ព័ត៌មាន
ក្រសួងយុត្តិធម៌កំពុងពន្លឿនផ្នែកច្បាប់លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបើកផ្លូវឱ្យមានការដកសញ្ជាតិខ្មែរពីបុគ្គលគប់គិតជាមួយបរទេសបំផ្លាញផលប្រយោជន៍ជាតិខ្មែរ
ភ្នំពេញ៖ ក្រសួងយុត្តិធម៌កំពុងពន្លឿនច្បាប់ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីបើកផ្លូវឱ្យមាន «ការដកសញ្ជាតិខ្មែរពីបុគ្គលដែលប្រព្រឹត្តសកម្មភាពគប់គិត ជាមួយបរទេសមកបំផ្លាញផលប្រយោជន៍ជាតិខ្មែរខ្លួនឯង» ដើម្បីធានាថាកម្ពុជាមិនត្រូវបានជ្រៀតជ្រែក និងប្រើប្រាស់ដោយបរទេសតាមរយៈពលរដ្ឋខ្មែរណាម្នាក់ក្នុងការប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់កម្ពុជាឡើយ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់ទូរទស្សន៍បាយ័ន នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ។
ឯកឧត្តម សេង ឌីណា បានបញ្ជាក់ថា ក្រសួងយុត្តិធម៌កំពុងធ្វើកិច្ចការងារនេះ ហើយនឹងធ្វើឱ្យបានឆាប់ពីព្រោះកិច្ចការងារនេះ គឺជារឿងសំខាន់ដើម្បីធានាថាកម្ពុជាមិនត្រូវបានជ្រៀតជ្រែក និងប្រើប្រាស់ដោយបរទេសតាមរយៈពលរដ្ឋខ្មែរណាម្នាក់ ដើម្បីប្រឆាំងនឹងផលប្រយោជន៍ជាតិរបស់កម្ពុជាឡើយ។
បើតាមឯកឧត្តម សេង ឌីណា យោងតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់កំពូលរបស់កម្ពុជា ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ដូច្នេះបើមានពលរដ្ឋខ្មែរណាម្នាក់ទៅគប់គិតជាមួយបរទេសហើយមកបំផ្លាញប្រជាជាតិខ្មែរខ្លួនឯង បំផ្លាញប្រជាពលរដ្ឋខ្មែរគ្នាឯង បុគ្គលនោះគឺលែងសាកសមជាប្រជាពលរដ្ឋខ្មែរទៀតហើយ។
ឯកឧត្តមបានបញ្ជាក់ថា «មែនទែនទៅគឺបុគ្គលនោះខ្លួនឯង ដែលដាក់ខ្លួនឯងឱ្យនៅក្រៅភាពជាពលរដ្ឋខ្មែរដោយខ្លួនឯង តាមរយៈការប្រពឹត្តទង្វើប្រាសចាកពីឧត្តមគតិ និងមនសិកាជាពលរដ្ឋខ្មែរ ពីព្រោះថាបើសិនជាពលរដ្ឋខ្មែរមែន គឺមិនទៅបម្រើបរទេសហើយមកបំផ្លេចបំផ្លាញប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរគ្នាឯងទេ»។
ឯកឧត្តម សេង ឌីណា បញ្ជាក់ថា រឿងដកសញ្ជាតិពីពលរដ្ឋដែលប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ឬក៏បទល្មើសប្រឆាំងនឹងផលប្រយោជន៍ជាតិនេះ គឺមិនមែនជារឿងថ្មីដែលមានតែនៅកម្ពុជានេះទេ ប៉ុន្ដែនៅតាមបណ្ដាប្រទេសច្រើនផ្សេងទៀត ដូចជានៅសហរដ្ឋអាមេរិក អង់គ្លេស កាន់ណាដា អូស្រ្ដាលី បារាំង និងប្រទេសជាច្រើនទៀតនៅអ៊ឺរ៉ុបក៏គេមានច្បាប់បែបនេះដែរ គឺច្បាប់អនុញ្ញាតឱ្យដកហូតសញ្ជាតិពីពលរដ្ឋទាំងឡាយណា ដែលប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ឬក៏ប្រព្រឹត្តបទល្មើសប្រឆាំងនឹងផលប្រយោជន៍ជាតិ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ពិចារណាក្នុងការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិជនទាំងឡាយដែលគប់គិតជាមួយបរទេសបំផ្លាញខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥៕

-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ