ព័ត៌មាន
«សហរដ្ឋអាមេរិក និងកម្ពុជា ធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អ និងសម្រេចបាននូវលទ្ធផលលើការលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជនកម្ពុជា រួមទាំងចូលរួមចំណែកពង្រឹងសន្តិសុខសុខភាពសកលតាមរយៈការកាត់បន្ថយជំងឺឆ្លង»
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានស្វាគមន៍ និងថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលបានផ្តល់ជំនួយដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការទ្វេភាគីនៃសហរដ្ឋអាមេរិកនានាដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (US-CDC) និងវិទ្យាស្ថានសុខភាពជាតិនៃសហរដ្ឋអាមេរិក (NIH) ដែលភ្នាក់ងារទាំងនេះ បានសហការគាំទ្រវិស័យសុខាភិបាល ដើម្បីលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាល ដែលមានភាពធន់ នៅកម្ពុជានាពេលកន្លងមក។
ជាកិច្ចឆ្លើយតប លោកស្រី Bridgette L. Walker ភារៈធារីស្តីទីស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាលដែលបានផ្តល់ការគាំទ្រដល់គម្រោងផ្តួចផ្តើមនានារបស់សហរដ្ឋអាមេរិកនិងបានជម្រាបជូនដល់ក្រសួងសុខាភិបាល ពីការកែរសម្រួលថ្មីៗរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានកាត់បន្ថយ និងតម្រង់ទិសឡើងវិញការផ្តល់ជំនួយមួយភាគធំរបស់ភ្នាក់ងារ USAID។ នៅក្នុងស្ថានភាពនេះលោកស្រីក៏បានសង្កត់ធ្ងន់ទៅលើការតាំងចិត្តរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជាជាពិសេសក្នុងវិស័យសុខាភិបាល និងមានក្តីសង្ឍឹមថាការប្រែប្រួលនៃការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក នឹងជំនួសមកវិញនូវទម្រង់នៃការផ្តល់ជំនួយមួយដែលកាន់តែមានប្រសិទ្ធិភាព។
ជាការឆ្លើយតប ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះការប្រឹងប្រែងរបស់ភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដែលបានបារម្ភចំពោះផលប៉ះពាល់នៃការកែប្រែលក្ខខណ្ឌនៃការផ្តល់ជំនួយរបស់រដ្ឋបាលថ្មី និងបានបញ្ជាក់ពីការខិតខំអស់ពីកំលាំងកាយចិត្តធ្វើការពន្យល់ដល់រដ្ឋាភិបាលអាមេរិករហូតដល់អាចរក្សាបានគម្រោងមួយចំនួនដែលមានភាពចាំបាច់សម្រាប់ប្រជាជនកម្ពុជាដែលងាយរងគ្រោះពិសេសទាក់ទងនឹង ការងារកាត់បន្ថយជំងឺរបេង លុបបំបាត់ជំងឺគ្រុនចាញ់ និងលុបការឆ្លងរបស់ជំងឺអេដស៍។
ជាទីបញ្ចប់ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីការតាំងចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការងារឆ្លើយតបនឹងជំងឺឆ្លងដោយខ្លួនឯង និងការតាំងចិត្តទទួលខុសត្រូវក្នុងការចូលរួមជាមួយសកលលោកដើម្បី កាត់ផ្តាច់សង្វាក់នៃការឆ្លងនៃជំងឺឆ្លង ជាពិសេសជំងឺគ្រុនចាញ់ ជំងឺរបេង និងជំងឺអេដស៍ដែលកម្ពុជាបាននឹងកំពុងសម្រេចបានសមិទ្ធិផលជាទីពេញចិត្ត។ ទន្ទឹមនឹងការតាំងចិត្តនិងការទទួលខុសត្រូវ វិស័យសុខាភិបាល ក៏នៅតែស្វាគមន៍ជំនួយបន្ថែមពីដៃគូរពាក់ពន្ធ័ទាំងបច្ចេកទេសនិងថវិកាដើម្បីជំរុញលទ្ធភាព របស់ប្រព័ន្ធសុខាភិបាលបានកើនឡើងមួយកំរិតទៀត។ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ការគាំទ្រដល់ US-CDC និង NIH ដែលនៅមានសកម្មភាពបន្តរ និង ជំរុញអង្គភាពបច្ចេកទេសសុខាភិបាលក្រោមឱវាទក្រសួងសុខាភិបាលទាំងអស់បន្តរសហការល្អដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ រដ្ឋា

-
ព័ត៌មាន5 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន6 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន4 days ago
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន6 days ago
ប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ បដិសេធ ព័ត៌មានមួលបង្កាច់ របស់ អ្នកនាំពាក្យក្រសួងការពារជាតិថៃ
-
ព័ត៌មាន5 days ago
ទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់ទៅ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ
-
ព័ត៌មាន6 days ago
សាច់បង្កកលួចនាំចូលពីថៃ ជិត ១តោន បានដុតកម្ទេចចោល មុនេះ ខណៈឃាត់ខ្លួនបានមនុស្ស ៣នាក់
-
ព័ត៌មាន4 days ago
ផ្សារផលិតផលខ្មែរខេត្តកណ្ដាល បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរក្នុងស្រុក បន្លែសុវត្ថិភាព ផ្លែឈើ សាច់សត្វ អង្ករ អាហារកែច្នៃនានា