ព័ត៌មាន
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ផ្តល់ថវិកាសរុប ១២០ លានរៀល ដល់ធុរកិច្ចថ្មីជាប់វគ្គផ្តាច់ព្រ័ត្ររដូវកាលទី៤
ភ្នំពេញ ៖ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”ផ្តល់ទឹកប្រាក់ចំនួន ១២០ លានរៀល ដល់ធុរកិច្ចថ្មីឆ្នើម ដែលជាប់វគ្គផ្តាច់ព្រ័ត្រ ដោយ ទទួលបានទុនវិនិយោគ ដែលមិនយកភាគហ៊ុន នៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៤ ។
មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ បានរៀបចំ «ថ្ងៃបទបង្ហាញសាធារណៈ» ដែលជាប់វគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌល បណ្តុះធុរកិច្ចថ្មី “តេជោ” អមជាមួយវត្តមានរបស់អ្នកតំណាងនៃដៃគូ សហការជាច្រើនរួមមាន៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, សហគ្រិនខ្មែរ, ធនាគារ វីង និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល បានរៀបចំឡើងក្នុងរយៈពេល ៣ ខែ ដើម្បីផ្តល់ការគាំទ្រដល់ក្រុមធុរកិច្ចថ្មី ដែលអាច បង្កើតដំណោះស្រាយឌីជីថល ឬថ្នាលឌីជីថលដែលអាចឆ្លើយតបនឹងតម្រូវការទីផ្សារ ជាពិសេសតម្រូវការរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម។ កម្មវិធីពន្លឿនអាជីវកម្មនេះ ផ្ដល់ការគាំទ្ររយៈពេល ១២ សប្តាហ៍ ដែលរួមមានការបណ្ដុះបណ្ដាល, ការតម្រង់ទិស និងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធបន្ថែម។ ជាពិសេសទៀតធុរកិច្ចថ្មី ក៏អាចភ្ជាប់បណ្ដាញទំនាក់ទំនងជាមួយដៃគូសហការក្នុងប្រទេស និងថ្នាក់តំបន់ផងដែរ ក្នុងគោលដៅជំរុញឱ្យធុរកិច្ចថ្មី អាចដាក់ដំណើរការផលិតផលរបស់ខ្លួនលើទីផ្សារ ក៏ដូចជាអាចបង្កើន គុណភាពនៃផលិតផលឌីជីថលកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ជុំវិញការប្រកួតប្រជែងនេះ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” បានទទួលបានពាក្យស្នើសុំមានចំនួន ៦១ ក្រុម, បាន សម្រាំងយ៉ាងលម្អិតក្នុងវគ្គដំបូង ត្រូវបានជ្រើសរើសយកធុរកិច្ចថ្មី ចំនួន ១០ ក្រុម ឱ្យចូលរួមក្នុងកម្មវិធីនេះ។ យ៉ាងណាមិញ ក្រោយពី ការជម្រុះក្នុងវគ្គបុរេពន្លឿនអាជីវកម្ម, កម្មវិធីបានជ្រើសរើសធុរកិច្ចថ្មីចំនួន ៧ បានធ្វើបទបង្ហាញដល់គណកម្មការ ក្នុងថ្ងៃបទបង្ហាញ វាយតម្លៃ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។ ជាលទ្ធផល ធុរកិច្ចថ្មីចំនួន ៥ បានទទួលទុនវិនិយោគដែលមិនយកភាគហ៊ុនពីកម្មវិធី រួមមាន៖ ១. ធុរកិច្ចថ្មី Point Hub បានទទួល Top PerformanceAward ទទួលបានទុនចំនួន ៤០ លានរៀល, ២. ធុរកិច្ចថ្មី Espass បានទទួល Excellence Award មានទុនចំនួន ៣០ លានរៀល, ៣. ធុរកិច្ចថ្មី Digi-Lab និងធុរកិច្ចថ្មី BeOne HR បានទទួល Merit Award មានទុន ២០ លានរៀល, ៤. ធុរកិច្ចថ្មី Bomnorng Digital បានទទួល Honorable Mention មានទុនចំនួន ១០ លានរៀល ក្នុងនោះក្រុមដែលជាប់វគ្គផ្តាច់ព្រ័ត្រនេះ នឹងការចូលរួមក្នុងកម្មវិធី Regional Exhibition ក្នុង ខែសីហាឆ្នាំ ២០២៥ ខាងមុខ។
គួរបញ្ជាក់ផងដែរថា កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៤ ត្រូវបានរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”, ដោយមានការសហការរៀបចំដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សហគ្រិនខ្មែរ, រួមជាមួយមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ឧបត្ថម្ភពីធនាគារ វីង និង ចូលរួមគាំទ្រជាដៃគូចែករំលែក ចំណេះដឹង ពីមជ្ឈមណ្ឌលសាន់វ៉ានវានុវត្តន៍ រាជធានីភ្នំពេញ, មជ្ឈមណ្ឌលសាន់វ៉ានវានុវត្តន៍នៅប្រទេសវៀតណាម, Business Startup Support Centre, Quest Venture និង Impact Investment Exchange៕
អត្ថបទ៖ សុន រ៉ាឌី











-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន3 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoកម្ពុជា បន្តតវ៉ាជំទាស់ នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងការកាន់កាប់ទឹកដីកម្ពុជា ដាក់របាំងកុងតឺន័រ និងសាងសង់ផ្លូវចូលទៅតំបន់មួយចំនួន ក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់
-
ព័ត៌មាន1 week agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន
-
ព័ត៌មាន1 week agoក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ នគរបាលចាប់ជនបរទេសជាងពីរពាន់នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ
-
ព័ត៌មាន1 week agoក្រសួងការងារ នាំយកឱកាសការងារជិត ៣ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ផ្សព្វផ្សាយជូនដល់ពលរដ្ឋ ក្នុងខេត្តបាត់ដំបង
-
កីឡា1 week agoជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ជោគជ័យទាំងការរៀបចំ កើនទាំងគុណផលកីឡាករចូលរួម