Connect with us

ព័ត៌មាន

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២៥ នៅបឹងទន្លេបាទី

តាកែវ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បាន អញ្ជើញជាអធិបតីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២៥ នៅបឹងទន្លេបាទី ស្រុកបាទី ខេត្តតាកែវ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអបអរសាទរចំពោះ «ប្រហុកសៀមរាប» ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ជាផ្លូវការហើយ នៅថ្ងៃទី៥ ខែឧសភា។ ការចុះបញ្ជីនេះ មិនគ្រាន់តែលើកតម្លៃប្រហុកសៀមរាបប៉ុណ្ណោះទេ តែវាក៏ នឹងជួយឱ្យផលិតផលប្រពៃណីមួយនេះ មានស្ដង់ដាគុណភាពគ្រាប់គ្រាន់អាចប្រកួតប្រជែង និងពង្រឹងទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេសបានផងដែរ។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ កម្ពុជាមានប្រហុកសម្រាប់បញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរក្នុងចំណោមផលិតផលខ្មែតផលិតអំពីត្រីផ្សេងៗទៀត ។

-សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្រើប្រាស់កម្លាំងសរុប ដើម្បីធានាការពារមច្ឆជាតិ និងផលត្រីនៅក្នុងបឹងទន្លេសាប ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ការសម្រេចលុបឡូនេសាទរបស់សម្ដេចតេជោ ពិតជា បានទទួលផលជាច្រើនដល់ដៃប្រជាពលរដ្ឋ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា កំណើនផលត្រីនៅកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា វិស័យកសិកម្មកម្ពុជាមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ខណៈសម្ដេចចូលរួមអបអរសាទរចំពោះសេចក្ដីព្រាងច្បាប់ ស្ដីពីជលផលត្រូវបានយល់ព្រមពីគណៈរដ្ឋមន្រ្ដី និងអនុម័តពីរដ្ឋសភានាពេលកន្លងទៅ។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា បើទោះបីពិភពលោកកំពុងស្ថិតនៅក្នុងភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ប៉ុន្ដែប្រទេសកម្ពុជានៅបន្តសម្រេចបានកំណើនសេដ្ឋកិច្ចល្អប្រសើរជាបន្តបន្ទាប់ និងធានាបាននូវសន្ដិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ទោះកម្ពុជាកំពុងមានបញ្ហាបិទច្រកព្រំដែនជាមួយជិតខាងក៏ពិតមែន ប៉ុន្តែកម្ពុជាបានធានានូវសន្តិសុខស្បៀងជូនដល់បងប្អូនប្រជាពល រដ្ឋដដែល។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី រម្លឹកថា កាលពីអតីតកាលកម្ពុជាធ្លាប់ជួបប្រទះអស់ហើយបញ្ហាសន្ដិសុខស្បៀង សូម្បីកាលសម្ដេចនៅវ័យកុមារភាពកាលនោះ សម្ដេចតេជោ នៅជារដ្ឋមន្រ្ដីក្រសួងការបរទេស ៤០ឆ្នាំមុន (១៤ មករា ១៩៨៥-១៤ មករា ២០២៥) ក៏មានបញ្ហាសន្ដិសុខស្បៀងដែរដោយពេលនោះត្រូវទៅបើករបបនំប៉័ង និងអង្ករពីរបបឧបត្ថម្ភដោយមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ឡើយ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី រម្លឹកថា ទន្លេបាទីនេះហើយជាទីតាំងដែលឪពុក (សម្ដេចតេជោ) បានយកសម្ដេចមកបង្រៀនដែលទឹក ដោយកាលពីពេលនោះសម្ដេចតេជោ បានយកទូកដាក់សម្ដេចទៅដល់កន្លែងទឹកជ្រៅហើយទម្លាក់ចុះឱ្យហែលទឹកខ្លួនឯង។

– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ប្រទេសខ្លះចង់មើលងាយកម្ពុជា រកវិធីសាស្រ្ដបិទទីផ្សារកម្ពុជា ប៉ុន្ដែចុងក្រោយបិទងាប់ខ្លួនឯង ដូច្នេះកុំភ្លេច ប្រទេសខ្លះសេដ្ឋកិច្ចរាប់ពាន់លានជាលុយរបស់ពលរដ្ឋខ្មែរទេណា។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ការធានានូវសន្តិសុខស្បៀងជូនប្រជាពលរដ្ឋ គឺត្រូវតែមានគោលនយោបាយច្បាស់លាស់ និងត្រូវធានានូវសុខសន្តិភាព។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលត្រៀមរួចរាល់អស់ហើយសម្រាប់នាំចេញផលិតផលកសិកម្មរបស់កសិករទៅក្រៅប្រទេស ខណៈកម្ពុជាមានភាពរញ៉េរញ៉ៃជាមួយប្រទេសជិតខាងរយៈពេលយូរនោះ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលធានានូវសន្តិសុខស្បៀងផ្ទៃក្នុងជូនដល់បងប្អូនប្រជាពលរដ្ឋ បើទោះបីប្រទេសជិតខាងគេបិទច្រកជាមួយប្រទេសកម្ពុជាក៏ដោយនោះ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្ពុជាមានវិធីឆ្លើយតប និងទប់ស្កាត់បានទាំងអស់ចំពោះការគំរាមកំហែងពីប្រទេសជិតខាង ខណៈមានការគំរាមកំហែងទាំងផ្នែកសេដ្ឋកិច្ច និងយោធាដល់កម្ពុជានោះ។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា សម្ដេចបានបញ្ជាឱ្យក្រុមការងារគណៈកម្មាធិការវិនិយោគសាធារណៈដាក់ចេញនូវក្របខណ្ឌគោលនយោបាយ ជំរុញវិស័យកសិឧស្សាហកម្ម និងឧស្សាហកម្មនៅទិសខាងលិចនៃប្រទេសកម្ពុជាបន្ថែមទៀត (បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ជាដើម) បង្កើនសេដ្ឋកិច្ចនៅតំបន់នោះ និងជំរុញការនាំចេញបន្ថែមទៀត។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា សម្ដេចមិនចង់តមាត់ជាមួយប្រទេសជិតខាងខ្លះទេ ប៉ុន្ដែនៅពេលមិនមាត់គេមើលងាយយើង ប៉ុន្ដែដល់ពេលមាត់គេថាយើងលូកដៃផ្ទៃក្នុងប្រទេសគេ។

– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បន្តអំពាវនាវដល់ពលរដ្ឋខ្មែរ និងប្រជាជនថៃ សូមយោគយល់ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ខណៈការបិទមិនមែនជាកម្ពុជាអ្នកបិទទេ ប៉ុន្ដែជាការបិទដោយឯកតោភាគីរបស់ថៃ។

-ឆ្លើយតបទៅកាន់ភាគីថៃ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កម្ពុជាថាលេងគឺលេងមែនទែនហើយ ដោយមិនរញ៉េរញ៉ៃដូចខ្លួន(ថៃ)នោះឡើយ ជាពិសេសគឺបញ្ហាបិទបើកច្រកព្រំដែននេះតែម្តង។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ «ឥឡូវឱ្យយើងបើកយ៉ាងម៉េច (ច្រកព្រំដែនកម្ពុជា-ថៃ) បើគ្រាន់តែលិខិតមួយរបស់ថៃចេញមក៤នាក់ផ្សេងគ្នា។ បើបែបនេះ តើយើងទៅនិយាយជាមួយនរណា តើភាគីថៃនរណាជាអ្នកទទួលខុសត្រូវពិតប្រាកដ»។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖«អ្នកលេង ប៉ះអ្នកមែន, កម្ពុជា អត់លឹបលៗទេ»! កម្ពុជារងចាំអ្នកមានសិទ្ធិពិតប្រាកដ អ្នកមានអំណាចពិតប្រាកដរបស់ថៃ មកដោះស្រាយជាមួយកម្ពុជា។ ការចរចារឿងព្រំដែនក៏ដោយអាចដោះស្រាយទៅបានទាល់តែមានការបើកច្រកជាឯកតោភាគីរបស់ថៃឡើងវិញសិន។

-ឆ្លើយតបទៅកាន់ភាគីថៃសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា កម្ពុជា ពុំបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ថៃ ដូចការចោទប្រកាន់របស់ថៃនោះទេ សូមបញ្ឈប់ការលាបពណ៌ដល់កម្ពុជាទៀតទៅ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជានៅតែបន្តដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងច្បាប់អន្តរជាតិដដែល ហើយកុំឃើញកម្ពុជាស្ងៀមស្ងាត់កុំគិតថា កម្ពុជាខ្លាចខ្លួនឲ្យសោះ កម្ពុជាមានលទ្ធភាពឆ្លើយតបគ្រប់ពេលវេលាទាំងអស់។

-សម្ដេចធិបតី៖ កម្ពុជាមិនចាំបាច់មាត់អួតដូចគេ បន្ដិចថា៥នាទីយន្តហោះមកទម្លាក់គ្រាប់បែក, បន្តិចចង់វ៉ៃយកខេត្តនេះខេត្តនោះរបស់កម្ពុជាទេ ប៉ុន្ដែកម្ពុជាបញ្ជាក់ហើយថា តែកុំចូលមកកម្ពុជា កម្ពុជាសូមតែសិទ្ធិការពារខ្លួនទេ ប៉ុន្ដែក្នុងការការពារក៏មានយុទ្ធវិធីវ៉ៃបកដែរ។

– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា នៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ជាតំបន់ដែលមិនទាន់ចរចាដាច់ស្រេច មិនអាចឱ្យនរណាអាចកំណត់ជារបស់ខ្លួនជាឯកតោភាគីបានឡើយ។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ទៅរដ្ឋមន្រ្ដីក្រសួងការពារជាតិ និងមេបញ្ជាការកងទ័ពកម្ពុជាច្បាស់ៗថានឹងគ្មានកិច្ចប្រជុំ JBC ឬកិច្ចប្រជុំទ្វេភាគីទៀតទេ បើថៃមិនបើកច្រកព្រំដែនជាឯកតោភាគីឡើងវិញទេនោះ។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរដែលបានចូលរួមគាំទ្រដល់ផលិតផល កសិផលខ្មែរ ក្នុងកាលៈទេសៈនេះ ខណៈសម្ដេចបញ្ជាក់ថា ទោះបីព្រំដែនកម្ពុជា-ថៃមិនបើក រាជដ្ឋាភិបាលបានត្រៀមរួចហើយ ដើម្បីនាំផលិតផលខ្មែរទៅកាន់ប្រទេសផ្សេងៗទៀត។

– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា សម្ដេចបានបញ្ជារួចហើយឱ្យក្រសួងពាក់ព័ន្ធពិនិត្យមើលជំរុញការកែច្នៃផលិតផលខ្មែរ ផ្គត់ផ្គង់តម្រូវការក្នុងស្រុកទាំងផលិតផលកសិផលបន្លែ និងសាច់ និងបន្តជំរុញលើវិស័យកសិឧស្សាហកម្មនៅនឹងកន្លែង ដើម្បីផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់ពិភពលោកផង។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia