Connect with us

ព័ត៌មាន

ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នាំយក​ក្រុមហ៊ុន​ធំៗ​ទៅ​សម្ភាសន៍​ពលក​រ​ខ្មែរ​ដែល​មក​ពី​ថៃ​នៅ​ច្រកព្រំដែន ដើម្បីផ្តល់ឱកាសការងារភ្លាមៗ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការ​ជាមួយ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) តំបន់សេដ្ឋកិច្ចពិសេស ចេ ជាង (Zhejiang) សមាគមវាយនភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងរោងចក្រ Spot Tech ដើម្បី​ផ្តល់​ឱកាស​ការងារ​ភ្លាម​ៗ​ជូន​បង​ប្អូន​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បាន​មាន​ប្រសាសន៍​ក្នុង​ដំណើរ​ចុះ​សួរសុខទុក្ខបងប្អូនពលករពីប្រទេសថៃ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ថា ក្រសួង​បានរៀបចំស្តង់ពិព័រណ៌ការងារសម្រាប់តំបន់ PPSEZ, តំបន់ Zhejiang, សមាគម TAFTAC និងរោងចក្រ Spot Tech ដើម្បី​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ជ្រើស​រើស​កម្លាំង​ពលកម្ម​នៅ​តាម​ព្រំដែន​កម្ពុជា​-ថៃ។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា៖«យើងមាន PPSEZ, Zhejiang, TAFTAC និងរោងចក្រ Spot Tech សុទ្ធតែត្រូវការកម្លាំងពលកម្មច្រើនណាស់ បើសរុបទៅ ក្នុងមួយសប្ដាហ៍ យើងរើសកម្លាំងពលកម្ម ២៥ម៉ឺនកន្លែង។ ក្នុងការនោះការងារនៅក្នុងរោងចក្រមានចំនួន ២១ម៉ឺនកន្លែង ហើយ​ការ​ងារ​រោង​ចក្រ​យើង ក៏មានលក្ខខណ្ឌការងារល្អដែរ គឺមានទាំងការថែទាំសុខភាព អត្ថប្រយោជន៍ផ្សេងៗ និង​មានទាំងប្រាក់សោធននិវត្តន៍ផងដែរ»។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការនាំយកក្រុមហ៊ុនធំៗទៅសម្ភាសន៍ផ្តល់ការងារភ្លាមៗនេះ គឺ​ជាកា​រយកចិត្តទុកដាក់ដល់ពលករដែលត្រឡប់ពីប្រទេសថៃដើម្បីទទួលបានការងាភ្លាមៗ។

សូមបញ្ជាក់ថា មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះប​ណ្តាល​វិជ្ជា​ជីវៈ​ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងរង់ចាំទទួលស្វាគមន៍ និងផ្ដល់​ព័ត៌មាន​ស្ដីអំ​ពី​ឱកាស​ការងារ​ដ៏​សម្បូរបែប ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍របស់ ប.ស.ស. ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស​បង​ប្អូន​ពលករ​ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia