឪប្រដៅ។

– សម្ដេចតេជោ ហ៊ុន សែន៖ តាមទល់ដែនគួរចែកស្ករគ្រាប់គ្នាស៊ី ប្រសើរជាងចែកគ្រាប់កាំភ្លើង ហើយការធ្វើនយោបាយតាមព្រំដែនរបស់ថៃ គួរតែដល់ពេលប្ដូរ System ហើយ។

-សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តាំទៅកាន់ភាគីថៃថា គប្បីបញ្ឈប់ការប្រើប្រាស់សន្លឹកបៀរបិទព្រំដែន ដើម្បីធ្វើការគំរាមកំហែងកម្ពុជាបន្តទៀតទៅ ខណៈសន្លឹកបៀរនេះ វាគ្មានន័យអ្វីសម្រាប់កម្ពុជានោះទេ ផ្ទុយទៅវិញមានតែថៃទេ ដែលខាតបង់ជាងកម្ពុជានោះ។

-សម្ដេចតេជោផ្ដាំទៅថៃថា ទាក់ទងនឹងការប្រមាថព្រះមហាក្សត្រថៃ តាំងពីមហាក្សត្រមុន និងបច្ចុប្បន្នសម្ដេចនឹងមិននិយាយទេ ប៉ុន្ដែបើថៃចង់ដឹង អាចបញ្ជូនបេសកជនថៃមកជួបសម្ដេចបាន។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia